បន្ទាយមានជ័យ៖ ទឹកស្រករដូវត្រីត្រូវ ប្រជាពលរដ្ឋជិតមួយពាន់នាក់ ដោយរយៈពេល៤ ទៅ៥ថ្ងៃមកនេះ បាននាំគ្នាសម្រុកទៅរកត្រីនៅអូរខៃដនចំណុច ទំនប់ចិន ស្ថិតនៅក្នុងភូមិរតនសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ការសម្រុកទៅរកត្រីជាលក្ខណៈគ្រួសារ របស់ប្រជាពលរដ្ឋនាំគ្នាសម្រុកទៅរកត្រី បានត្រីជាច្រើនប្រភេទ ដោយប្រើប្រាស់សម្ភាររកត្រីដូច សំណាញ់ មោង បោយដៃ ស្ទូច និងដាក់លប ឃើញបានទទួលបានត្រីជាច្រើនប្រភេទ ដែលក្នុងមួយសំណាញ់អាចទទួលបានត្រីចាប់1គីឡូក្រាម ដល់5គីឡូក្រាម។

អ្នកភូមិប្រាប់ថា ប្រជាពលរដ្ឋដែលសម្រុកមករកត្រីនៅទីនេះ គឺរកត្រីតហូតដល់ថ្ងៃទី07 ខែវិច្ឆិកានេះ ដែលមានរយៈពេល5ថ្ងៃហើយ ត្រីត្រូវខ្លាំង ដែលរកបានមានត្រីចំរុះ ដែលភាគច្រើនជាត្រីសំរាប់ធ្វើប្រហុក មានដូចជាត្រីស ត្រីរៀល ត្រីអាចម៍កុក ត្រីអំពិលទុំ ក្នុងនោះក៏មានត្រីឆ្លាំង ត្រីឆ្ពិន និងមានលាយត្រីកន្ត្រប់ ឈ្លូញ ក្រាញ់ផងដែរ ដែលក្នុងមួយនាក់ អ្នកប្រើសម្ភារៈសំណាញ់អាចរកបានចាប់ពី50-80គីឡូក្រាម។

គេសង្កេតឃើញថា ត្រីទាំងនេះ ពលរដ្ឋមួយចំនួនបាននាំក្រុមគ្រួសាររកបណ្តើរ ធ្វើបណ្តើរដើម្បីធ្វើជាប្រហុក ផ្អក ត្រីឆ្អើរ ត្រីប្រៃ រីឯប្រជាពលរដ្ឋមួយចំនួនទៀត គឺថ្លឹងលក់ឲ្យឈ្មួញកណ្តាលដែលចាំទិញនៅកន្លែងរកតែម្តង ដើម្បីយកទៅលក់បន្តនៅតាមទីផ្សារ ដែលក្នុងតម្លៃចាប់ពី 3,000រៀល ទៅដល់6,000រៀល ទៅតាមប្រភេទត្រីតូចធំផងដែរ ចំណែកអ្នកខ្លះទៀតទៅទិញដុត អាំង ជួបជុំគ្នាលេងកំសាន្តផងដែរ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.