បវរកញ្ញា ប៉ូ គឹមថេងសុតធីតា បន្ទាប់ពីដណ្ដើមមកុដ MGC ( Miss Grand Cambodia ) បានកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ កន្លង​ទៅ​ ខណៈ​ក៏​នេះ​ដល់​ពេល​ដែល​កញ្ញាស្ពាយ​មោទកភាព​ជាតិ​ ដោយ​បង្ហាញជំហរយ៉ាងរឹងមាំក្នុងការបោះជំហ៊ានយ៉ាងអង់អាច​ទៅប្រកួតនៅ​លើ​ឆាក​​អន្ដរជាតិ «Miss Grand International» ​ក្នុង​ខេត្ត​ភូកេត ព្រះរាជាណាចក្រ​ថៃ។

នៅព្រឹកថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ យោងតាមការបង្ហោះប្រាប់នៅលើទំព័រហ្វេសប៊ុក Miss Grand Cambodia ឱ្យដឹងថា «ពេលនេះកញ្ញាប៉ូ គឹមថេងសុតធីតា កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា២០២១ ( Miss Grand Cambodia 2021 ) បានត្រៀមនឹងចេញដំណើរហោះហើរពីមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា ទៅកាន់ព្រះរាជាណាចក្រថៃឡង់ដ៍ ខេត្តភូកេតហើយ ជូនពរកញ្ញាអាចធ្វើដំណើរប្រកបដោយសុខសុវត្ថិភាពនិងនាំមុខមាត់ជូនមកប្រទេសកម្ពុជាវិញ»។

សូមជម្រាបផងដែរថា  MGC ប៉ូ គឹមថេងសុតធីតា មិនត្រឹមតែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងស្រុកនោះទេ ថែមទាំងល្បីឈ្មោះដល់ប្រទេសជិតខាងថែមទៀតផង។ កញ្ញាធ្លាប់បានចូលរួមសម្ដែងភាពយន្ដជាមួយតារាឯកប្រុសមកពីប្រទេសមីយ៉ាន់ម៉ា លោក Paing Takhon រឿង«ជញ្ជាំងក្រហម»។ ក្រៅពីអ្នកគាំទ្រពោលសរសើរពីសម្រស់ក៏ដូចជាសម្ថភាពរបស់ MGC ប៉ូគឹមថេង សុតធីតា ដែលមានអាយុ ២៣ឆ្នាំ កម្ពស់ ១៧៥ សង់ទីម៉ែត្រ តែកញ្ញាមានការតស៊ូមោះមុតខ្លាំងថែមទាំងមានបទពិសោធជាច្រើនក្នុងវិស័យប្រលងប្រជែងបវរកញ្ញានេះ ដោយនាងធ្លាប់បានចូលរួមប្រកួត Miss ផ្សេងៗកន្លងមកផងដែរ។ អ្នកគាំទ្របានរំពឹងទុកថា កញ្ញា ប៉ូគឹមថេង សុតធីតា  នឹងនាំភាពជោគជ័យមកកាន់កម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។

ដូច្នោះសូមកុំឱ្យខកខានបោះឆ្នោតគាំទ្រ MGC ប៉ូ គឹមថេងសុតធីតា តាមរយៈហ្វេសប៊ុកផេច Miss Grand International នាពេលខាងមុខនេះ៕

Telegram-Troryorng
Share.