ស្ថានភាព​កូវីដ-១៩ នៅ​កម្ពុជា ឡាវ ថៃ នៅ​មាន​ទាន់​មាន​សភាព​ថមថយ​នៅ​ឡើយ​នោះ​ទេ ដោយ​ប្រទេស​ទាំង​៣​សុទ្ធ​តែ​ឈាន​ដល់​យក​កីឡដ្ឋាន​ដែល​ធ្លាប់​តែ​ប្រកួត​កីឡា មក​ធ្វើ​ជា​ទីកន្លែង​សម្រាប់​ព្យាបាល​អ្នក​ជំងឺ​​សម្រាក​ព្យាបាល​វិញ។

នៅ​កម្ពុជា ក្រសួងសុខាភិបាល​បាន​សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​បន្ថែម​ពហុ​កីឡដ្ឋាន មួយ​ទៀត​បន្ថែម​ពី​លើ​ទីតាំង​នានា ដើម្បី​ព្យាបាល​​បងប្អូន​ដែល​​ផ្ទុក​ជំងឺ​កូវីដ-១៩។ យោង​តាម​របាយការណ៍​របស់​ក្រសួងសុខាភិបាល បាន​បញ្ជាក់​ថា​គិត​ត្រឹម​ពេល​នេះ​កម្ពុជា មាន​អ្នក​ឆ្លង​សរុប​ប្រមាណ ១៦,២៩៩នាក់ ក្នុង​នោះ​មាន​អ្នកជាសះស្បើយ ចំនួន​៥,៧៩១​នាក់ អ្នក​កំពុង​ព្យាបាល ចំនួន​ ១០,៣៩៤​នាក់ និង​អ្នកស្លាប់ ១០៧​នាក់។

ដោយ​ឡែក​នៅ​ប្រទេស​ឡាវ វិញ​​រដ្ឋាភិបាល​ប្រទេស​នេះ បាន​សម្រេច​បន្ថែម​កីឡដ្ឋាន Lanexang Indoor Stadium ដើម្បី​ព្យាបាល​ជំងឺ​កូវីដ-១៩ ដល់​ពលរដ្ឋ​បាន​ឆ្លង​ជំងឺ​កូវីដ-19។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​របស់​សារព័ត៌មាន Vientiane Times។ គិត​ត្រឹម​ថ្ងៃ​អង្គារ នេះ​ថា​ប្រទេស​ឡាវ មានអ្នក​ឆ្លង​សរុប​ប្រមាណ ១០២៦​នាក់ ក្នុង​នោះ​មាន​អ្នកជាសះស្បើយ ចំនួន​៦០​នាក់ អ្នក​កំពុង​ព្យាបាល ចំនួន​ ៩៦៦​នាក់ តែ​មិន​មាន​អ្នក​ស្លាប់​នៅ​ឡើយទេ។

ងាក​ទៅ​ប្រទេស​ថៃ វិញ​អភិបាល​រាជធានី​​បាងកក លោក Aswin Kwanmuang បាន​បង្ហោះ​នៅ​ទំព័រហ្វេសប៊ុក​របស់​លោក នៅ​យប់​ថ្ងៃច័ន្ទ ទី៣ ខែ​ឧសភា ម្សិលមិញ​ថា៖​ «ពហុកីឡដ្ឋាន Chaloem Phra Kiat ដែលស្ថិតនៅក្នុង​ខណ្ឌ​ Thung Khru ត្រូវ​បានប្តូរទៅជាមន្ទីរពេទ្យនៅតាម​ទីវាល ហើយ​វានឹងអាចផ្ទុកអ្នកជំងឺបានរហូតដល់ ៤៣២នាក់»។​

សារព័ត៌មាន​ bangkokpost របស់​ថៃ បាន​បញ្ជាក់​ថា​នៅ​ថ្ងៃ​អង្គារ នេះ​ប្រទេស​ខ្លួន​មាន​អ្នក​ឆ្លង​សរុប​ប្រមាណ ៧២,៧៨៨ ​នាក់ ក្នុង​នោះ​មាន​អ្នកជាសះស្បើយ ចំនួន​៤២,៤៧៤​នាក់ អ្នក​កំពុង​ព្យាបាល ចំនួន​ ៣០,០១១​នាក់ និង​មាន​អ្នក​ស្លាប់​សរុប​៣០៣​នាក់៕

Share.