ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ សម្ពោធ​អគារ​ទីស្តីការ​ថ្មី​រ​បស់ខ្លួន ដែលអគារនេះមានតម្លៃ​ជាង 28 លាន​ដុល្លារ​អាមេរិក។ អគារ​នេះ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​ទំហំ 4.5 ហិកតា ហើយតួ​អគារ​ដែលមាន​បណ្ដោយ​ប្រវែង 132.7 ម៉ែត្រ និង​ទទឹង​ប្រវែង 94.7 ម៉ែត្រនេះ មាន 8 ជាន់ កម្ពស់​សរុប​ពី​ទ្រនាប់​ខ្សាច់​ដល់​ចុង​កំពូល​បុស្បុក សរុប 88.5 ម៉ែត្រ។ អគារ​អាច​ចត​រថយន្ត​បាន​ប្រមាណ 450 គ្រឿង រួម​នឹង​ចំណត​ទោចក្រយានយន្ត​ផងដែរ។​​

ជាន់​ផ្ទាល់​ដី​របស់​អគារ មាន​សាល​បដិសណ្ឋារកិច្ច អាហា​រដ្ឋា​ន ឃ្លាំង បណ្ណាល័យ មជ្ឈមណ្ឌល​ប​ណ្ឌុះ​បណ្តាល ការិយាល័យ​ច្រកចេញចូល​តែមួយ និង​សួនផ្កា​រំដួល​ជាដើម។

អគារទីស្ដីការថ្មី តម្លៃជិត​៣០លានដុល្លារ​នេះ ត្រូវបាន​រចនា​ឡើង​តាមបែប​ស្ថាបត្យកម្ម​រួម​សម័យ គឺ​សម័យអង្គរ សម័យ​កណ្តាល ក្លាស​សិកសា​កល បែប​រ៉ូ​ម៉ាំង និង​បែប​បុរាណ​ខ្មែរ បូក​នឹង​សម័យ​ទំនើប មាន​រចនាបថ​ស្ថាបត្យក​កម្ម​អគារ​មុខដាច់ ឬ​ហៅថា​អគារ​មុខធំ មាន​ដំបូល​កិង​ត្រួត​ស្លាប​ពីរ​ជាន់ លម្អ​ដោយ​ជហ្វា​ក្បាល​នាគ និង​គ្រឿង​លម្អ​ស្ថាបត្យកម្ម​បុរាណ​ប្រពៃណី​ខ្មែរ​និយម​បែប​លក្ខណៈ​អត្តសញ្ញាណ​ជាតិ។

នៅក្នុងពិធីសម្ពោធ​អគារទីស្ដីការថ្មីនាព្រឹកនេះ ទទួលបាន​ការអញ្ជើញ​ចូលរួមជាអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ពី សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា ៕

Share.