យោង​តាម​ការ​ប្រកាស​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​ស្ថានីយ​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៣​ថៃ​ បាន​ឱ្យ​ដឹង​ថា​ភាពយន្ត​ភាគ​របស់​ស្ថានីយ​ទូរទស្សន៍​នេះ​ចំនួន​ ​៣​រឿង​​ បាន​លក់​កម្មសិទ្ធិ​បញ្ញា​នៅ​លើ​​ទីផ្សារ​បរទេស​ជា​ស្ថាពរ​ហើយ ដោយ​ក្នុង​នោះប្រទេស​កម្ពុជា​យើងក៏​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះប្រទេស​ដែល​បាន​ទិញ​រឿង​ភាគ​ថៃនេះយក​មក​បញ្ចាំង​ផង​ដែរ​។

រឿង​ទីមួយ​ដែល​ CH3 លក់​ចេញ​ទៅ​ក្រៅ​ប្រទេស​នោះ​គឺ​រឿង «สองเสน่หา»«ស្នេហា​២​» ជា​ការ​វិល​ត្រលប់​មក​ជួប​គ្នា​ម្ដង​ទៀត​រវាង​ James Ma និង Kimberly។​ រឿង​ភាគ​កូន​ភ្លោះ​នេះ​លក់​ចេញ​ទៅ​កាន់​ប្រទេស​សរុប​ចំនួន ​៩​ មាន​ប្រទេសចិន​តាម​រយៈ Platform Tencent Video បញ្ចូល​សំឡេង​ជា​ភាសា​ចិន​ ប្រទេស​ម៉ាឡេស៊ី​និង​សិង្ហបុរី​តាម​រយៈ​ Platform VIU ដោយ​ប្រទេស​៣​នេះ​នឹង​ចាក់​បញ្ចាំង​ថ្ងៃ​តែ​មួយ​នឹង​ថ្ងៃ​ចាក់​បញ្ចាំង​នៅ​ក្នុង​ប្រទេស​ថៃ​ គ្រាន់​តែ​ចេញ​ផ្សាយ​ក្រោយ​២​ម៉ោង​ប៉ុណ្ណោះ​។​ ចំណែក​ ៦​ប្រទេស​​ទៀត​ដែល​ទិញ​លក្ខណៈ​បញ្ចាំង​ចប់​រួច​រាល់​គឺ​ប្រទេស​ ឥណ្ដូណេស៊ី ប្រទេស​ម៉ិចស៊ិចកូ​ ប្រទេស​ប្រេស៊ីល​ ចិន​តៃវ៉ាន់​ ប្រទេស​ភូមា​ និង​ ប្រទេស​កម្ពុជា​បញ្ចាំង​នៅ​ស្ថានីយ​ទូរទស្សន៍​ PNN

សូមចុចត្រង់នេះ៖ រឿង​ថ្មី​ ​Kimberly​ ​ហ៊ាន​លេង​ឈុត​ស្នេហា​…​​មិន​ខ្លាច​សង្សារ​អន់ចិត្ត​!

«ស្នេហា​២​»

ចំណែក​រឿង​ទីពីរ​ដែល​នឹង​មាន​វត្តមាន​ចាក់​ផ្សាយ​នៅ​ប្រទេស​កម្ពុជា​ដែរ​នោះ​គឺ​រឿង​ «พราวมุก»«Praw Mok» ​ដែល​ជា​រឿង​វិល​ត្រលប់​មក​ជួប​គ្នា​វិញ​រវាង​ដៃ​គូ​ស័ក្តិសម​ Pon Nawasch ​និង Bua Nalinthip ។ ​រឿង​នេះ​បាន​លក់​ទៅ​កាន់​ប្រទេស​ចំនួន ​៥​ មាន​ដូច​ជា​ប្រទេស​ម៉ាឡេស៊ី ប្រទេស​ឥណ្ឌូណេស៊ី​ ប្រទេស​វៀតណាម​ ប្រទេស​មីយ៉ាន់​ម៉ា ​និង​ប្រទេស​កម្ពុជា​បញ្ចាំង​នៅ​ស្ថានីយទូរទស្សន៍ PNN ​ដដែល​។

«Praw Mok»

រឿង​ចុង​ក្រោយ​ «มนต์รักหนองผักกะแยง» «Mon Rak Nong Pak Ka Yaeng» ​ក៏​ត្រូវ​បាន​ស្ថានីយ​ទូរទស្សន៍ PNN របស់​កម្ពុជា​ ទិញ​យក​មក​ចាក់​បញ្ចាំង​ដូច​ជា​បណ្ដា​ប្រទេស​មួយ​ចំនួន​ដែល​ទិញ​មក​បញ្ចាំង​ដែរ។ រឿង​ភាគ​ថ្មី​នេះ​គឺ​​ជា​រឿង​ដំបូង​ដែល​ Bow Maylada បង្ហាញ​វត្តមាន​ជា​តួ​ឯក​ស្រី​ដំបូង​នៅ​ CH3 ជាមួយ​នឹង​ Nadech Kugimiya តួ​ឯក​ប្រុស​ជួរ​មុខ​របស់​ស្ថានីយមួយ​នេះ​ ធ្វើ​ឱ្យ​រឿង​នេះ​​ល្បី​ដោយ​គ្រាន់​តែ​ឮ​ឈ្មោះ​​តួ​សម្ដែង​មិន​​បាច់​និយាយ​ដល់​សាច់​រឿង​។ ប្រទេស​ដែល​បាន​ទិញ​យក​ទៅ​បញ្ចាំង​ក្រៅ​ពី​ប្រទេស​កម្ពុជា​​យើង​មាន​ប្រទេសក្នុងតំបន់​អាស៊ាន​ដូច​ជា៖ ​ហ្វីលីពីន​ ​សិង្ហបុរី​ ​វៀតណាម​ ​ឥណ្ឌូណេស៊ី​ ​និង​ម៉ាឡេស៊ី​​ សរុប​មាន​ចំនួន ​៦​ប្រទេស​។

«Mon Rak Nong Pak Ka Yaeng»
Share.