កម្មវិធី​ប្រកួត​ Rap ដ៏​ធំ​មួយ​របស់​ប្រទេស​វៀតណាម​ «Rap Viet» កំពុង​តែ​រង​នូវ​ក្ដី​អាម៉ាស់​​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​សិល្បករ​គំនូរ​ដ៏​ល្បីល្បាញ​របស់​ប្រទេស​ ម៉ិចស៊ិច លោក Jaime Jasso បាន​ចោទ​ប្រកាន់​ថា​កម្មវិធី​នេះ​បាន​យក​ស្នាដៃ​គំនូរ​ Graphic របស់​លោក​ទៅ​ប្រើប្រាស់​ជា​ផ្ទាំង​ Poster ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​អនុញ្ញាត​។

ទូរទស្សន៍​ Vie Channel របស់​ប្រទេស​វៀតណាម​ ដែល​​បាន​ផលិត​កម្មវិធី​​ប្រកួត​ប្រជែង​ Rap រដូវកាល​ទី​ពីរ​ បាន​បកស្រាយ​ករណី​ខាង​លើ​ថា​បង្ករ​ឡើង​ដោយ​សារ​ផ្នែក​ Design មាន​ការ​ធ្វេសប្រហែស​យក​រូប​ភាព​ Free Download (មិនចាយ​ប្រាក់​) មក​ប្រើ​ប្រាស់​ ខណៈ​នេះ​តំណាង​ឱ្យ​ក្រុម​ផលិត​បាន​ទំនាក់ទំនង​ទៅ​ម្ចាស់​ស្នាដៃ​ដើម្បី​សុំ​ប្រើប្រាស់​រូបភាព​នេះ​។ ប៉ុន្តែ​បច្ចុប្បន្ន​រូប​ភាព​ដែល​​ត្រូវ​បាន​លើក​ឡើង​ថា​ជាប់​កម្មសិទ្ធិបញ្ញា​ត្រូវ​បាន​ដក​ចេញ​ពី​ Page របស់​កម្មវិធី​ហើយ​។

សិល្បករ​គំនូរ​ Jaime Jasso ដែល​ជា​ស្ថាបនិក​ក្រុម​ហ៊ុន CGPreceptor បាន​បង្ហាញ​ការ​​យល់​ឃើញ​ចំពោះការ​យក​​រូប​ភាព​ Graphic ទីក្រុង​ក្នុង​ពេល​រាត្រី​​ទៅ​ប្រើ​ប្រាស់​ជា​ Background នៅ​លើ​ Page របស់​កម្មវិធី​កាល​ពី​កំឡុង​ខែ​តុលា​កន្លងមក​ ដោយ​មិនមាន​សុំ​ការ​អនុញ្ញាត​ពី​លោក​ឬ​ក៏​ក្រុម​ CGPreceptor របស់​លោក​នោះ​ទេ​

Jaime Jasso បាន​ឱ្យ​ដឹង​ផង​ដែរ​ថា​រូបភាព​នោះ​បង្កើត​ឡើង​បច្ចេក​ទេស​ 3D Graphics មិនមែន​ប្រើ​រូបភាព​ដែល​មាន​ស្រាប់​យក​មក​ច្នៃ​នោះ​ទេ​។ ម្ចាស់​ស្នាដៃ​រូប​នេះ​ក៏​បាន​បង្ហាញ​ភស្តុតាង​រូប​ភាព​ដើម​ និង​វីដេអូ​​​ណែនាំ​ដំណើរ​ក្នុង​ការ​គូរ​រូប​ភាព​នេះ​លើ​ Youtube តាំងពី​ឆ្នាំ​ ២០១៦ មក​ម្ល៉េះ។​

បុរស​ដដែល​រូប​នេះ​បាន​ឱ្យ​ដឹង​ដែរ​ថា​ការ​ដែល​លោក​បង្ខំ​ចិត្ត​ទម្លាយ​រឿង​នេះ​ជា​សាធារណៈ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ ព្រោះ​តែ​ទង្វើ​នោះ​មិន​គោរព​ចំពោះ​លោក​ ហើយ​សកម្មភាព​នេះ​ត្រូវ​តែ​បញ្ឈប់​ និង​ត្រូវ​តែ​បង់​ថ្លៃ​កម្មសិទ្ធិ​បញ្ញា​ មួយ​ទៀត​រឿង​ដែល​ធ្វើ​ឱ្យ​លោក​កាន់​តែ​មិន​សប្បាយចិត្ត​ខ្លាំង​ហើយ​ទទួល​យក​មិន​បាន​នោះ​គឺ ​តំណាង​របស់​កម្មវិធី​បែរ​ជា​ឆ្លើយ​តប​ដោយ​ទម្លាក់ទៅ​ផ្នែក​រចនា​ ឬ​ Design Department ទៅវិញ​។ បច្ចុប្បន្ន​លោក​កំពុង​តែ​ឱ្យ​អ្នក​តំណាង​របស់​លោក​នៅ​ប្រទេស​វៀតណាម​​ដំណើរ​ការ​​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។

កម្មវិធិ​នេះ​ក៏​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើប្រាស់​រូប​ភាព​តារា​ចិន​មក​ធ្វើ​ជា​ Main Poster របស់​ខ្លួន​​ ហើយ​​ទង្វើ​ដែល​ត្រូវ​បាន​លើក​ឡើង​នេះ​ ត្រូវ​បាន​មនុស្ស​ជា​ច្រើន​​មិន​យល់​ស្រប​ចំពោះ​វិធីសាស្ត្រ​ធ្វើ​របស់​ក្រុម​ផលិតកម្ម​វិធី​នេះ​នោះ​ទេ​។ មនុស្ស​​ជា​ច្រើន​ក៏​បាន​ទាមទារ​ឱ្យ​កម្មវិធី​នេះ​ចេញ​មក​ពន្យល់​យ៉ាង​លម្អិត​ពី​បញ្ហា​នេះ​ និង​សុំ​ទោស​ជា​ផ្លូវការ​ណាមួយ​។

Huyen Duc បុគ្គលិក​ផ្នែក​រចនា​ម៉ូដ​ យល់​ថា​កម្មវិធី​ Rap Viet មាន​ចេតនា​បំពាន​ ព្រោះ​នេះ​មិនមែន​ជា​កំហុស​ដែល​ទើប​តែ​កើត​ឡើង​លើក​ទីមួយ​នោះ​ទេ​ ម្យ៉ាង​វិញ​ទៀត​សកម្មភាព​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនាក់ទំនង​អន្តរជាតិ​ និង​មុខ​មាត់​របស់​ប្រទេស​នោះ​ទេ​ ប៉ុន្តែ​ក៏​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កម្មវិធីប្រកួត​​ទាំង​មូល​ផង​ដែរ​។

​គួរ​ដឹង​ថា លោក Jaime Jasso គឺជា​អ្នក​គំនូរ​ជនជាតិ​ ម៉ិចស៊ិច​ ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​និង​បទពិសោធ​រយៈ​ពេល ​១៨ឆ្នាំ​កន្លងមក​ហើយ​​ នៅ​ក្នុ​ងវិស័យ​ Visual Effect ទាំង​ក្នុង​ប្រទេស​ម៉ិចស៊ិច​​និង​សហរដ្ឋ​អាមេរិក​។ លោក​ក៏​ស្ថិត​ក្នុង​ក្រុម​ដែល​ឈ្នះ​ពាន​រង្វាន់​អូស្ការ​នៅ​ក្នុង​ផ្នែក​ «Best Visual Effects» សម្រាប់​រឿង​ Avatar ក្នុង​ឆ្នាំ​២០០៩ ហើយ​លោក​ក៏​ស្ថិត​ក្នុង​ក្រុមបង្កើត​​ Visual Effect ​ឱ្យ​​ភាពយន្ត​​ខ្នាត​ធំ​ «Iron Man 2» «Tansformers 3» និង​រឿង​ «Star Wars: The Force Awakens»៕

Telegram-Troryorng
Share.