យើងនឹងធ្វើឲ្យទីក្រុងភ្នំពេញនិងខេត្តកណ្តាលស្រោចស្រពទៅដោយវ៉ាក់សាំងកូវីដ១៩ ដើម្បីការពារការរាតត្បាតនៃជំងឺកូវីដ១៩។ នេះជាការបញ្ជាក់របស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាតាមរយៈសារជាសំឡេងផ្ញើជូនជនរួមជាតិខណៈដែលយុទ្ធនាការចាក់វ៉ាក់សាំងបាននិងកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់ក្រហមក្នុងរាជធានីភ្នំពេញ។

សម្តេចអះអាងថា វ៉ាក់សំាងកូវីដ១៩ចំនួន១លានដូសទៀតនឹងមកដល់កម្ពុជានៅក្នុងសប្តាហ៍ក្រោយនេះ ។

ក្នុងនោះសម្តេចតេជោ បានបញ្ជាឲ្យមានការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅ «តំបន់ក្រហម» ដែលមានជាង៥២ម៉ឺននាក់ឲ្យបានគ្រប់ៗគ្នា។

តាមរយៈសារជាសំឡេងនោះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលបានស្នើឲ្យប្រជាពលរដ្ឋដែលត្រូវចាក់វ៉ាក់សាំងទាំងអស់សូមកុំសម្រុកមកប្រច្រៀតគ្នានិងត្រូវមកទទួលវ៉ាក់សាំងតាម លំដាប់លំដោយដែលអាជ្ញាធរបានកំណត់៕

Share.