លោក ស៊ន អេលីត អ្នក​គ្រប់គ្រង​ក្លឹប​ប្រដាល់គុនខ្មែរ​នាយកដ្ឋាន​អង្គរក្ស​ ត្រូវ​បាន​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ដោយ​សម្លឹង​ឃើញ​លើ​ចំណុច​៣​សំខាន់​ ដើម្ប​ជួយ​បង្វឹក​ត្រៀម​ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាខែឧសភា ឆ្នាំ២០២២ និង ស៊ីហ្គេម​ លើក​ទី៣២ ​ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជាម្ចាស់ផ្ទះ។

លោក ប៊ុយ សោភ័ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ត្រូវ​បាន See Games 2023 ស្រង់​សម្ដី​ថា​មូលហេតុ​ដែល​តែងតាំង​លោក ស៊ន អេលីត ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ដោយ​សារ​តែ​សហព័ន្ធ​មើល​ឃើញ​នូវគុណសម្បត្តិ៣សំខាន់ៗរបស់លោក ដែល​អាច​ជួយ​ឲ្យ​ប្រដាល់​សកល​កម្ពុជា អភិវឌ្ឍ​រីកចម្រើន និង​ទទួល​បាន​នូវ​លទ្ធផល​ល្អ នៅស៊ីហ្គេម លើកទី៣១ និងស៊ីហ្គេម លើកទី៣២ ឆ្នាំ​២០២៣។

ទី១ លោក​មាន​បទពិសោធ​ក្នុង​ការ​បង្វឹក​កីឡាករ
ទី២ លោក​ជាអតីតជម្រើស​ជាតិ​ប្រដាល់​សកល ដែល​ដឹង​ច្រើន​ពី​យុទ្ធសាស្រ្ត​ហ្វឹកហាត់​សកល​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍
ទី៣ លោក​ជា​មនុស្ស​ម្នាក់​មាន​កេរ្តិ៍​ឈ្មោះ​ល្អ ក្នុង​វិស័យ​ប្រដាល់ និង​ជួយ​ជំរុញ​ឲ្យ​ប្រដាល់​សកល​កម្ពុជា​ កាន់តែ​មាន​ប្រជាប្រិយ​ភាព​បន្ថែម​ទៀត។

ជាមួយ​គ្នា​នេះ​ដែរ លោក ស៊ន អេលីត បាន​ប្តេជ្ញា​ថា​ លោក​នឹង​ចូលរួម​សហការ​ជាមួយ​សហព័ន្ធ​កីឡា​ប្រដាល់​សកល និងធ្វើយ៉ាងណាពង្រឹងគុណភាពកីឡាករ កីឡាការិនីជម្រើសជាតិ និង​ពង្រីក​ធនធាន​ប្រដាល់​សកល​ឲ្យ​កាន់​តែ​ច្រើន​ តាមរយៈ​ការកៀរ​គរ​ក្លិប​ប្រដាល់​សកល​មួយ​ចំនួន​ឲ្យ​មាន​សកម្មភាព​បណ្តុះបណ្តាល​ឡើង​វិញ និង​បង្កើត​ឲ្យ​មាន​ទីផ្សារ​ប្រកួត​សម្រាប់​ពួកគេ និងជម្រើសជាតិ។

លោក ស៊ន អេលីត ធ្លាប់​ជា​អតីត​កីឡាករ​ជម្រើសជាតិកីឡាប្រដាល់សកល ជម្រើស​ជាតិ​កីឡា​តេក្វាន់ដូ និង​ជា​អតីតជម្រើសជាតិកីឡាករវ៉ូវីណាមផងដែរ។ ក្រោយពីលោកបានលាឈប់ពីអាជីព​ជា​កីឡាករ​ ក៏​ងាក​មក​ធ្វើ​ជា​គ្រូ​បង្វឹក​គុន​ខ្មែរ ដោយ​គ្រប់គ្រង​ក្លិប​ប្រដាល់​ឆ្មាសរសែនសុខ មុន​គេ​ រួច​ប្តូរ​ទៅ​ជា​ក្លិប​ប៉ែន​កាក់​គុនខ្មែរ និង​បន្ត​ទៅ​គ្រប់គ្រង​ក្លិបប្រដាល់គុនខ្មែរនាយកដ្ឋានអង្គរក្សរហូតមកដល់បច្ចុប្បន្ន៕

Telegram-Troryorng
Share.