ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍នៅតែជាឃាតករលាក់មុខ នៅលើដងផ្លូវ។ បុរសម្នាក់បានស្លាប់ នៅលើដងផ្លូវក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូស្មាស់រីវ៉ូមួយគ្រឿងបើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវដួងងៀប ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏បានវ៉ារថយន្តមួយគ្រឿងហើយក៏បានជ្រុលចង្កូតទៅបុកម៉ូតូឌ្រីមសង់ពណ៌ខ្មៅ1គ្រឿងជិះគ្នាពីរនាក់ ដែលបើកបញ្ច្រាសផ្លូវគ្នា បណ្ដាលឲ្យដួលពេញផ្លូវ។ 

ចំពោះអ្នកបើកបរម៉ូតូស្មាស់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ រីឯអ្នកបើកបរម៉ូតូឌ្រីមសង់ភេទប្រុសរបួសធ្ងន់ ចំណែកអ្នកជិះនៅខាងក្រោយភេទស្រីរបួសបាក់ជើងត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ នេះជាការបញ្ជាក់អ្នកដែលបានឃើញហេតុការណ៍។

សពជនរងគ្រោះមានឈ្មោះប៉ូ អែម ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅនឹងធ្វើការនៅភ្នំពេញជាជាងសំណង់ ហើយមានស្រុកកំណើតឯឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀងឯណោះ។

ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើង នៅយប់ថ្ងៃទី 30 ខែតុលាឆ្នាំ 2021 តាមបណ្ដោយផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យទី3 ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ ផ្លូវគោកក្រុងភ្នំពេញបានចុះដល់ទីតាំងកន្លែងកើតហេតុធ្វើការវាស់វែង យកម៉ូតូទាំងពីរយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកក្រុងភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ចំណែកសពជនរងគ្រោះប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ 

Share.