បវរកញ្ញា​ចំណាត់​ថ្នាក់​លេខ​២​ ឬ​រង​លំដាប់​ទីមួយ​កញ្ញា​ Kawtar Benhalima នៅ​ក្នុង​ការ​ប្រកួត​វេទិកា​ Miss Universe ២០២១ ​នៃ​ប្រទេស​ម៉ូរ៉ក់​កូ​ នឹង​​ក្លាយ​ជា​បវរកញ្ញា​តំណាង​ប្រទេស​នៅ​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​អន្តរជាតិ​លើក​ទី​៧០​នៅ​ប្រទេស​អ៊ីស្រាអែល​ជំនួស​តំណែង​បវរកញ្ញា​​ចំណាត់​ថ្នាក់​លេខ​១​។

សេចក្ដី​សម្រេច​នេះ​បាន​ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​សារព័ត៌មាន​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១១​ ខែ​វិច្ឆិកា​ កន្លង​ទៅ​ថា​ម្ចាស់​តំណែង​ចំណាត់​ថ្នាក់​លេខ​១​ កញ្ញា​ Fatima Zhara-Khayat បាន​ជួប​គ្រោះ​ថ្នាក់​។

«យើង​ខ្ញុំ​ពិត​ជា​សោកស្ដាយ​ជា​ពន់​ពេក​ក្នុង​ការ​ប្រកាស​ថា​ Khayat នឹង​ផ្ទេរ​តំណែង​របស់​ខ្លួន​ដោយ​សារ​តែ​បញ្ហា​គ្រោះ​ថ្នាក់​ហើយ​មិន​អាច​ចេញ​ទៅ​តំណាង​ប្រទេស​ក្នុង​ការ​ប្រកួត​បវរកញ្ញា​ចក្រវាឡ​នៅ​ប្រទេស​អ៊ីស្រាអែល​បាន​នា​ពេល​ដ៏​ខ្លីខាង​មុខ​នេះ​»

ម្ចាស់​តំណែង​បវរកញ្ញ​ចក្រវាឡ​របស់​ប្រទេស​ម៉ូរ៉ក់​កូ​ថ្មី​មាន​វ័យ​២២​ឆ្នាំ​ គឺជា​​និស្សិត​បញ្ចប់​ការ​សិក្សា​ផ្នែក​ពាណិជ្ជកម្ម​ និង​ជា​ម្ចាស់​ផលិតផល​ Brand គ្រឿង​អលង្ការ​មួយ​រូប​ផង​ដែរ។

យុវតី​​វ័យ​​ក្មេង​រូប​នេះ​នឹង​ក្លាយ​ជា​បវរកញ្ញា​តំណាង​ប្រទេស​ចេញ​ទៅ​ប្រកួត​នៅ​ទីក្រុង​ Eliat ប្រទេស​អ៊ីស្រាអែល​នៅ​ខែ​ធ្នូ​ខាង​មុខ​នេះ​ ហើយ​នេះ​ក៏​ជា​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ដែរ ដែល​ប្រទេស​នេះ​វិល​ត្រលប់​ទៅ​ចូលរួម​ក្នុង​វេទិកា​ប្រកួត​សម្រស់​ដ៏​ធំ​មួយ​នេះ ក្រោយ​ខកខាន​បង្ហាញ​វត្តមាន​អស់​រយៈ​ពេល​៤៣​ ឆ្នាំ៕​

Telegram-Troryorng
Share.