កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ​ មាន​ផ្ទុះ​រឿង​មួយ​ដែលកំពុង​តែ​ក្លាយ​ជា​ប្រធាន​បទក្ដៅ​លើ​បណ្ដាញ​សង្គម​ ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​បវរកញ្ញា​កម្ពុជា​ស្លៀក​ឈុត​តំណាង​ជាតិ​ឡើង​ប្រកួត​ យ៉ាង​ណា​មិញ​ម្ចាស់​ជយលាភី​ Miss Grand Cambodia 2021 កញ្ញា​ ប៉ូ គីមថេង​សុតធីតា នៅ​ថ្ងៃ​ទី​២៤ ខែ​តុលា​ បាន​ចេញ​មក​ធ្វើ​ការ​ Live (ឡាយ) បក​ស្រាយ​ពី​បញ្ហា​នេះ​។

សូមចុចអាន ​តើ​ពិត​ទេ​? ភាគី​ថៃ​មិន​អនុញ្ញាត​ឱ្យ​បវរកញ្ញា​ខ្មែរ​ស្លៀក​ឈុត​តំណាង​ជាតិ​មាន​រូប​ប្រាសាទ​អង្គរវត្ត​

យោងតាម​ផេក​ផ្លូវ​ការ​របស់​កញ្ញា​ឯក​លេខ​១ Sothida Pokimtheng (official account) បាន​ធ្វើ​ការ​ Live ផ្ទាល់​បញ្ជាក់​ពី​មូលហេតុ​ប្ដូរ​ឈុត​តំណាង​ជាតិ​​ ដែល​​ធ្វើ​ឱ្យមាន​ការ​ជជែក​តវ៉ា​យ៉ាង​ក្ដៅ​គគុក​​ខ្លាំង​នោះ​ថា​រឿង​ហេតុ​មួយ​ចំនួន​តាម​ពិត​មិន​ធ្ងន់​ធ្ងរ​ឬ​ដូច​ទៅ​នឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ទាំង​ស្រុង​នោះ​ទេ ម្យ៉ាង​វិញ​ទៀត​ការ​ផ្លាស់ប្ដូរ​ឈុត​តំណាងជាតិ​នេះ​ក៏​មិន​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​ទាំង​ស្រុង​រហូត​ដល់​ខូច​ទ្រង់ទ្រាយ​ដើម​​នោះ​ទេ​ ប៉ុន្តែ​ការ​ប្ដូរ​​ទ្រង់ទ្រាយ​ឈុត​នេះគឺ​ក្រុម​ការងារ​គិតគូរ​​​ដល់​កញ្ញា ព្រោះ​តែ​ដើម្បី​បង្ករ​ភាព​ងាយ​ស្រួល​ដល់​កញ្ញា​ប៉ុណ្ណោះ​។

ម្ចាស់ជយលាភី​តំណាង​ខេត្ត​​បាត់​ដំបង​រូប​នេះ​ បាន​ស្រាយ​បំភ្លឺ​ថា​ ឈុត​តំណាង​ជាតិ​នេះ​គឺ​ពិត​ជា​ស្អាត​ខ្លាំង​ និង​មាន​ចំណុច​ទាក់ទាញ​ប្រាកដមែន​ ប៉ុន្តែ​ដោយ​សារតែ​ការ​តម្លើង​ឈុត​នេះ​ត្រូវ​ចាយ​ពេល​យូរ​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ចំណែក​ទម្ងន់​ក៏​ធ្ងន់​ ហើយ​ការ​ដឹក​ជញ្ជូន​ក៏​មា​ន​ការ​ពិបាក​ ចំណែក​ការ​ដើរ​បង្ហាញ​លើ​ឆាក​ដែល​មាន​វេលា​ត្រឹម​តែ​៤០វិនាទី​លើ​ឆាក​នោះ​ ប្រាកដ​ណាស់​ច្បាស់​ជា​មិន​អាច​ធ្វើ​បាន​នោះ​ទេ​ ហេតុ​នេះ​ទើប​ក្រុម​ការងារ​សម្រេច​ចិត្ត​ផ្លាស់​ប្ដូរ​ទម្រង់​និង​ទ្រង់ទ្រាយ​ឈុត​ខ្លះ​ ប៉ុន្តែ​កញ្ញា​ក៏​បាន​​បញ្ជាក់​ហើយ​បញ្ជាក់​ទៀត​ថា ក្រុមការងារ​នឹង​មិន​ធ្វើ​ឱ្យ​បាត់​បង់​ភាព​ស្អាត​និង​ទាក់ទាញ​របស់​ឈុត​នេះ​ជា​ដាច់​ខាត​។

នៅ​ក្នុង​​ការ​ Live នោះ​ដែរ​ កញ្ញា​ ប៉ូ គីមថេង​សុតធីតា ដែល​ទើប​តែ​ក្រោក​ពីឈឺ​នោះ​ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​លើក​ទឹក​ចិត្ត​និង​ជូនពរ​ឱ្យ​កញ្ញាឆាប់​ជា​​មាន​កម្លាំង​ពលំ និងគេច​ផុត​ពីជំងឺ​ដង្កាត់​នានា ព្រោះ​កញ្ញា​កំពុង​ស្ពាយ​មោទកភាព​ជាតិ​ ត្រៀម​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ក្នុង​កម្មវិធី​​ Miss Grand​ International នា​ចុង​ឆ្នាំ​២០២១ខាង​មុខ​នេះ​៕

Telegram-Troryorng
Share.