
លោក Jose Mourinho ដែលទើបតែចែកផ្លូវគ្នាជាមួយក្លិបបាល់ទាត់Tottenham Hotspur F.C កាលពីចុងខែមេសា កន្លងទៅ ពេលនេះរកការងារថ្មីបានហើយ គឺទៅដឹកនាំក្លិបបាល់ទាត់ AS Roma នៅលីគកំពូលប្រទេសអ៊ីតាលី Serie A។ នេះបើតាមការបង្ហោះរបស់ក្លិបបាល់ទាត់ Roma នៅយប់នេះអង្គារ នេះ (ម៉ោងនៅកម្ពុជា) លើបណ្តាញសង្គម Twitter របស់ខ្លួន។
អត្ថបទពាក់ព័ន្ធ៖ក្ដៅៗ ក្លិប Spur បញ្ចប់កុងត្រាលោក Jose Mourinho
បើតាមសារព័ត៌មាន eurosport បុរសជនជាតិព័រទុយហ្គាល់រូបនេះ នឹងដឹកនាំក្រុម Roma រហូតដល់ឆ្នាំ២០២៤ ខាងមុខ។ ដំណើរទៅដល់របស់លោក Mourinho គឺប្រកាសប៉ុន្មានម៉ោងក្រោយ Roma ប្រកាសចែកផ្លូវនឹងអ្នកចាត់ការទូទៅក្រុមចាស់លោក Paulo Fonseca។
អ្នកចាត់ការក្រុមវ័យ៥៨ឆ្នាំរូបនេះ ធ្លាប់ជោគជ័យនៅទឹកដីអ៊ីតាលី ម្តងរួចមកហើយ កាលពីដឹកនាំក្រុម Inter Milan ចន្លោះឆ្នាំ២០០៨ ដល់២០១០។ កាលណោះលោកជួយឱ្យក្រុមឈ្នះជើងឯក Serie A ២ឆ្នាំជាប់គ្នា នៅឆ្នាំ២០០៨-០៩ និង២០០៩-១០ ព្រមទាំងឈ្នះជើងឯកពាន Coppa Italia នៅឆ្នាំ២០០៩-១០ ឈ្នះពាន Supercoppa Italianaឆ្នាំ២០០៨ និងឈ្នះជើងឯកទ្វីបអឺរ៉ុប UEFA Champions League ឆ្នាំ២០០៩-១០។

មុនទៅដល់ Roma លោក Mourinho ធ្លាប់ដឹកនាំក្រុម Benfica នៅស្រុកកំណើត ឆ្នាំ២០០០ មុនបន្តដឹកនាំក្រុមUnião de Leiria និងទៅដឹកនាំក្រុម Porto។ ឆ្នាំ២០០៤ លោកចេញទៅដឹកនាំក្លិប Chelsea នៅអង់គ្លេស មុនចាកចេញនៅឆ្នាំ២០០៧ នៅឆ្នាំ២០០៨ ដល់២០១០ ទៅដឹកនាំ Inter Milan ហើយពីឆ្នាំ២០១០ ដល់២០១៣ ធ្វើដំណើរទៅទឹកដីអេស្ប៉ាញ ដឹកនាំក្លិបយក្ស Real Madrid ហើយឆ្នាំ២០១៣ ដល់២០១៥ ត្រឡប់ទៅ Chelsea វិញ។ ពីឆ្នាំ២០១៦ ដល់២០១៨ លោកដឹកនាំក្លិប Manchester United និងបន្តដឹកនាំក្រុមTottenham Hotspur ពីឆ្នាំ២០១៩ ដល់២០២១៕
