ក្លិប​បាល់ទាត់ UiTM F.C ដែល​កំពុង​តែ​ឈរ​បាត​តារាង​លីគ​កំពូល​ប្រទេស​ម៉ាឡេស៊ី 2021 Malaysia Super League បាន​ប្រកាស​ចុះ​កិច្ចសន្យា​នាំ​យក​កីឡាករ​ជម្រើសជាតិ​ទីម័រខាងកើត ១រូប ទៅ​កីឡដ្ឋាន Stadium Mini UITM នៅ​ថ្ងៃ​ច័ន្ទ នេះ ​​ដើម្បី​បំពេញ​កៅអី​កូតា​កីឡាករ​អាស៊ាន ក្នុង​ក្រុម ក្រោយ​ជម្រុះ​កីឡាករ​បរទេស​​ចាស់ៗ​ពី​បញ្ជី​ដល់​ទៅ​៤នាក់។​

សមាជិក​ថ្មី​រូប​នេះ​មាន​ឈ្មោះ​ថា João Pedro ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើស​ជាតិ​តាំង​ពី​ឆ្នាំ​២០១៨ មក​ម៉្លេះ។ កីឡាករ​វ័យ​២០ឆ្នាំ​រូប​នេះ ជំនាញ​លេង​នៅ​តំបន់​ស្លាប ហើយ​រូប​គេ​នឹង​ចូល​ជំនួស​​កៅអី​កីឡាករ កូនកាត់​ហ្វីលីពីន-អង់គ្លេស Adam Reed ដែល​ត្រឡប់​ទៅ​ចូលរួម​ក្លិប United City នៅ​ហ្វីលីពីន​វិញ។

អត្ថបទពាក់ព័ន្ធ៖ពាន “Stadium Of The Year 2020” បាន​​ទៅ​កីឡដ្ឋាន​មួយ​​ស្ថិត​តំបន់​អាស៊ាន​យើង

កីឡាករ João Pedro បាន​ចាប់អាជីព​ដំបូង​នៅ​ក្លិប​SLB Laulara ក្នុង​ស្រុក​កំណើត​ចន្លោះ​ឆ្នាំ​២០១៧ ដល់​២០១៩ ហើយ​ចាប់​ពី​២០១៩ ដល់​​២០២១ នេះ​រូប​គេ​បាន​ចូលរួម​ជាមួយ​ក្រុម North Bangkok University សមាជិក​លីគ​លំដាប់​ទី៣ ប្រទេស​ថៃ។ គេ​ធ្លាប់​ទាត់​បាល់​បញ្ជូល​ទី​ក្រុម​ជម្រើស​ជាតិ​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១៩ ផង​ដែរ​ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​ជើង​ឯក​ពិភពលោក ជុំ​ដំបូង​គ្រា​ដែល​ទីម័រខាងកើត ចាញ់​ ដោយ​លទ្ធផល​៤ទល់១ នៅ​ទីក្រុង​កូឡាឡាំពួរ។​

ដើម្បី​ត្រៀម​ប្រកួត​ក្នុង​ជើង​ទី២​ ក្នុង​ពានរង្វាន់ 2021 Malaysia Super League នេះ ក្លិប UiTM F.C បាន​ចុះ​បញ្ជី​កីឡាករ​បរទេស​​ថែម​២នាក់ ក្នុង​ចំណោម​៥នាក់​រួច មាន João Pedro និង​កីឡាករ​បារាំង Ousmane Fané ដែល​ធ្លាប់​ជា​សមាជិក​ក្រុម​ខ្លួន​កាល​ពី​ឆ្នាំ​២០២០ កន្លង​ទៅ។ ចំណែក​កីឡាករ​បរទេស​ដែល​នៅ​សល់​​ក្នុង​បញ្ជី​នោះ​គឺ​​ការពារ​កណ្ដាល ជនជាតិ​បារាំង Victor Nirennold។ ក្រុម​ UiTM បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​៤រូប​ រួម​មាន​Adam Reed, កីឡាករ​ក្រូអាត Dominik Picak, កីឡាករ​ហ្គាណា Nana Poku និង​កីឡាករ​លីបង់ Abou Bakr Al-Mel។

អត្ថបទពាក់ព័ន្ធ៖កីឡាករ​លេង​​នៅ​លីគ​កំពូល​អង់គ្លេស​ ម្នាក់​បដិសេធន៍​ ក្នុង​ក្រុម​​ជម្រើស​ជាតិ​ទីម័រខាងកើត ដែល​ជា​ស្រុក​កំណើត​ឪពុក​ម្ដាយ​ខ្លួន​

ឆ្លងកាត់​១១​ប្រកួត​ក្នុង​ពានរង្វាន់​លីគ​ម៉ាឡេស៊ី មក​ក្រុម UiTM ដែល​ដឹកនាំ​ដោយ​លោក Frank Bernhardt ​គ្រូបង្វឹក​ជនជាតិ​អាល្លឺម៉ង់ មួយ​នេះ​ នៅ​បាត​តារាង​ក្នុង​ចំណោម​ក្លិប​ជា​សមាជិក​ទាំង​១២ ព្រោះ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​នៅ​ឡើយ​ទេ ហើយ​ធ្លាប់​ស្មើ​បាន​១លើក និង​បរាជ័យ​រហូត​ដល់​១០លើក មាន​១ពិន្ទុ​ប៉ុណ្ណោះ​ក្នុង​ដៃ។

ប្រកួត​បន្ទាប់​ក្រុម UiTM នឹង​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​​កីឡដ្ឋាន Sultan Mizan Zainal Abidin Stadium ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​Terengganu នៅ​វេលា​ម៉ោង​៩យប់ (ម៉ោង​នៅ​កម្ពុជា) ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ​នេះ​ប្រចាំ​សប្ដាហ៍​ទី​១២ នៃ​ពាន 2021 Malaysia Super League៕

ព័ត៌មានកីឡា​នានាពីតំបន់​អាស៊ាន សូមចុចអាននៅទីនេះ…

Share.