កញ្ញាឯម​​ គុនថង គឺជា​បេក្ខនារី​រង​លំដាប់​ទីពីរ​នៃកម្មវិធី​ប្រកួត​ កញ្ញាឯក​ដ៏អស្ចារ្យ​កម្ពុជា​ឆ្នាំ​២០២១​ ឬ Miss Grand Cambodia 2021។ ថ្មីៗ​នេះស្រីស្អាត​សំបុរ​ស្រអែម​ស្រស់​ស័ក្តិសម​ជានារី​ខ្មែរ​ពិតៗ​ ​បាន​បង្ហើប​ឱ្យដឹងថា​ក្នុង​ពេល​ឆាប់ៗ​ដ៏​ខ្លី​ខាង​មុខ​នេះ ​កញ្ញា​មាន​គម្រោង​បើក​មុខ​ជំនួញ​ថ្មីមួយ​ទាក់ទង​នឹង​ការ​រក្សា​សម្រស់​ឬក៏​ផលិតផល​ Cosmetic។

ឯម គុនថង​ ​មាន​ចំណូល​ចិត្ត​ប្លែក​ពី​នារី​រូប​ស្អាត​ៗ​ជា​ច្រើន​ទៀត​ ព្រោះ​ពេល​និយាយ​ដល់​ការ​សម្ដែង​ក្នុង​វិស័យ​សិល្បៈ​ យុវតី​រូប​នេះ​បែរ​ជា​ចង់​សម្ដែង​ជា​តួអង្គ​កាច​ឆ្នាស់​ឆ្នើម​ មិនមែន​ជា​តួអង្គ​មាន​អត្តចរិត​ស្លូតបូត​​រាបសារ​​នោះ​ទេ​។

ងាក​មក​រឿង​មុខ​ជំនួញ​វិញ បេក្ខនារី​​ដែល​មាន​វ័យ​ទើប​តែ​២២​ឆ្នាំ​រូប​នេះ​បាន​ឱ្យ​ដឹង​ថា​ការ​ដែល​ប្អូន​ស្រី​ចាប់​អារម្មណ៍​មុខ​ជំនួញ​ Cosmetic ព្រោះ​តែ​ប្អូន​យល់​ថា​ខ្លួន​ជា​មនុស្ស​ស្រី​ស្ថិត​ក្នុង​សង្គម​មួយ​ដែល​ចាំ​បាច់​ត្រូវ​តែ​តុបតែងខ្លួន​ស្អាត ទើប​ធ្វើ​ឱ្យ​ប្អូនស្រី​ចាប់​អារម្មណ៍​ទៅ​លើ​មុខជំនួញ​ទាក់ទង​នឹង​សម្រស់​នេះ​តែម្ដង​។

បច្ចុប្បន្ន​ ឯម គុនថង មិន​ទាន់​ទទួល​ការងារ​សិល្បៈ​នៅឡើយ​ទេ ​​ព្រោះ​កំពុង​មមាញឹក​ក្នុង​ហ្វឹកហាត់​ ​ ​ត្រៀម​ខ្លួន​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​លើ​វេទិកា​អន្តរជាតិ​ណាមួយ​ដែល​ក្រុម​ហ៊ុន​រៀបចំ​ឱ្យ​។ ថ្វី​ត្បិត​តែ​មិន​ទាន់​ទទួល​ការងារ​សម្ដែង​ប៉ុន្តែ​ស្រីស្រស់​កម្ពស់​ខ្ពស់​ស្រឡះ​រូប​នេះ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ​បើសិន​ឱកាស​ល្អ​ក្រោយ​ត្រលប់​ពី​ការ​ប្រកួត​កញ្ញា​ទទួល​សម្ដែង​រឿង​ណាមួយ​នោះ ​តួអង្គ​ដែល​កញ្ញា​ចង់​សម្ដែង​គឺ​ជា​តួអង្គ​ដែល​មាន​ចរិត​កាចឆ្នាស់​ ដោយ​កញ្ញា​បាន​បញ្ជាក់​ពី​មូលហេតុនេះ​ថា​៖ «ប្អូន​ចង់​សម្ដែង​តួឆ្នាស់​ព្រោះ​តួ​នេះ​ពេល​ទៅណា​មក​ណា​​មាន​មនុស្ស​ចាប់​អារម្មណ៍​ច្រើន​ជា​​តួអង្គ​ស្លូតបូត​​ ជាពិសេសតួ​អង្គ​ឆ្នាស់​​ពេល​សម្ដែង​បាន​វ៉ៃ​គេ​ឯង​ថែម​ទៀត​ផង​​»

ជាចុង​ក្រោយ​កញ្ញា​ ឯម គុនថង បាន​សំណូម​ពរ​ឱ្យ​ពុក​ម៉ែ​បង​ប្អូន​បន្ត​គាំទ្រ​កញ្ញា​នៅ​លើ​វេទិការ​​ប្រកួត​អន្តរជាតិណាមួយ​​ជា​បន្ត​ទៀត​ និង​បួងសួង​ឱ្យ​បងប្អូន​ខ្មែរជៀសផុត​ពី​ជំងឺ​កូវីដ​-១៩៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.