ក្លិបបាល់ទាត់ Norwich City សម្រេចប្រកាសតែងតាំងលោក Dean Smith ជាអ្នកចាត់ការទូទៅថ្មីរបស់ពួកគេរយៈពេល២ឆ្នាំកន្លះ ពោលគឺរហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រោយបណ្តេញលោក Daniel Farke ចេញពីតំណែង។

គួររំលឹកលោក Dean Smith ត្រូវបានក្លិបបាល់ទាត់ Aston Villa បញ្ចប់តំណែងនៅយប់ថ្ងៃអាទិត្យ ថ្ងៃ៧ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះក្រោយដឹកនាំក្រុមមិនសូវបានល្អ ជាពិសេសគឺការចាញ់៥ប្រកួតជាប់ៗគ្នា ធ្វើឲ្យនាយកប្រត្តិបត្តិលោក Christian Purslow ពិបាកទទួលយក។

ខណ:ក្លិបបាល់ទាត់ Norwich City ក៏ទើបតែបណ្តេញលោក Daniel Farke ចេញពីតំណែងជាគ្រូបង្វឹក បន្ទាប់ពីដឹកនាំក្រុមឈ្នះជាលើកដំបូងក្នុងចំណោម ៣២ប្រកួតចុងក្រោយ លើក្រុម Brentford ក្នុងលទ្ធផល ២-១ កាលពីរាត្រីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១។

បច្ចុប្បន្នក្លិប Norwich City កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ២០ មាន៥ពិន្ទុតែប៉ុណ្ណោះ ក្រោយឆ្លងកាត់១១ប្រកួត ឈ្នះ១ ស្មើ២ និងចាញ់៨លើក ចំណែកឯការប្រកួតបន្ទាប់ត្រូវជួបជាមួយ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា វេលាម៉ោង១០:០០យប់ នៃក្របខណ្ឌ Premier League សប្តាហ៍ទី១២។

Telegram-Troryorng

Share.