លោក Ghulam Mohammed Khan ជា​ធ្លាប់​ឈ្នះ​មេដាយ​កម្រិត​ទ្វីប​អាស៊ី​ចំនួន​៤លើក ឱ្យ​ប្រទេស​ឥណ្ឌា លើ​​ប្រភេទ​កីឡា​ជិះ​សេះ បាន​ទទួល​មរណភាព​ដោយ​សារ​កូវីដ-១៩ ​កាល​ពី​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០២១ ថ្មីៗនេះ ​ក្នុង​អាយុ​៧៤ឆ្នាំ នៅ​ទីក្រុង Pune ភាគ​ខាង​លិច​នៃ​រដ្ឋ​Maharashtra។

សារព័ត៌មាន​ Times of India បាន​លើក​ឡើង​ថា​មរណភាព​របស់​លោក Khan ជា​ការ​បាត់បង់​១​ក្នុង​ចំណោម​ពលរដ្ឋ​ឥណ្ឌា​ជាង​២សែន​នាក់។ មុន​លា​ចាកលោក​បុរស​ឥណ្ឌា រូប​នេះ​ជា​អាជ្ញាកណ្ដាល​​របស់​សហព័ន្ធ​កីឡា​ជិះសេះ​អន្តរជាតិ​ ផង និង​បម្រើការងារ​ជា​យោធា​ផង។ លោក​បណ្តុះបណ្តាល​អ្នកជំនាន់​ក្រោយ​ល្អៗ​ជា​ច្រើន​ក្នុង​ប្រភេទ​កីឡា​ជិះ​សេះ ព្រម​ទាំង​រៀបចំ​ផែនការ​សាងសង់​មជ្ឈមណ្ឌល​ជិះសេះ​ជាតិ​ផង​ដែរ។

កាល​នៅ​ជា​កីឡាករ​លោក Ghulam Mohammed Khan ធ្លាប់​ដណ្តើម​មេដាយ​ជូនជាតិ​កម្រិត​ទ្វីប​អាស៊ី ចំនួន​៤លើក គឺ​នៅ​ឆ្នាំ​១៩៨២ គ្រា​ដែល​ទីក្រុង New Delhi ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ Asian Games លោក​ដណ្តើម​បាន​មេដាយ​មាស ១គ្រឿង​ផ្នែក​ប្រកួត​ជា​ក្រុម និង​ដណ្តើម​បាន​មេដាយ​ប្រាក់​១គ្រឿង ផ្នែក​ប្រកួត​ជា​ឯកត្តជន។ ចូល​ឆ្នាំ​​១៩៨៦ លោក​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ ២ថែម​ទៀត ក្នុង​កីឡា​1986 Asian Games ដែល​ធ្វើ​ឡើង​នៅ​ទីក្រុង​សេអូល ប្រទេស​កូរ៉េខាងត្បូង៕

Share.