ការចាក់វ៉ាក់សាំងនៅតំបន់ក្រហមទទួលបានលទ្ធផលល្អ ដែលធ្វើឲ្យតួលេខអ្នកចាក់វ៉ាក់សាំងកើនឡើងដល់ ១លាន៥សែននាក់ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្មើនឹង១៥% នៃប្រជាជនត្រូវចាក់វ៉ាក់សាំង។

កន្លងមកវ៉ាក់សាំងចំនួន ៩០ម៉ឺនដូស ត្រូវបានបញ្ជូនទៅកម្លាំងប្រដាប់អាវុធ ដើម្បីយកទៅចាក់អ្នករស់នៅតំបន់ក្រហម។ តួលេខនេះ បានត្រឹមតែប្រមាណ៤០ម៉ឺននាក់ ខណៈអ្នករស់នៅតំបន់ក្រហមមានរហូតដល់ ៥២ម៉ឺននាក់។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែមានឆន្ទៈ ធ្វើការចាក់វ៉ាក់សាំងដល់អ្នករស់នៅតំបន់ក្រហមឲ្យអស់ ដែលវ៉ាក់សាំងនឹងមកដល់បន្ថែមទៀត ដើម្បីត្រៀមចាក់ជូនដល់អ្នករស់នៅតំបន់ក្រហម។

វ៉ាក់សាំងនឹងមកជាដំណាក់កាលខាងមុខនេះ គឺ៖

  • ថ្ងៃទី១១ ឧសភា វ៉ាក់សាំង នឹងមកដល់ ៥០ម៉ឺនដូស
  • ថ្ងៃ១៥ ឧសភា វ៉ាក់សាំង នឹងមកដល់ ៥០ម៉ឺនដូស។ តួលេខនេះ នឹងធ្វើឲ្យមានរហូតដល់ ១លានដូសបន្ថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យសម្ដេចពិជ័យសេនា ទៀ បាញ់ រៀបចំកម្លាំងចាក់វ៉ាក់ដល់ប្រជាជននៅតាមតំបន់ក្រហម ដោយការចាក់វ់ាក់សាំងឲ្យគ្រប់ដូស ទាំងពីរដូស ដល់ពួកគេ។

សម្រាប់ការផ្គត់ផ្គង់ចាក់វ៉ាក់សាំង បានស្នើឲ្យគណកម្មការចំពោះកិច្ចសម្របសម្រួល នាំយកវ់ាក់សាំង ៥០ម៉ឺនដូស ហើយចែកចាយចាក់វ៉ាក់សាំង ដល់អ្នករស់នៅតំបន់ក្រហម ដែលកំពុងប្រឈមខ្ពស់ ទៅនឹងជំងឺឆ្លង។ អ្នករស់នៅតំបន់ក្រហម លំបាករួចទៅហើយ ដូច្នេះ យើងត្រូវយកចិត្តទុកដាក់ចំពោះពួកគេ សម្រួលដល់ពួកគេ។ នេះជាការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលផ្ដល់អាទិភាពនៅតំបន់ក្រហម ហើយនឹងប្ដេជ្ញាចិត្តចាក់វ៉ាក់សាំង ដល់ប្រជាជននៅរាជធានី និងក្រុងតាខ្មៅ និយាយជារួម រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ជោរជន់ដោយវ៉ាក់សាំង។

Share.