បទ​ចម្រៀង​ «Are You Ok?» របស់​តារា​ចម្រៀង​ តន់ ចន្ទសីម៉ា ដែល​ធ្លាប់​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​សំណាក់​សាធារណជន​ បាន​កែសម្រួល​រូបភាព​វីដេអូ​និង​កាត់​ចោល​ពាក្យ​ពេចន៍​ខ្លះ​ចេញ​។ ក្រោយ​កែ​សម្រួល​បាន​រួច​រាល់ឆ្លើយ​តប​ទៅ​នឹង​ការ​រិះគន់​ ​និង​ទទួល​បាន​ទិដ្ឋាការ​​ពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ​ បទ​នេះ​បាន​បង្ហោះ​​ចេញ​ឱ្យ​អ្នក​គាំទ្រ​ស្ដាប់​និង​ទស្សនា​នៅ​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១ គិត​មក​ដល់​ត្រឹម​ម៉ោង​ ៤​ល្ងាច​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកានេះ​ «Are You Ok» មាន​ចំនួន​ទស្សនា​កើន​ដល់​ជាង​៥​លាន​ដងហើយ​។ ជា​ពិសេស​បទ​ចម្រៀង​នេះ​​មិន​ត្រឹម​តែកំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ​ ប៉ុន្តែ​បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​កូន​ខ្មែរ​មួយ​នេះកំពុង​តែ​ផ្ទុះ​បាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់អ្នក​គាំទ្រ​នៅ​ក្រៅ​ប្រទេស​ផងដែរ។

បទ​ចម្រៀង​ល្បី​លើ​ Tiktok  មួយ​នេះ​កំពុង​ពេញ​និយម​ខ្លាំង​និងមាន​ការ​ចាប់​អារម្មណ៍ច្រើន​លើសលប់ពី សំណាក់​អ្នក​គាំទ្រ​ជាតិ​និង​អន្តរជាតិ​ ​រហូត​សារព័ត៌មាន​ប្រទេស​ថៃ​បាន​យក​ទៅ​ចុះ​ផ្សាយ​លើក​សរសើរ​​​យ៉ាង​ព្រោង​ព្រាត។

បទ​ចម្រៀង​​មួយ​នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​នៅ​លើ​សារព័ត៌មាន​ Komchadluek, Line Today និង​ The People បាន​ចុះ​ផ្សាយ​ថា​បទ​ចម្រៀង​នេះ​​ល្បីល្បាញ​ណាស់​នៅ​លើ App Tiktok ហើយ​ក៏​ជា​បទ​ចម្រៀង​ viral ដែល​មាន​អ្នក​យក​ទៅ​ Cover ទូទាំង​ពិភពលោក​។

សារព័ត៌មាន​ថៃ​ក៏​បាន​ផ្សាយ​ឱ្យ​ដឹង​ដែរ​ថា​ បទ​ចម្រៀង​រាំ​កាច់​ចង្វាក់​សប្បាយ​ៗ​ដែល​ក្រុម​អ្នក​លេង​ Tiktok យក​ទៅ​ Design និង​បង្កើត​ក្បាច់​រាំ​ផ្សេង​ៗ​គ្នា​រហូត​មាន Content Creator ថត​ជា​វីដេអូ​មក​ប្រកួត​ប្រជែង​គ្នាជុំវិញ​ទូទាំង​ពិភពលោកនោះ​​ ក៏​មាន​ ​Idol កូរ៉េ​ ក៏​យក​បទ​ចម្រៀង​នេះ​ទៅ​ Cover ​រាំ​ដូច​គ្នា​ដែរ​។

យោងតាម​សារព័ត៌មាន​ Komchadluek ​បាន​រៀបរាប់​ពី​ប្រវត្តិបទ ​ «Are You Ok» ថាជា​បទ​ចម្រៀងមាន​ប្រភព​ចេញ​ពី​ប្រទេស​កម្ពុជា​​ច្រៀង​ដោយ​​តារា​ចម្រៀង​ល្បី​ តន់ ចន្ទសីម៉ា​ ដែល​ជា​តារា​ចម្រៀងប្រចាំ​ផលិតកម្ម​ Galaxy Navatra ​ ជាពិសេស​បទ​នេះ​គឺជា​​ស្នាដៃ​និពន្ធ​ទំនុក​ភ្លេង​និង​ទំនុក​ច្រៀង​ដោយ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត់ត្រា CEO របស់​ផលិតកម្ម Galaxy Navatra ​និង​ជា​ មហាសេដ្ឋី​អចលនទ្រព្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

គួរ​ដឹង​ថា​ MV បទ​ចម្រៀង​ «Are You Ok» ដែល​បាន​កែ​សម្រួល​ទាំង​វីដេអូ​និង​ខ្លឹម​សារ​ខ្លះ​ថ្មី​នេះ​ ទទួល​បាន​ការ​សាទរ​និង​សរសើរ​ច្រើន​៕

Telegram-Troryorng
Share.