ខេត្តសៀមរាបបានត្រៀមបើកទទួលភ្ញៀវទេសចរឡើងវិញ ប៉ុន្ដែអ្នកទេសចរដែលអាចចូលខេត្តសៀមរាបបានល្គឹកណាបានចាក់វ៉ាក់សាំងរួចរាល់។

លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានលើកឡើងថា អាជ្ញាធរខេត្ត កំពុងសហការជាមួយវិស័យឯកជន ដើម្បីត្រៀមខ្លួនសម្រាប់ការទទួលភ្ញៀវទេសចរណ៍បរទេសឡើងវិញ ដោយជាបឋមនឹងផ្ដោតលើភ្ញៀវទេសចរបរទេសទាំងឡាយណា ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់។

រដ្ឋបាលខេត្តសៀមរាប បានដាក់ចេញវិធានការចាំបាច់មួយចំនួនក្នុងដំណើរឈានឆ្ពោះទៅទទួលភ្ញៀវបរទេសឡើងវិញនេះ រួមមានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដល់ក្រុមបុគ្គលិករដ្ឋ និងឯកជនដែលមានការប្រឈមខ្លាំង ជាពិសេសអ្នកពាក់ព័ន្ធវិស័យទេសចរណ៍ ដូចជាបុគ្គលិកសណ្ឋាគារ ភោជនីដ្ឋាន និងអ្នកប្រកបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដូចជាអ្នករត់តាក់ស៊ី និងរ៉ឺម៉កកង់បីដែលមកដល់ពេលនេះចាក់បានប្រមាណជា៤០០នាក់រួចហើយ។

រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យក្រសួងទេសចរណ៍ពិនិត្យលទ្ធភាពទទួលទេសចរណ៍បរទេសឡើងវិញ សម្រាប់ទេសចរណ៍ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩រួចរាល់នៅត្រីមាសទី៤ ឬចាប់ពី៣ខែចុងក្រោយនៃឆ្នាំ២០២១៕

អត្ថបទ៖ មុនី វិបុលសុខ
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.