នៅលើបណ្ដាញសង្គមកំពុងមានការចាប់អារម្មណ៍ខ្លាំង​ចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានចូលខ្លួនទៅបង់ប្រាក់ពិន័យ​៦ម៉ឺនរៀល នាព្រឹកថ្ងៃទី២៧ តុលា ករណីជិះម៉ូតូ​អត់ពាក់មួកសុវត្ថិភាព អំឡុងពេលប្រតិបត្តិការ​ ត្រួតពិនិត្យ​ស្ថានភាព​ទឹកជំនន់ ស្ទឹងព្រែកត្នោត ​នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។

លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បាន​លើកឡើងថា​ តាមពិតទៅ  លោកអភិបាល ក៏បានយកមួកសុវត្ថិភាពមកពាក់ដែរ  ប៉ុន្តែដោយកញ្ចក់មួកសុវត្ថិភាព ស្រអាប់ពេក ពិបាកមើលផ្លូវ  ម្យ៉ាងទៀត ដោយមានការបន្ទាន់ចុះពិនិត្យមើលស្ថានភាពជំនន់ ទឹកភ្លៀង ដើម្បីរកដំណោះស្រាយជួយប្រជាជន  អភិបាលក៏បើកម៉ូតូទៅដោយមិនបានពាក់មួកសុវត្ថិភាព  ។ 

នៅលើផេក ឧត្តមសេនីយ៍ឯក ស ថេត​ បានសរសេរថា ការណ៍ដែល​មិនបានពាក់ពួកសុវត្ថិភាព​នៅពេលនោះព្រោះថា​ ទីតាំងនោះជាទីតាំងដែលកំពុងរងគ្រោះដោយទឹកជំនន់​ ទីតាំងកំពុងប្រឈមនឹងហានិភ័យ​ ជាទីតាំងដែលកម្លាំងគណ:បញ្ជាការឯកភាពកំពុងតែជួយសង្គ្រោះប្រជាពលរដ្ឋ​ សហការគ្នាទប់ស្កាត់​ និងបញ្ជៀសទឹកជំនន់​ ជាពិសេសជា ទីតាំងដែលរដ្ឋបាលរាជធានីភ្នំពេញ​ បានបិទ​ហាមមិនឱ្យយានយន្តគ្រប់ប្រភេទធ្វើចរាចរណ៍ឆ្លងកាត់តំបន់នេះឡើយ។

កាលពីម្សិលមិញ នៅលើបណ្ដាញសង្គមបន្ទាប់ពីមានរូបភាព នៃថ្នាក់ដឹកនាំ​ជិះម៉ូតូ​មិនមានពាក់មួក​សុវត្ថិភាព អំឡុងពេល​ប្រតិបត្តិការ​ត្រួតពិនិត្យស្ថានភាព​ជំនន់ទឹកភ្លៀង​ នៅស្ទឹងព្រែកត្នោត ត្រូវបានមហាជន​ រិះគន់​រឿង​មិនពាក់មួកសុវត្ថិភាព។​ ប៉ុន្ដែក៏មាន​អ្នកប្រើប្រាស់បណ្ដាញសង្គម​ហ្វេសបុក​មួយចំនួនក៏បាន​សម្ដែង​ការយល់ឃើញផ្ទុយថា កតព្វកិច្ចបន្ទាន់ និង​ទីតាំងបិទខ្ទប់​ ហើយកិច្ចការមនុស្សធម៌​ជាកតព្វកិច្ច​ធំ ទំនងជាមានការយោគយល់លើកំហុសមួយនេះ។​

យ៉ាងណាមិញ​ ក្រោយពីរូបភាព​នៃការបង្ហោះ​ពីថ្នាក់ដឹកនាំ​ចូលខ្លួន​ទៅ​បង់ប្រាក់ផាកពិន័យ​នៅព្រឹកថ្ងៃទី២៧ តុលានេះ មហាជនក៏បាន​ចូលរួម​ផ្ដល់យោបល់វិញថា នេះជាគំរូល្អមួយ​ដល់មន្រ្តីទូទៅ ដើម្បីរួមចំណែក​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់គ្នា៕

Share.