ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដែលដឹកនាំដោយលោក ចាបឌីណា នាយករដ្ឋបាលខណ្ឌ បានចុះអប់រំណែនាំ ដល់អ្នកប្រមូលផ្ដុំគ្នាផឹកស៊ី ល្មើសវិធានការរបស់ក្រសួងសុខាភិបាលនៅហាងមួយកន្លែង  យីហោប៉ាណូរ៉ាម៉ាមេគង្គ។

បើតាមលោកនាយករដ្ឋបាលរូបនេះបានឲ្យដឹងថា លោកដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះមកលើកនេះគ្រាន់តែធ្វើការណែនាំ និងអប់រំដល់ម្ចាស់អាជីវកម្មក៏ដូចជាអ្នកមកផឹកស៊ីនៅនេះកុំឲ្យប្រមូលផ្ដុំជួបជុំគ្នាដូចនេះទៀត  ដើម្បីបង្ការនិងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ19 ហើយមិនមានការបិទអាជីវកម្ម ឬឃាត់ខ្លួនមនុស្សនោះទេ។

ករណីចុះធ្វើការអប់រំណែនាំដល់ហាងយីហោប៉ាណូរ៉ាម៉ាមេគង្គនេះ ធ្វើឡើងនៅយប់រំលងអាធ្រាតឈានចូលថ្ងៃទី 31 ខែតុលាឆ្នាំ 2021 សិ្ថតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិក្នុងសង្កាត់ផ្សារកណ្ដាលទី1 ខណ្ឌដូនពេញរាជធានីភ្នំពេញ។

គួររំលឹកថា រដ្ឋបាលរាជធានីភ្នំពេញ ដែលមានឯកឧត្តម ឃួង ស្រេងជាគណៈបញ្ជាការឯកភាពរាជធានី បានចេញសេចក្ដីប្រកាសឲ្យផ្អាកអាជីវកម្មបង្ករការហានិភ័យឆ្លងមេរោគកូវី19នឹងកាជួបជុំមួយចំនួន ដូចជាខារ៉ាអូខេ បារឌីស្កូ ក្លឹបកំសាន្ត ជាដើមរយៈពេល 14 ថ្ងៃបន្តទៀត ដោយគិតចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២១។ លោកក៏បានប្រកាសថាហាមមនុស្សមិនឲ្យជួបជុំគ្នាលើសពី50នាក់ ជៀសវាងបង្ករការហានិភ័យទៅដល់ការឆ្លងរីករាលដាលនិងបង្កើតជំងឺ covid 19ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ៕

Share.