រដ្ឋបាលខេត្តបាត់ដំបងបានសម្រេចអោយក្រុមហ៊ុនដឹកជញ្ជូនវីរៈ ប៊ុនថាំ ក្នុងក្រុងបាត់ដំបងអាចដំណើរការឡើងវិញ នាព្រឹកថ្ងៃទី៣ខែឧសភា ក្រោយពីធ្វើ តេស្តលើ សំណាកបុគ្គលិកចំនួន៨៨នាក់អវិជ្ជមានកូវីដ១៩ ទាំងអស់។

ការឈានទៅផ្អាកដំណើរការរបស់សាខាក្រុមហ៊ុននេះជាបណ្តោះអាសន្ននៅថ្ងៃទី០២ខែឧសភាឆ្នាំ២០២១នេះគឺបន្ទាប់ពីលទ្ធផលតេស្តរហ័សលើអ្នកបើកបរម្នាក់របស់អាជ្ញាធរខេត្ត ប៉ៃលិន បង្ហាញថា មានវិជ្ជមានកូវីដ១៩។

ក្រោយមកអាជ្ញាធរបានសម្រេចយកសំណាកបុគ្គលិទាំងអស់របស់ក្រុមហ៊ុននេះនៅបាត់ដំបង ដើម្បីធ្វើតេស្ត ដោយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់រួមទាំងអ្នកបើកបររថយន្តម្នាក់នោះផង។

ការអនុញ្ញាតឲ្យដំណើរការសាខាទាំង បួនរបស់ក្រុមហ៊ុននេះនៅក្នុងក្រុងបាត់ដំបងត្រូវបាន   អាជ្ញាធរពន្យល់ថា ដោយសារតែមិនមានពាក់ព័ន្ធនឹងតៃកុងឡានដែលអាជ្ញាធរ ខេត្ត ប៉ៃលិនរកឃើញវិជ្ជមានកូវីដ១៩នោះទេ។ ទិសដៅឡានទំលាក់អីវ៉ាន់របស់តៃកុងឡាន នេះគឺពីក្រុង ប៉ោយប៉ែត កាត់តាមផ្លូវជាតិលេខ៥៩ ទៅស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន និងទម្លាក់នៅ ខេត្តប៉ៃលិនប៉ុណ្ណោះ។

ដោយឡែក ទីតាំងការិយាល័យរបស់ក្រុមហ៊ុនដឹកជញ្ជូនមួយនេះចំនួនបីទៀតនៅស្រុកកំរៀង ភ្នំព្រឹក និង សំពៅលូន ត្រូវបានបិទខ្ទប់រយៈពេលខ្លីសិន រង់ចាំអាជ្ញាធរខេត្តប៉ៃលិន បញ្ជូនសំណាកម្តងទៀតទៅវិទ្យាស្ថាន ប៉ាស័្ទរ រឺ វិទ្យាស្ថាន សុខភាពសាធារណៈដើម្បីបញ្ជាក់ឲ្យច្បាស់លាស់នាថ្ងៃទី០៤ខែឧសភានេះ៕

Share.