ផ្សារគគីរ ស្ថិតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅតែត្រូវបន្តបិទការលក់ដូរដើម្បីបង្ការការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយទេ ប៉ុន្តែក្នុងអឡុងពេលនេះ ស្រាប់តែរដ្ឋបាលស្រុក និងអាជីវករកើតការខ្វែងគំនិតគ្នាជុំវិញគម្រោងពង្រីកផ្លូវក្នុងផ្សារបន្ថែម។

អាជីវករបានអះអាងថាក្នុងពេលផ្សារនៅបិទនៅឡើយនោះ រដ្ឋបាលស្រុកកៀនស្វាយ បានចុះមកបាញ់ថ្នាំពណ៌ឱ្យអាជីវកររុះរើតូបលក់ដូរដើម្បីពង្រីកផ្លូវក្នុងផ្សារឱ្យបានទទឹង៤ម៉ែត្រដែលក្លាយជាបន្ទុកបញ្ហាបន្ថែមលើពួកគាត់បន្ទាប់ពីការបិទផ្សារខានលក់ដូរជាច្រើនថ្ងៃមកនោះ។

ទោះមានការហាមឃាត់ការជួបជុំនិងប្រមូលផ្ដុំដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ នៅព្រឹកមិញនេះ អាជ្ញាធរស្រុកកៀនស្វាយ បានកោះហៅអាជីវករមកបើកកិច្ចប្រជុំរួមគ្នាដើម្បីដោះស្រាយការខ្វែងគំនិតនោះនៅសាលាស្រុកគៀនស្វាយដែលនៅក្បែរផ្សារគគីរ។

ក្រុមអាជីវករផ្សារគគីរទៅស្តាប់ការពន្យល់របស់រដ្ឋបាលស្រុកកៀនស្វាយករណីពង្រីកផ្លូវក្នុងផ្សារ

បើតាមអាជីវករ ពួកគាត់ស្នើសុំបើកផ្លូវត្រឹមទទឹង២ម៉ែត្រកន្លះបានហើយ ដ្បិតបើបើកដល់ទៅ  ៤ម៉ែត្រប្រាកដជានឹងធ្វើឱ្យប៉ះពាល់ដល់តូបលក់ដូររបស់ពួកគាត់ដែលមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ។  ពួកគាត់ថា២ម៉ែត្រកន្លះនេះ គឺអាចឱ្យរថយន្តពន្លត់អគ្គីភ័យ និងរថយន្តសំរាមចេញចូលបានហើយ។

យ៉ាងណាក៏ដោយគិតត្រឹមរសៀលនេះ អាជ្ញាធរស្រុកកៀនស្វាយបានបញ្ជាក់មកកាន់ក្រុមអាជីវករក្នុងន័យសម្របសម្រួលថា រដ្ឋបាលស្រុកបានសម្រេចបន្ថយការពង្រីកផ្លូវនោះមកត្រឹម៣ម៉ែត្រវិញ។ ដូច្នេះភាគីទាំងពីរនៅខ្វែងគំនិតគ្នាតែកន្លះម៉ែត្រទៀតប៉ុណ្ណោះសម្រាប់កិច្ចការពិភាក្សាគ្នាបន្តទៀត៕

Share.