នេះ​មិន​មែន​ជារឿងចៃដន្យនោះទេ ដែលអតីតបវរកញ្ញាឯកចក្រវាឡឆ្នាំ២០១៨ រឿន ណាត បានជំនះក្លាយជាតារាស្រីជួរមុខបាន។ កញ្ញាបានព្យាយាមពុះពារគ្រប់ឧបសគ្គដើម្បីស្រវ៉ាយកកេរ្ដិ៍ឈ្មោះល្បីនៅលើវិថីសិល្បៈ ប៉ុន្តែ​មាន​អ្នក​ណា​ដឹង​ថា​មុន​នឹង​មាន​ជីវិត​ត្រចះត្រចង់​ដូច​បច្ចុប្បន្ន​ រឿន ណាត​ ធ្លាប់​តស៊ូ​​កាប់​ដី​ដាំ​បន្លែ​យ៉ាង​កម្សត់​ដើម្បី​​ជីវិត​រស់​។

ជីវិតនៃការតស៊ូរបស់តារាស្រីមួយដួងនេះ ត្រូវបានមហាជនអ្នកគាំទ្រកោតសរសើរយ៉ាងខ្លាំង។ ជាពិសេសថ្មីនេះកញ្ញាបានគាស់រំលើងប្រវត្តិតស៊ូនៅក្នុងជីវិត បង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឱ្យមហាជនដឹងជាសាធារណៈដោយមិនមានភាពអៀនខ្មាសឡើយ។ ការបង្ហោះនោះ អម​ដោយ​រូបភាពពីរសន្លឹក ដែលមួយសន្លឹកគេមើលឃើញកញ្ញាកាន់ចបកាប់ដីក្រោមកម្ដៅថ្ងៃក្ដៅ មើល​ទៅ​ដូច​ជា​នឿយ​ហត់​នឹង​ការងារ​ខ្លាំង​ណាស់​។ មួយ​សន្លឹក​ទៀត បានបង្ហាញឱ្យឃើញពីរូបសម្រស់ស្អាត រំលេចដោយឈុតរាត្រី បង្ហាញស្នាមញញឹមបញ្ជាក់ពីភាពជោគជ័យ ទាំងទឹកមុខដ៏រឹងមាំរបស់កញ្ញា។

កញ្ញា រឿន ណាត បានបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា «រលឹកដល់រូបភាពមួយសន្លឹកនេះ​ នាងខ្ញុំនឹកដល់កាលពីមុននាងខ្ញុំធ្វើការដើម្បីចិញ្ចឹមគ្រួសារតាំងពីនាងខ្ញុំនៅក្មេង។ ធ្វើការនៅខាងវិទ្យុមួយកន្លែងដែលមានទាំងការជីកដីដាំបន្លែដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រារជាច្រើន។ បទពិសោធជាច្រើនបានចូលមកក្នុងជីវិតខ្ញុំ ហើយក៏មានពុកម៉ែបងប្អូនជាច្រើនបានសួរមកនាងខ្ញុំថា “ ឃើងតស៊ូរថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់ ?” នាងខ្ញុំសុំប្រាប់ទៅពួកគាត់វិញថា ” វាមិនហត់នឹងលំបាកស្មើនឹងកាលពីមុនដែលខ្ញុំជួបនោះទេ ទម្រាំតែនាងខ្ញុំបានមកដល់សព្វថ្ងៃនេះនាងខ្ញុំជួបទាំង ទុក្ខលំបាក ការតស៊ូ ជាច្រើនហើយវាបានក្លាយទៅជាបទពិសោធជីវិតមួយដែលនាងខ្ញុំចងចាំមិនភ្លេចមកដល់សព្វថ្ងៃនេះ “។ ហើយនាងខ្ញុំសូមលើកទឹកចិត្តថា ស៊ូឡើងគ្មានអ្វីអាចយកឈ្នះភាពលំបាកបានក្រៅពីខ្លួនយើងនោះទេ ក្រោកឈរឡើងខំដើម្បីអនាគតរបស់យើង ហើយអ្នកអាចជឿបានថាការតស៊ូនឹងមិនធ្វើអោយអ្នកអស់សង្ឃឹមឡើយ ” ពីនាងខ្ញុំ ( រឿន ណាត MUC’18 )🙏🙏🙏❤»។

យ៉ាងណាមិញ កញ្ញា រឿន ណាត បានរំលឹកប្រាប់ប្រវត្តិរបស់ខ្លួនដល់អ្នកសារព័ត៌មានត្រយ៉ងបានដឹងថា កញ្ញាមានស្រុកកំណើតនៅក្នុងទឹកដីខេត្តកំពង់ចាម មានបងប្អូនចំនួន៣នាក់ និងជាកូនស្រីពៅ។ កញ្ញាមានម្ដាយជាបង្គោលដ៏រឹងមាំនៅក្នុងគ្រួសារ។ ថ្វីត្បិតតែជីវភាពគ្រួសារមិនធូរធារ​ដូចគេ កញ្ញា រឿន ណាត គឺជាយុវតីមា្នក់ដែលរាប់រងបន្ទុករបស់គ្រួសារទាំងមូល។ ក្រោយពីបញ្ចប់ការសិក្សាថ្នាក់ទី១២ នៅវិទ្យាល័យទួលទំពូង ជីវិតកញ្ញាហាក់បីដូចជាគ្មានកោះត្រើយ។ មានតែការអូសទាញពីមិត្តភក្ដិឱ្យចូលប្រឡូកក្នុងវិថីសិល្បៈ ទាំងដែលកញ្ញានៅមិនទាន់ដឹងច្បាស់ពីខ្លួនឯងមានទេពកោសល្យ​អ្វីឱ្យប្រាកដ។

ដោយភាពមុះមុតក្លាហាន អង់អាច កញ្ញា រឿន ណាត បានរំកិលខ្លួនមកដល់ឆាកប្រកួត Miss Universe ហើយដណ្តើមបានមកុដ Miss Universe Cambodia ឬកញ្ញាឯកច្រកវាឡកម្ពុជា២០១៨តាមក្តីស្រម៉ៃប្រាកដមែន។ គួរឱ្យដឹងថា ជីវិតពិតបវរកញ្ញារូបនេះ ពិតជាមិនស្រស់ស្អាតដូចក្តីស្រម៉ៃឡើយ រឿន ណាត ផ្តើមពុះពារខ្លួនចូលទៅវិថីបវរកញ្ញាតែម្នាក់ឯង គ្មានសូម្បីសមាជិកគ្រួសារចាំជួយរុញច្រាន តែក្រោយបញ្ចប់ការប្រកួតភ្លាម កញ្ញក៏បានបើកទំព័រជីវិតថ្មី តាមរយៈការកសាងឈ្មោះជាតារាសម្ដែង រហូតមានឈ្មោះល្បីដល់សព្វថ្ងៃនេះ៕

Telegram-Troryorng
Share.