អាជ្ញាធរខេត្តកោះកុង មន្រ្តីជំនាញផ្នែកបរិស្ថាន ដែនដី កសិកម្ម និងអាជ្ញាធរស្រុកស្រែអំបិលចុះពិនិត្យមើលលើទីតាំងដែលមានគេដាក់គ្រឿងចក្រឈូឆាយដីព្រៃកោងកាងលិចទឹកនៅចំណុចអង្កាំ ឃុំស្រែអំបិល។

១ថ្ងៃក្រោយមានបណ្តាញសារព័ត៌មានបានចុះផ្សាយជាបន្តបន្ទាប់ ករណីមានឈ្នួញធ្វើសកម្មភាពឈូសឆាយដីព្រៃកោងកាងយ៉ាងណាអធិបតេយ្យនៅភូមិចំការក្រោម ឃុំស្រែអំបិល ស្រុកស្រែអំបិល គេសង្កេតឃើញលោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុងដឹកនាំក្រុមការងារជំនាញចុះមានចំណាត់ការភ្លាមៗផងដែរ។

លោក សុខ សុទ្ធី អភិបាលរងខេត្ត បានឱ្យដឹងនៅរសៀលថ្ងៃទី៤ ឧសភា នេះថា តាមការពិនិត្យលើទីតាំងដីជាក់ស្តែងដែលរងផលប៉ះពាល់ដោយមន្រ្តីបរិស្ថានដី គឺកាលពីមុនធ្លាប់សិក្សាកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះរបស់ក្រសួងបរិស្ថាន។ 

លោកអភិបាលរងខេត្តរូបនេះ បានលើកឡើងទៀតថា ផ្ទៃដីរួមរងការបំពានទំហំ១,៣៧ហិចតា រីឯមុ្ចាស់ដីកំពុងឱ្យរដ្ឋបាលស្រុកស្រែអំបិលទាក់ទងទៅ ដើម្បីឱ្យពួកគេបំពេញឯកសារស្នើសុំដាក់ពាក្យចុះបញ្ជីដីតាមនីតិវិធីច្បាប់។ ករណីមានការអភិវឌ្ឍន៍ ឬធ្វើការវិនិយោគលើដីធ្លីត្រូវសាមីខ្លួនស្នើសុំការអនុញ្ញាតឱ្យបានត្រឹមត្រូវតាមច្បាប់។

លោក សុខ សុទ្ធី បានបន្ដថា ដោយទីតាំងដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង ប៉ុន្តែបច្ចុប្បន្នដីក្នុងតំបន់ខាងលើ ត្រូវបានកាត់ឆ្វៀលដីចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះចេញរួចរាល់តាមអនុក្រឹត្យលេខ៣០អនក្រ.បកចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២១កន្លងទៅ ពោលគឺពលរដ្ឋអាចប្រើប្រាស់អាស្រ័យផលបាន។ 

 អត្តបទៈ សិទ្ធី
កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Share.