អាជ្ញាធរស្រុកបូទុមសាគរ មន្រ្តីជំនាញ និងអាជ្ញាធរភូមិឃុំ ផ្តើមចុះពិនិត្យវាស់វែងដីបម្រុងទុកជាក់ស្តែងជាង១៥ហិចតាឡើងវិញ ដើម្បីចុះបញ្ជីដីរដ្ឋឱ្យបានត្រឹមត្រូវតាមច្បាប់ ។

លោក សាង ស៊ីណេត អភិបាលរងស្រុកបូទុមសាគរ ខេត្តកោះកុង បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា ២០២១ថា ដីរដ្ឋបម្រុងទុកជាង១៥ហិចតារបស់ស្រុក នៅចំណុចភ្នំត្រងោល ភូមិជីមាល ឃុំ  អណ្តូងទឹក កំពុងត្រូវបានវាស់វែងពិនិត្យផ្ទៀងផ្ទាត់ព្រំប្រទល់ដីជាថ្មីវិញ ដើម្បីរក្សាការពារទុកទៅថ្ងៃមុខ ជៀសវាងមានការកាប់ទន្រ្ទានពីក្រុមឈ្នួញខិលខូច។

បើតាមអភិបាលរងស្រុកបូទុមសាគរ ទំហំដីដែលក្រុមការងារចុះពិនិត្យ និងវាស់វែងតាម    លក្ខណៈបច្ចេកទេសឡើងវិញនេះជាដីបម្រុងទុករបស់ស្រុកជាយូរឆ្នាំណាស់មកហើយ តាំងពីអាណិត្តអភិបាលស្រុកមុនៗ។ដោយសារមើលឃើញនូវកត្តាប្រឈមនានា ទើបរដ្ឋបាលស្រុក ចុះមកផ្ទៀងផ្ទាត់វាស់វែងឡើងវិញបើទោះជាមមាញឹកនឹងការទប់ស្កាត់ការរីករាលដាលជំងឺ    កូវីដ១៩ក្នុងសហគមន៍ក្តី។

លោកថាដីបម្រុងជាង១៥ហិចតានោះ ស្ថិតនៅក្បែរតំបន់ដីសង្គមកិច្ច និងដីរបស់ប្រជាពលរដ្ឋ បន្ទាប់ពីកំណត់និយាមកាមប្រាកដប្រជាហើយ ត្រូវចុះបញ្ជីផ្លូវការតាមច្បាប់ជាធរមាន។

មិនមែនតែដីបម្រុងទុកស្ថិតនៅចំណុចភ្នំត្រងោលទេ ទីតាំងដីនៅបុរណដ្ឋានអណ្តូង១០០ ស្ថិតនៅភូមិអណ្តូងទឹក និងបុរណដ្ឋានស្ថិតនៅជីត្រេះ ឃុំអណ្តូងទឹក ក៏សុទ្ធតែត្រូវបានពិនិត្យ     វាស់វែងជាថ្មីដែរ ដោយមានសមាសភាពក្រុមការងារមន្ទីរវប្បធម៌ និងវិចិត្រសិល្បខេត្តចូលរួមផងដែរ៕

អត្ថបទ៖ សិទ្ធី
កែសម្រួល៖ សំ នឿន

Share.