​លោក​តា​វ័យ​ ៧៧ឆ្នាំ​ Yeong Su Oh ឬ​ដែល​អ្នក​ទស្សនា​ស្គាល់​ច្បាស់​ថា​តា 001 បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ថា​លោក​កំពុង​ជួប​បញ្ហា​ ពិបាក​ទប់ទល់​នឹង​ចំនួន​ខល​ទាក់ទង​ឱ្យ​លោក​ទៅ​សម្ដែង​ បន្ទាប់​ពី​លោក​បាន​សម្ដែង​​ក្នុង​រឿង​​ភាពយន្ត​ភាគ​ដ៏​ល្បីល្បាញ​ «Squid Game»។

លោក​​បាន​​ចែក​រំលែក​នៅ​ក្នុង​កម្មវិធី​ «How Do I Play» របស់​ទូរទស្សន៍​ MBC ថា​ «ខ្ញុំ​មាន​អារម្មណ៍​ដូច​ហោះ​លើ​អាកាស រហូត​ដល់​ខ្ញុំ​ត្រូវ​ប្រាប់​ខ្លួន​ឱ្យ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​ ហើយ​រៀបចំ​ការ​គិត​ និង​រៀបចំ​ខ្លួន​ឯង​ឱ្យ​ស្រួល​បួល​។ មាន​មនុស្ស​ជា​ច្រើន​បាន​ទាក់ទង​មក​ខ្ញុំ​ ប៉ុន្តែ​ដោយ​សារ​តែ​ខ្ញុំ​គ្មាន​អ្នក​គ្រប់គ្រង​ជួយ​រៀបចំ​ការងារ​ ធ្វើ​ឱ្យ​ខ្ញុំ​ពិបាក​ក្នុង​ការ​ទប់ទល់​នឹង​ការ​ខល​ក៏ដូច​ជា​សារ​ដែល​ផ្ញើ​មក​កាន់​លោក​ រហូត​កូន​ស្រី​​របស់លោក​ត្រូវ​ចូល​មក​ជួយ​លោក​»។

តារា​សម្ដែង​ម្នាក់​ក្នុង​ចំណោម​បេក្ខជន​ទាំង​៤៥៦​នាក់​ ដែល​បាន​ចូលរួម​លេង​ក្នុង​ហ្គេម​កុមារ​បែប​មរណៈ​ដើម្បី​ដណ្ដើម​ប្រាក់​ដោះ​បំណុល​ គឺ​ជា​តួអង្គ​សំខាន់​និង​តួអង្គ​ស្នូល​ដែល​ដំណើរ​ឱ្យ​មាន​សាច់​រឿង​ដ៏​ល្បីល្បាញ​នេះ​កើត​មាន​ឡើង​។​ បុរស​វ័យ​៧៧​ឆ្នាំ​រូប​នេះ​បាន​ប្រាប់​នៅ​ក្នុង​កម្មវិធី​ខាង​លើ​ថា​លោក​ទទួល​បាន​ឱកាស​ការងារ​យ៉ាង​ច្រើន​ចាប់​តាំង​ពី​ភាពយន្ត​ «Squid Game» ចាប់​ផ្ដើម​ដាក់​បញ្ចាំង​នៅ​លើ​ Netfilx ហើយ​ផ្ទុះ​បាន​នូវ​ភាព​ល្បីល្បាញ​។

លោក​តា​ Yeong Su Oh បាន​បន្ត​លើក​ឡើង​ទៀត​ថា​ «ជីវិត​របស់​មាន​ការ​ខុស​ប្លែក​បន្តិច​ ដូច្នេះ​មិន​ថា​លោក​ចេញ​ទៅ​កាហ្វេ​ឬ​កន្លែង​ដូច​គ្នា​បែបនេះ​ ខ្ញុំ​ចាប់​ផ្ដើម​ដឹង​ខ្លួន​ថា​ខ្ញុំ​គួរ​ធ្វើ​ខ្លួន​បែបណា​ព្រោះ​មាន​គេ​ចាប់​អារម្មណ៍​ច្រើន រឿង​នេះ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា​ធ្វើ​ជា​អ្នក​ល្បី​ក៏​ពិបាក​ដូច​គ្នា​»។

មនុស្ស​រាប់​ពាន់​នាក់​ពីសហជីព​ការ​ងារ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពីពេល​ថ្មី​ៗ​នេះ​ក៏​បាន​ធ្វើ​ការ​បាតុកម្ម​ដោយ​ប្រើប្រាស់​ឈុត​ Squid Game ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​ការ​កែទម្រង់​សិទ្ធិ​កម្មករ​។ ខណៈ​ដែល​​អ្នក​និពន្ធ​និង​ដឹកនាំ​រឿង​ «Squid Game» បាន​ឱ្យ​ដឹង​ថាលោក​សរសេរ​រឿង​នេះ​ឡើង​ដើម្បី​បង្ហាញ​ពី​បញ្ហា​ជា​ច្រើន​ដែល​កើត​មាន​ក្នុង​ពិភពលោក​ក្នុង​នោះ​មាន​វិបត្តិ​សេដ្ឋកិច្ច​ដែល​កើត​មាន​ក្នុង​ប្រទេស​កូរ៉េ​ផង​ដែរ។

Telegram-Troryorng

.

Share.