បុរស​សង្ហា​តារា​សម្ដែង​លោកចិនលោក Wang Leehom ​​​វ័យ៤៥​ឆ្នាំ​ ធ្លាប់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា ​មក​ដល់​​​បច្ចុប្បន្ននេះ​លោក​នៅ​ពាក់​អាវ​យឺត​ដែល​លោក​​ចូលចិត្ត​បំផុត​តាំង​ពី​លោក​​ពាក់​នៅ​​ថ្នាក់​វិទ្យាល័យ​។

តារា​​ល្បី​លោក​ Wang leehom មិន​បាន​ប្រើ​ប្រាស់​ទ្រព្យ​សម្បត្តិដែល​លោក​រក​បាន​​ដើម្បីឱ្យ​​ខ្លួន​ឯងរស់​នៅ​ស្រណុក​ស្រុក​ស្រួល​ឡើយ​ព្រោះ​ទ្រព្យ​សម្បត្តិ​រហូត​ដល់​៩០​ភាគ​រយ​របស់​លោក​ត្រូវ​បាន​បរិច្ចាគ​ដើម្បី​ការ​ងារ​មនុស្ស​ធម៌។

ក្រៅ​ពី​មាន​ Apartment តម្លៃ​១៩.៣​លាន​ដុល្លារ​ជា​កម្មសិទ្ធ​ហើយ​នោះ​ ធ្លាប់​មាន​ពាក្យ​ចចាមអារ៉ាម​ថា​លោក​មាន​ទ្រព្យសម្បត្តិ​សរុប​មិន​ជាប់​បំណុល​រហូត​ដល់​៤៨.១​លាន​ដុល្លារ​ ប៉ុន្តែ​មហាជន​មិន​សូវ​ឃើញ​លោក​ប្រើជីវិត​ជា​អភិជន​ឱ្យ​សម​ទៅ​នឹង​ឋានៈ​និង​ទ្រព្យ​សម្បត្តិ​ដែល​លោក​មាន​នោះ​ឡើយ​ ថែម​ទាំង​មាន​អ្នក​ឃើញ​លោក​ជិះ​រថយន្ត BMW ចាស់ឆ្កូត​ថ្នាំ​អាយុកាល​១៣​ឆ្នាំ​ ថែម​ទាំង​ក្នុង​កន្លែង​ចត​ឡាន​របស់​លោក​មិនមាន​ឡាន​ទំនើប​ចត​ដូច​ជា​តារា​ផ្សេងៗ​នោះ​ឡើយ​។

នៅ​ក្នុង​កម្មវិធី​មួយ​មិត្ត​សម្លាញ់​របស់​លោក​ លោក David Tao បាន​ប្រកាស​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​ភ្ញាក់ផ្អើល​ខ្លាំង​ព្រោះ​លោក​បាន​ចែក​រំលែក​ថា​នៅ​ក្នុង​ទូរ​ខោអាវ​របស់​ Wang Leehom មាន​សុទ្ធ​តែ​ស្រោម​ជើង​រហែក​។ ខណៈ​នោះ​ Wang Leehom ក៏​ស្ថិត​នៅ​កម្មវិធី​នោះ​ដែរ​ ដូច្នេះ​លោក​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​ដោះ​ស្រោម​ជើង​ ហើយ​គឺ​ពិត​ជា​ដូច​អ្វី​ដែល​បាន​លើក​ឡើង​ស្រោម​ជើង​លោក​ពិត​ជា​រហែក​ប្រាកដ​មែន​។

ការ​ពិត​សម្រាប់​លោក​គ្រាន់​តែ​ប្ដូរ​ស្រោម​ជើង​ថ្មី​គឺ​ជា​រឿងមួយ​ងាយស្រួល​ណាស់​ ប៉ុន្តែ​លោក​បែរ​ជា​ពន្យល់​នៅ​ក្នុង​ការ​សម្ភាសន៍​នោះ​ថា​ លោក​មិន​​មាន​ចំណង់​ចង់​បាន​គ្រឿង​តុប​តែង​កាយ​នោះ​ទេ​ ម្យ៉ាង​ទៀត​លោក​មិន​ចង់​ខ្ជះខ្ជាយ​ ដូច​ជា​ខោអាវ​ដាច់​រហែក​ក៏​លោក​មិន​ដាច់ចិត្ត​បោះ​ចោល​ដែរ​។

«ខ្ញុំ​នៅ​ពាក់​អាវយឺត​ដែល​ខ្ញុំ​ពាក់​តាំង​ពី​នៅ​វិទ្យាល័យ​។ សំលៀកបំពាក់៩៥​ភាគរយ​ដែល​ខ្ញុំ​ស្លៀក​ចេញ​ទៅ​ក្រៅ​ ក្នុង​កម្មវិធី​ផ្សេងៗ​សុទ្ធតែ​ខោអាវ​ខ្ចីឬស្ពន់សឺ​​ ហើយ​ស្អែក​ឡើងត្រូវ​យក​ទៅ​សង​គេ​វិញ​​ឬ​យូរ​បំផុត​ត្រឹម ​១​សប្ដាហ៍​​»

ប៉ុន្តែ​បុរស​កូន​៣ ​ដែល​សន្សំ​សំចៃ​ខ្ពស់​លើការ​ចំណាយ​និង​របស់​ប្រើប្រាស់​ផ្ទាល់​ខ្លួន​ បែរ​ជា​ចិត្ត​ល្អដូច​មហាសមុទ្រ ​ហើយ​មិន​ស្ទាក់​ស្ទើរក្នុងការ​បរិច្ចាគ​សម្រាប់​អ្នក​មាន​តម្រូវ​ការចាំបាច់​​ ដោយ​លោក​ធ្លាប់​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ទឹក​ប្រាក់ ​៩០​ភាគ​រយ​ពី​ចំណូល ​លោក​បរិច្ចាគ​សប្បុរសធម៌ ចំណែក​នៅ​សល់​១០​ភាគរយ​ទៀត​លោក​ទុក​ផលិត​និង​និពន្ធ​បទ​ភ្លេង​។

គួរ​ដឹង​ថា​លោក Wang Leehom និង​ភរិយា​ Lee Jinglei បាន​ចាប់​ផ្ដើម​ឧបត្ថម្ភ​មជ្ឈមណ្ឌល​កុមារកំព្រា​​ចំនួន​២២​កន្លែង តាំង​ពី​អ្នក​ទាំង​ពីរ​ចាប់​ដៃ​​គ្នារៀបការ​​កាល​ពី​ឆ្នាំ​២០១៣​មកម្ល៉េះ ហើយ​សង្ឃឹម​ថា​ទៅ​ថ្ងៃ​អនាគត​នឹង​ជួយ​ឧបត្ថម្ភ​កុមារ​កាន់​តែ​ច្រើន​ទៀត​​​៕

Telegram-Troryorng



Share.