Gillian Chung ​មាន​បញ្ហា​រឿង​ឡើង​ទម្ងន់​តាំង​ពី​ឆ្នាំ ​២០១៥​ មក​ ​ប៉ុន្តែ​ថ្មីៗ​នេះ​នៅ​កម្មវិធី​ ​Doki Doki ​ដែល​នាង​បាន​ចូលរួមជា​តារា​កិត្តិយស​​ ការ​ឡើង​​ទម្ងន់​កាន់​តែ​​ខ្លាំង​មែនទែន​រហូត​មាន​មនុស្ស​ជា​ច្រើន​ចាំ​នាង​សឹង​មិន​បាន​ព្រោះ​តែ​មុខ​ឡើង​មូល​ប៉ោង​ខ្លាំង​​​។

Gillian Chung ក្នុង​កម្មវិធី Doki Doki

​​ក្នុង​អំឡុង​ដែល​អរម៉ូន​ភេទ​របស់​នាង​មិនមាន​តុល្យភាព​ធ្វើ​ឱ្យ​តារា​ស្រី​រូប​នេះ​ឡើង​គីឡូ​រហូត​ដល់​ទៅ​ ២០​ផោន​ (ប្រមាណ៩គីឡូ​) ដោយ​ក្នុង​មួយ​ថ្ងៃ​នាង​ញ៉ាំ​អាហារ​ ៧​ដង​។ កាល​ពី​ឆ្នាំ​២០១៨​ Gillian ​បាន​តម​អាហារ​យ៉ាង​ខ្ជាប់ខ្ជួន​ព្រម​ទាំង​ហាត់​ប្រាណ​​សម្រក​គីឡូ​ ​ដើម្បី​អាច​ស្លៀក​ឈុត​រៀបការ​បាន​ស្អាត។ ប៉ុន្តែ​បញ្ហា​ភាព​តានតឹង ​និង ​តប់​ប្រមល់​បណ្ដាល​មកពី​បញ្ហា​លែងលះ​របស់​នាង​កាល​ពី​ឆ្នាំ​២០២០ ហាក់​ធ្វើ​ឱ្យ​តារា​ស្រី​រូប​ចាប់ផ្ដើម​ហក់​ឡើង​ទម្ងន់​​វិញ​។

Gillian Chung និង Charlene Choi (សមាជិកក្រុមចម្រៀង Twins)

Charlene Choi ​ដែល​ជា​ដៃ​គូ​ចម្រៀង​​របស់​របស់​ Gillian ​ត្រូវ​បាន​ពិធីករ​សាកសួរ​ពី​បញ្ហា​ឡើង​ទម្ងន់​របស់​មិត្ត​រួម​ក្រុម​នាង​​គ្រាន់តែ​និយាយ​ថា​ «Gillian គឺ​ជា​មនុស្ស​មាន​សុខភាព​ល្អ​ គ្រាន់​តែ​អរម៉ូន​របស់​នាង​មិន​នឹងន​ប៉ុណ្ណោះ​។​ ខ្ញុំ​មិន​ចង់​និយាយ​រឿង​នេះ​​​ច្រើន​ទេ​ព្រោះ​ខ្ញុំ​ខ្លាច​​ផ្ដល់​សម្ពាធ​​ឱ្យ​នាង​។ រឿង​ដែល​សំខាន់​គឺ​នាង​រីករាយ​និង​មាន​សុខភាព​ល្អ​»។

ថ្វី​ត្បិត​តែ​​បង្ហាញ​ខ្លួន​ម្ដង​នេះ​មាឌ​របស់​នាង​ធំ​ខ្លាំង​រហូត​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ក្ដី ប៉ុន្តែ​អ្នក​គាំទ្រ​នាង​មួយ​ភាគ​ធំ​បាន​ធូរ​ចិត្ត​នៅ​ពេល​ឃើញ​នាង​ហាក់​ដូច​ជា​រីករាយ​ជាង​មុន។

Gillian Chung និង ​អតីតស្វាមី

អ្នក​គាំទ្រ​ជា​ច្រើន​បាន​បង្ហាញ​នូវ​មតិ​ល្អៗ​ជា​ច្រើន​ចំពោះ​រូបរាង​ថ្មី​របស់​ Gillian ថា ​«ទោះ​ជា​មាន​សាច់​បន្តិច​មែន​តែ​នាង​នៅ​តែ​ស្អាត​ដដែល​»។ «រាង​របស់​នាង​ស្អាត​ណាស់​» «ថែម​សាច់​បន្តិច​ទៀត​អ៊ីចឹង​កាន់​តែ​ធ្វើ​ឱ្យ​នាង​គួរ​ឱ្យ​ស្រលាញ់​»​។​

Gillian ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​នាង​កំពុង​តែ​ព្យាយាម​សម្រក​ទម្ងន់​។ នាង​ថែម​ទាំង​បាន​ចែក​រំលែក​វិធីសាស្ត្រ​និង​អាហារ​សម្រក​ទម្ងន់​នៅ​លើ​បណ្ដាញ​សង្គម​ជា​មួយ​នឹង​អ្នក​គាំទ្រ​នាង​ផង​ដែរ​៕​

Share.