​កម្មវិធី​បុណ្យ​ Halloween របស់​ជាតិ​សាសន៍​អ៊ឺរ៉ុប​ដែល​បាន​ប្រារព្ធ​ឡើង​រៀងរាល់​ថ្ងៃ​ទី​៣១​ ខែ​តុលាជា​រៀងរាល់​ឆ្នាំ​បាន​បញ្ចប់​ទៅ​ហើយ​ ​​នៅ​ឡើយ​​រឿង​រ៉ាវ​ដ៏​ក្ដៅ​គគុក​ពាក់ព័ន្ធ​នឹង​​ការ​តុបតែង​ខ្លួន​របស់​តារា​អនឡាញ​ពីរ​រូប ​ម្នាក់​​ជា​​ខ្មែរ​ ​​ឯ​ម្នាក់​ទៀត​នៅ​ថៃ​ ​​អ្នក​​ទាំង​ពីរ​​​​​កំពុង​តែ​​រង​ព្រនង់​ពី​តុលា​ការ​​​ហ្វេស​ប៊ុក​​ដូច​គ្នា​ ព្រោះ​តែ​​លេង​សើច​ខ្វះ​ការ​ពិចារណាក្នុង​ថ្ងៃ​បុណ្យ​ហាឡូវីន ​(Halloween) ដោយ​​ម្នាក់​​ប្រើប្រាស់​រូប​ភាព​តុប​តែង​​ជា​​សង្ឃ និង​​ម្នាក់​ទៀត​ជា​ព្រះ​ពុទ្ធ​ដើម្បី​ទាញ​ចំណាប់​អារម្មណ៍​។​

តារា​ហ្វេសប៊ុក​និង​Tiktok ខ្មែរ​ឈ្មោះ​ ភី សម័យ​ បាន​បង្ហោះ​វីដេអូ​ខ្លី​នៅ​លើ​ Tiktok របស់​ខ្លួន​ ដែលវីដេអូ​នោះ​មាន​ម្នាក់តុប​តែង​ខ្លួន​ជា​ខ្មោច​តែ​គ្រង​ចីវរ​ ព្រម​ទាំង​រាំ​ញាក់​តាម​ចង្វាក់​តន្ត្រី​ រហូត​បង្ករ​ឱ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​ពុទ្ធសាសនិកជន​ សូម្បី​តែ​ព្រះ​សង្ឃ​ល្បី​ឈ្មោះ​ព្រះតេជព្រះ​គុណ​ ហាក់​ សៀងហៃ​ ក៏​ព្រះ​អង្គ​មិន​អាច​នៅ​ស្ងៀម​ចេញ​មក​មាន​សង្ឃ​ដី​ការ​ចំពោះ​វីដេ​អូ​នេះ​នៅ​លើ​ផេក​និង​គណនី​របស់​ព្រះអង្គ​ ផ្ញើ​ជូន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​ចែង​ទៅ​តាម​ច្បាប់​របស់​រដ្ឋ​។

យ៉ាង​ណា​មិញ​កញ្ញា ភី សម័យ​ ក្រោយ​មើល​ឃើញ​មតិ​រិះគន់​ពី​សំណាក់​សាធារណជន​ ក៏​ដូច​ជា​ព្រះតេជគុណ​ ហាក់​ សៀងហៃ​រួច កញ្ញា​និង​ដៃ​គូ​បាន​ចេញ​មក​សូម​អភ័យ​ទោស​និង​យោគយល់​អធ្យាស្រ័យ​ចំពោះ​ទង្វើ​ខ្វះ​វិចារណញ្ញាណ​របស់​ខ្លួន​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាសនា​ព្រះ​ពុទ្ធ។ក្រោយ​ពេល​ដែល​កញ្ញា ភី សម័យ​ បាន​ចេញ​មក​ Live សុំ​ទោស​ព្រះ​តេជព្រះគុណ ហាក់​ សៀងហៃ​ ​មិន​មាន​សង្ឃ​ដី​ការ​​អ្វី​ឬ​យោបល់​ណា​ឡើយ​ ​ព្រោះ​មាន​ពាក់ព័ន្ធ​នឹង​ផ្លូវ​ច្បាប់​។

ងាក​ទៅ​មើល​ប្រទេស​ជិត​ខាង​ឯណោះ​វិញ​តារា​ហ្វេសប៊ុក​ភេទ​ទី​បី​ ឈ្មោះ​ Nisamanee ឬ​ Nutt ក៏​ត្រូវ​បាន​ជនជាតិ​ថៃ​រិះគន់​ធ្ងន់​ៗ​ដែល​តុប​តែង​មុខ​និង​សំលៀក​បំពាក់​ជា​ព្រះពុទ្ធ​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ Halloween ដោយ​សាមី​ខ្លួន​បាន​បង្ហើប​ថា​៖ «​ការ​ធ្វើ​ Halloween ឆ្នាំ​នេះ​គឺ​ជា​អ្វី​មួយ​ថ្មី​សម្រាប់​ខ្ញុំ​ ព្រោះ​មិន​គ្រាន់​តែ​មិន​តែង​មុខ​ខ្មោច​ ប្រឡាក់​ឈាម​ តែ​ Concept ជ្រាល​ជ្រៅ​ជាង​មុ​ន ដែល​មើល​ទៅ​ត្រូវ​តែ​​ខ្លួន​ដោយ​គ្រឿង​អស្ចារ្យ​ប៉ុន្តែ​ជា​ការ​ផ្លាស់​ប្ដូរ​ការ​យល់​ឃើញ​ជា​មួយ​នឹង​អ្នក​ផ្សេង​ ពាក់ព័ន្ធ​នឹង​ជំនឿ​ គឺជា​រឿង​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ ព្រោះ​មនុស្ស​គ្រប់​គ្នា​មាន​ជំនឿ​រៀងៗ​ខ្លួន​ ហើយ​​​នៅ​ពេល​មាន​អ្វី​ដែល​មិន​ត្រូវ​ចិត្ត​ខ្លួន​តើ​ត្រូវ​ធ្វើ​បែប​ណា​ចំពោះ​រឿង​នោះ​។​» តារា​រូប​នេះ​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ «គ្រប់​ការ​តុបតែង​ខ្លួន​របស់​ខ្លួន​គឺ​​ធ្វើ​ដោយ​ការ​តាំង​ចិត្ត​ពីមួយ​ទៅ​មួយ​ បណ្ដាក់​ទុន​ទាំង​ទឹក​ចិត្ត​និង​កម្លាំង​ពេញ​ទំហឹង​ ដោយ​មិន​មើល​ងាយ​អ្នក​ដទៃ​រហូត​ទៅ​»

យ៉ាង​ណា​មិញ​ការ​លើក​ឡើង​របស់​តារា​ភេទទី៣​រូប​នេះ​ មិន​ត្រូវ​បាន​សាធារណជន​គាំទ្រ​នោះ​ឡើយ​ ដោយ​ភាគច្រើន​បាន​រិះគន់​ចំពោះ​តារា​រូប​នេះ​ថា​បាន​ «កំពុង​តែ​លលេង​​នឹង​នរក​ហើយ​​» «ខ្ញុំ​គិត​ថា​មិន​គួរ​នោះ​ទេ​» «មាន​គំនិត​ច្នៃ​ប្រឌិត​តែ​ធ្វើ​ខុស​កាលៈទេសៈ​» «អ្នក​ណា​មិន​ជឿ​មិន​អីទេ​ប៉ុន្តែ​ខ្ញុំ​ធ្លាប់​រស់​នៅ​វត្ត​ ការ​ធ្វើ​បែប​នេះ​កំពុង​តែ​យក​គ្រូ​បាអាចារ្យ​មក​លេង​សើច​» «ធ្វើ​បែប​នេះ​ប្រៀប​ដូច​ជា​យក​រូប​ព្រះពុទ្ធ​មក​តុបតែង​មិន​សមរម្យ​ មិន​ដឹង​អ្នក​ផ្សេង​ជឿ​ឬ​អត់​ តែ​សម្រាប់​ខ្ញុំយល់​ថា​​ទី​បញ្ចប់​ទុក​ឱ្យ​វេន​កម្ម​ជា​អ្នក​កាត់​ក្ដី​ចុះ​»

គួរ​ដឹង​ដែរ​ថា​កន្លង​មក​ តារា​ភេទ​ទីបី​ថៃ ​រូប​នេះ​ធ្លាប់​តុប​តែង​ខ្លួន​ជា​ ខ្មោច​ម៉ាំមី​ ព្រះនាង​គង់ស៊ីអ៊ឹម ព្រះម៉ែកាលី​ជា​ដើម​ ប៉ុន្តែ​មក​រង​ការ​រិះគន់​ខ្លាំង​គឺ​នៅ​ពេល​ដែល​នារី​កែ​ភេទ​រូប​នេះ​បាន​តុប​តែ​ងខ្លួន​ជា​ព្រះ​សម្មាសម្ពុទ្ធ​៕

Telegram-Troryorng

Share.