Kimberly វិលមកជួបដៃគូចាស់ James Ma នៅក្នុងរឿង «ស្នេហាពីរ» របស់ CH3 ថៃ ដោយរឿងថ្មីនេះគ្រាន់តែបង្ហោះឈុតខ្លី (Teaser) ចេញមកភ្លាមធ្វើឱ្យអ្នកគាំទ្រចង់មើលយ៉ាងខ្លាំងជាពិសេសឈុតឆាកស្នេហាដែល Kimberly ហ៊ានសម្ដែងខ្លាំងខុសពីរឿងមុនៗដែលធ្លាប់បានសម្ដែងដោយមិនក្រែងចិត្តសង្សារកំលោះ Mark Prin សូម្បីបន្តិច!


រឿងភាគថ្មីនេះនិយាយពីតួអង្គកូនភ្លោះដែលសម្ដែងពីររូបដែលមានអត្តចរិតនិងបុគ្គលិកលក្ខណៈខុសគ្នាដូចមេឃនិងដី ដោយតួអង្គកូនភ្លោះសម្ដែងដោយ Kimberly ចំណែក James Ma វិញសម្ដែងតួអង្គពោះម៉ាយដែលធ្លាប់រៀបការម្ដងតែលែងលះគ្នាដោយសារខ្វែងគំនិតគ្នា។ រឿងនេះមិនមែនជារឿងកូនភ្លោះធម្មតាដែលតួប្រុសមើលមិនដឹងថាតួស្រីជាកូនភ្លោះ ព្រោះក្រៅពីបែងចែកបានហើយ ថែមទាំងពូកែរៀបផែនការ និងមិនត្រចៀកស្រាលដូចរឿងថៃដែលហ្វេនធ្លាប់ទស្សនានោះទេ។
សូមចុចត្រង់នេះ៖ ហ្វេនអន្ទះសារ! ស្រីស្អាត៣រូបនេះម្នាក់ណាជាតួឯកស្រីក្នុងរឿងថ្មីរបស់ ខាត់ វ៉ៃហាំង

នេះជារឿងទីពីរហើយដែលអតីតដៃគូសម្ដែងរឿង «មនុស្សប្រុសម្នាក់នេះមិនមែនមនុស្សពិសេស» Kimberly និង James Ma បានវិលមកសម្ដែងរួមគ្នាវិញ។ វិលមកដល់រឿងថ្មីនេះ Kimberly ធ្លាប់និយាយលេងបន្លំមែនថា កញ្ញាសម្ដែងឈុតស្នេហារឿងនេះដើម្បីសងសឹកមិត្តប្រុស Mark Prin ដែលសម្ដែងឈុតឆាកស្នេហាជាមួយនឹងតួស្រីរឿង My Husband in Law ជាងនោះទៀត Kimberly ថែមទាំងក្លាហានហ៊ានបបួលសង្សារខ្លួន ឱ្យទស្សនាឈុតឆាកស្នេហាដែលខ្លួននឹងសម្ដែងក្នុងរឿងនេះផងដែរ។
រឿងភាគ «ស្នេហាពីរ» នេះនឹងមានបញ្ចាំងជូនទស្សនារៀងរាល់ថ្ងៃពុធ និង ព្រហស្បតិ៍ វេលាម៉ោង ៨និង៣០នាទីយប់ ដោយចាប់ផ្ដើមបញ្ចាំងភាគដំបូងនៅ ថ្ងៃទីពុធ ទី៥ ខែឧសភា ស្អែកនេះហើយនៅលើកញ្ចក់ទូរទស្សន៍ CH3៕