បុរសម្នាក់ជាអ្នកផឹកបាត់ខ្លួនយប់២យប់៣ថ្ងៃ ស្រាប់តែគេប្រទះឃើញសពអណ្តែតទឹកត្រពាំង ក្នុងសភាពហើមស្អុយទៅហើយ បង្កឲ្យមានភាពភ្ញាក់ផ្អើល កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅត្រពាំងទឹកមុខផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិ ឃ្លះសណ្តាយ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមាន ឈ្មោះ ឌុច រដ្ឋា ភេទប្រុស អាយុ៤០ឆ្នាំ ជាបុរសពោះម៉ាយ រស់នៅផ្ទះតែម្នាក់ឯងនៅក្នុងភូមិកើតហេតុ ។ជនរងគ្រោះតែងផឹកស្រាជាប្រចាំ តាំងពីក្រោយលែងលះជាមួយប្រពន្ធរួចមក ។

លោក ឌុច រតនា អាយុ៤១ឆ្នាំ មុខរបរ លក់ដូរ ត្រូវជាបងប្រុសបង្កើត របស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះជាប្អូនពៅរបស់គាត់ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ តែងផឹកស្រាជាប្រចាំ កន្លងមកគាត់នាំឲ្យដើរលក់ឥវ៉ាន់ជាមួយ គ្រាន់បានកម្រៃ តែមួយរយៈនេះ ផ្អាកមុខរបរលក់ដូរ នៅផ្ទះគិតតែពីផឹក ។

ប្រភពបន្តទៀតថា នៅយប់ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១ ជនរងគ្រោះអង្គុយផឹកស្រាម្នាក់ឯងលើរ៉ឺម៉កឥវ៉ាន់ បងប្អូនមិនចាប់អារម្មណ៍ ព្រោះជាទម្លាប់ទៅហើយ ក៏នាំគ្នាចូលដេកសម្រាកអស់ទៅ។ ស្រាប់តែនៅព្រឹកថ្ងៃបន្ទាប់ មិនឃើញជនរងគ្រោះ ក៏នាំគ្នាដើរស្វែងរកដែរ តែមិនឃើញ ។រហូតដល់ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មានធំភាយក្លិនស្អុយ ចេញពីមាត់ត្រពាំងទឹក ទើបនាំគ្នារកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ស្លាប់អណ្តែតទឹកត្រពាំង បង្កឲ្យឆោឡោដល់អ្នកជិតខាង ។

បើតាមការសន្និដ្ឋាន ជនរងគ្រោះ អង្គុយផឹក ស្រវឹងធ្លាក់ពីលើរ៉ឺម៉កចូលទឹក លង់ស្លាប់ រហូតទាល់តែធំក្លិន ទើបនាំគ្នាភ្ញាក់ផ្អើល ។

ក្រោយពីប្រទះឃើញសពជនរងគ្រោះ សមត្ថកិច្ច អាជ្ញាធរ បានចុះទៅពិនិត្យនិងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាលង់ទឹកស្លាប់ រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.