សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាហ្រ្វិក (CFA) បាន​បង្ហាញ​បញ្ជី​កីឡដ្ឋាន​នៅ​តាម​ប្រទេស​ជា​សមាជិក​ដែល​​បាន​អនុញ្ញាត​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ​បាល់ទាត់​ជើង​ឯក​ពិភពលោក 2022 FIFA World Cup ប្រចាំ​ទ្វីប​ក្នុង​ពេល​ខាង​មុខ ខណៈ​មាន​ប្រទេស​ចំនួន​២២ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រៀបចំ​ការ​ប្រកួត​នោះ​ទេ។

​​ដូច្នេះ​ប្រទេស​សេណេហ្គាល់, ហ្សំប៊ី, ម៉ាឡាវី, ឡេសូតូ, ម៉ាលី និង​អេស្វាទីនី ត្រូវ​រក​ទឹកដី​នៅ​ក្រៅ​ប្រទេស​ដើម្បី​ធ្វើ​ទីកន្លែង​ប្រកួត​របស់​ខ្លួន ខណៈ​ការ​ប្រកួត​នៅ​ក្នុង​ទ្វីប​ឈាន​ដល់​ដំណាក់កាល​ទី២​ហើយ ដោយ​​នៅ​សល់​ក្រុម​ចំនួន​៤០ ចែក​ជា​​១០ពូល ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៣១ ខែឧសភា ដល់​១២ ខែ​តុលា ឆ្នាំ​២០២១ ដើម្បី​យក​ក្រុម​​ចំនួន​១០​ឡើង​ទៅ​ជុំទី៣។

ពានរង្វាន់ World Cup 2022 ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​កាតារ នឹង​ជ្រើសរើស​ក្រុម​ខ្លាំង​ចំនួន​៣២ មក​ពី​ទ្វីប​នានា ដើម្បី​ប្រកួត​ដណ្តើម​ជើង​ឯក។ ទ្វីប​អាហ្វ្រិក ទទួល​បាន​កៅអី​៥ក្រុម ដើម្បី​ចូលរួម​ប្រកួត ផង​ដែរ៕

Share.