មុននេះបន្តិចក្លិប Al Sadd របស់ប្រទេសកាតារបានចេញសេចក្តីថ្លែការណ៍ប្រកាសអំពីការចាកចេញរបស់ Xavi Hernandez ដោយក្លិបបានយល់ព្រមលើការអនុញ្ញាតឲ្យគាត់វិលត្រលប់ទៅដឹកនាំក្លិប Barcelona បន្ទាប់ពីផ្តាច់កុងត្រាមុនថ្ងៃកំណត់។

លោក Turki Al-Ali នាយកប្រតិបត្តិក្លិប Al Sadd បានលើកឡើងថា៖ “Xavi គាត់គឺជាផ្នែកមួយដ៏សំខាន់ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប ហើយយើងទាំងអស់គ្នាសូមជូនពរឲ្យគាត់ទទួលបានជោគជ័យ ចំពោះការចាកចេញមួយនេះ”។

ក្រោយបណ្ដេញលោក​ Ronald Koeman ចេញបច្ចុប្បន្នក្រុមដែលមានមូលដ្ឋាននៅទឹកដីកាតាឡាន់មួយនេះមិនទាន់មានគ្រូបង្គោលផ្លូវការនៅឡើយទេដោយយកគ្រូបង្វឹកមកពីក្រុម Barcelona ឈុត B លោក Sergi Barjuan មកដឹកនាំជាបណ្ដោះអាសន្ន។

គួររំលឹកថា Xavi បង្ហាញខ្លួនជាកីឡាករបាល់ទាត់លើដំបូងឲ្យ FC Barcelona នៅឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០១៥ ដោយបង្ហាញខ្លួនសរុប ៧៦៧ប្រកួតហើយស៊ុតបញ្ចូលទី៥៨គ្រាប់ ដោយឈ្នះពានរង្វាន់ LaLiga ៨សម័យ, Copa del Rey ៣សម័យ, Supercopa de España ៦សម័យ, UEFA Champions League ៤សម័យ, UEFA Super Cup ២សម័យ និង FIFA Club World Cup ២សម័យផងដែរ។

អតីតខ្សែបម្រើជើងចាស់វ័យ ៤១ឆ្នាំរូបនេះបានសម្រេចចិត្តចូល​និវត្តន៍ពីអាជីពបាល់ទាត់ក្រោយបញ្ចប់រដូវកាល ២០១៧/២០១៨ ជាមួយក្លិប Al-Sadd ហើយ​បន្តការងារជា​គ្រូ​បង្វឹក​រហូតមកដល់បច្ចុប្បន្ន​។ 

Telegram-Troryorng
Share.