Thursday, December 8 Login

អតីត​ខ្សែការពារ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា សុខ សុវណ្ណ បាន​​ប្រាប់​មក​ក្រុម​ការងារ​«សារព័ត៌មានត្រយង» នៅ​ថ្ងៃ​អង្គារ ទី​ ៤ ខែ​ឧសភា ឆ្នាំ​២០២១ នេះ​ថា​ម្ដាយ​ក្មេក​របស់​​ខ្លួន​​បាន​​ទទួល​មរណភាព​កាល​ពី​ពេល​ថ្មីៗ ក្រោយ​ឆ្លង​ជំងឺ​កូវីដ-១៩។

សុវណ្ណ បាន​ប្រាប់​ថា​៖«តាម​ពិត​គាត់​ទទួល​មរណភាព​តាំង​ពី​ថ្ងៃ​ទី​២១ ខែ​មេសា មក​ម៉្លេះ ប៉ុន្តែ​យើង​ខ្ញុំ​ព្យាយាម​លាក់​ពី​ប៉ាក្មេក ដែល​គាត់​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ ដែរ កុំ​ឱ្យ​ប៉ះ​ពាល់​អារម្មណ៍​គាត់។ ប៉ុន្តែ​ថ្ងៃ​នេះ​ប៉ាក្មេក​ខ្ញុំ​គាត់​បាន​ចេញ​ពី​សម្រាក​ព្យាបាល​ហើយ ទើប​មាន​ការ​ជម្រាប​គាត់ ឱ្យ​ដឹង»។

អតីត​កីឡាករ​ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង រូប​នេះ​ធ្លាប់​មក​ថា ម្ដាយ​ក្មេក​របស់​គេ​បាន​ក្នុង​បន្ទប់​សង្រ្គោះ​បន្ទាន់​តាំង​ពី​ថ្ងៃ​ទី១០ មេសា មក​ម៉្លេះ ក្រោយ​ឆ្លង​កូវីដ-១៩។

កាល​ពី​ថ្ងៃ​អង្គារ ទី​​​២០ ខែ​មេសា ឆ្នាំ​២០២១ កន្លង​ទៅ​ក្នុង​ចំណោម​សមាជិក​គ្រួសារ​១២ នាក់ របស់​សុខ សុវណ្ណ មាន​អ្នក​ឆ្លង​​កូវីដ-១៩ ​​ចំនួន​៧ នាក់​ ដោយ​ក្នុង​នោះ​មាន ប៉ាក្មេក ម៉ាក់ក្មេក ភរិយា និង​កូន​ប្រុស​ច្បង បូក​ទាំង​គ្រួសារ​អុំស្រី​៣នាក់​ទៀត។ ប៉ុន្តែ​ពេល​នេះ​មាន​សមាជិក​ខ្លះ​ជា​ពី​ជំងឺ​នេះ​អស់​ហើយ ដោយ​រង់ចាំ​ការ​យក​សំណាក​ចុងក្រោយ​តែប៉ុណ្ណោះ នៅ​សល់​តែ​អ៊ុំ​ស្រីធំ​ម្នាក់​ទៀត​ទេ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ម៉ែហ្លួង។

សូម​បញ្ជាក់​ថា​​គ្រួសារ​របស់ សុខ​ សុវណ្ណ ជា​សាច់ញាតិ​នឹង​លោក អ៊ុយ សុវណ្ណារិទ្ធ ដែល​ជា​អនុប្រធាន​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ទទួល​មរណភាព​កាល​ពី​​វេលា​ម៉ោង​១១:៣០នាទី​ថ្ងៃ​ទី១៨ ខែ​មេសា ឆ្នាំ​២០២១ ដោយ​សារ​ជំងឺ​កូវីដ-១៩។

សូម​រំលឹក​ថា​ សុខ សុវណ្ណ បាន​ប្រកាស​​នៅ​លើ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ​២០២១ ពី​ការ​ព្យួរ​ស្បែកជើង​បាល់ទាត់​ក្រោយ​ប្រឡូក​អស់​រយៈពេល​ជិត​២០ឆ្នាំ​មក​នេះ។ គេ​ធ្លាប់​លេង​ឱ្យ​ក្លិប​ភ្នំពេញក្រោន ពី​ឆ្នាំ​២០០៧ ដល់​២០១៣ ហើយ​ផ្ទេរ​ទៅ​បឹងកេត ពី​ឆ្នាំ​២០១៣ ដល់​២០១៨ ហើយ​មួយ​ឆ្នាំ​បន្ទាប់​បាន​ទៅ​ចូលរួម​ជាមួយ​ក្រុម​វិសាខា និង​នៅ​ឆ្នាំ​ជាមួយ​គ្នា​បាន​ខ្ចី​ជើង​ទៅ​ក្លិប​ភ្នំពេញ និង​ឆ្នាំ​២០២០ បាន​ចូលរួម​ជាមួយ​ភ្នំពេញក្រោន ពេញ​សិទ្ធិ​តែ​ម្តង។ នៅ​ក្នុង​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា វិញ​ សុខ សុវណ្ណ ធ្លាប់​ជាប់​ឈ្មោះ​តាំង​ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០២០ ផង​ដែរ៕

Share.

Leave A Reply