កំពង់ធំ ៖ កម្លាំងអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ក្រោមការបញ្ជារបស់ លោក ហោ ភាជ នាយរងអធិការ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ចុះអនុវត្តផ្ទាល់ដោយ លោក ចាន់ រដ្ឋា កម្លាំងសហការរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប និង លោក ឈឹម សុក្រស៊ីវត្ថា មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្វើការឃាត់បានរថយន្តដឹកឈើល្មើសច្បាប់១គ្រឿង ត្រង់ចំណុចភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅវេលាម៉ោង រសៀល ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១។

ប្រភពពីសមត្ថកិច្ចជំនាញបានឲ្យដឹងថា រថយន្តដែលឃាត់បាននោះម៉ាកសាំយ៉ុងពណ៌សពាក់ស្លាកលេខ ភ្នំពេញ2Q – 0696 ដឹកឈើប្រភេទឈើ លេខ១(ត្រសេក) ចំនួន២៨ដុំ ស្មើ ១,៨០ ម៉ែត្រគូប។

ប្រភពដដែលបានបន្តឲ្យដឹងថារថយន្តនេះ ជាកម្មសិទ្ធិរបស់ឈ្មោះងឿន ហ័ន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយ ណ៍ ខេត្តកំពង់ធំ ឈើទាំងនេះដឹកចេញពីភូមិបឹង ស្រុកសណ្ដាន់ គោលដៅយកមកលក់បន្តនៅស្រុកសន្ទុក ប៉ុន្តែត្រូវកម្លាំងសមត្ថកិច្ចឃាត់បាន។

បច្ចុប្បន្នវត្ថុតាង ត្រូវបានយកមករក្សាទុកនៅអធិការរដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប រងចាំចំណាត់ការបន្តតាមនីតិវិច្បាប់៕

Share.