បច្ចុប្បន្ន​​មាន​រឿង​ល្អ​ពីរ​ដែល​ធ្វើ​ឱ្យ​សាធារណជន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​សេចក្ដីអំណរ​ព្រោះ​តារា​ស្រី​ពីរ​ដួង​គឺ​តារា​ចម្រៀង​ស្រី​ ទេព បូព្រឹក្ស​ ​បាន​ចំណាយ​ថវិកា​៦០០​លាន​រៀល​​មក​ផលិត​បទ​ចម្រៀង​ដែល​ស្ដែង​ពី​ស្ត្រី​ជា​អ្នក​ចម្បាំង​ដ៏អង់អាច​ក្លាហាន​ទាក់​ទាញ​បាន​​នូវ​ចំណាប់​អារម្មណ៍​ក៏​ដូច​ជា​ការ​សរសើរ​យ៉ាង​ច្រើន​មហាសាល​ពី​សំណាក់​អ្នក​បាន​ទស្សនា​ស្នាដៃ​នោះ​​ ខណៈស្រីស្រស់​ ប៉ូ គីមថេងសុតធីតា ​ឯណោះ​វិញ​ក៏​កំពុង​តែ​​នៅ​ប្រទេស​ថៃ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​នាម​ជា​ស្ត្រី​ស្អាត​និង​ឆ្លាត​ តំណាង​ឱ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ ជាង​នោះ​កញ្ញា​ក៏​ជា​បេក្ខនារី​ដែល​ទទួល​បាន​ចំនួន​ Vote Best Before Arrival ច្រើន​ផង​ដែរ​។

ការ​បញ្ចេញ​នូវ​វីដេអូ​ MV ដែល​បង្ហាញ​ពី​អារ្យធម៌​ដ៏​រុងរឿង​ ស្ត្រី​ខ្មែរ​ដ៏អង់អាចក្លាហាន​ក្នុង​សម័យ​បុរាណ អមជាមួយ​នឹង​អាវុធ​យុទ្ធភ័ណ្ឌ​សឹក​សង្គ្រាម​ បាន​ឆក់​យក​ព្រលឹង​និង​ដួង​វិញ្ញាណ​កូន​ខ្មែរ​ឱ្យ​ពុះ​កញ្ជ្រោល​ ហើយ​វិល​ត្រលប់​មក​មាន​មោទកភាព​ចំពោះ​ជាតិ​សាសន៍​ ប្រវត្តិសាស្ត្រ​ដ៏​រុងរឿង​ និង​ដឹង​គុណ​ចំពោះ​បុព្វបុរស​ដែល​បាន​បូជា​សាច់ស្រស់​ឈាម​ស្រស់​ ដើម្បី​ថែរក្សា​ការពារ​ទឹក​ដី​សុវណ្ណ​ភូមិ​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។

កន្លង​មក​កញ្ញា​ ទេព​ បូព្រឹក្ស តែងតែ​ព្យាយាម​បញ្ជ្រាប​បញ្ចូល​នូវ​សំលៀកបំពាក់​ប្រពៃណី​វប្បធម៌​ក្នុង​បទ​ចម្រៀង​ចង្វាក់​ញាក់​កន្ត្រាក់​អារម្មណ៍​របស់​ក្នុង​គោល​បំណង​ចង់​បង្ហាញ​ដល់​យុវជន​ជំនាន់​ក្រោយ​ពី​សម្បត្តិ​វប្បធម៌​របស់​ខ្លួន​ ប៉ុន្តែ​កញ្ញា​តែងតែ​រង​នូវ​ការ​ជេរ​ប្រមាថ​និង​មុះសារ​ពី​សំណាក់​បុគ្គល​ដែល​ច្រណែន​និង​មិន​គាំទ្រ​​កញ្ញា​។ យ៉ាង​ណា​មិញ​វីដេអូ​ដែល​ចំណាយ​ប្រាក់​គិត​ជា​ដុល្លារ​ជាង​១៤​ដុល្លារ​នេះ​ កញ្ញា​មិនរុញរា​នឹង​លក់​ឡាន​មួយ​គ្រឿង​មក​ផលិត​ដើម្បី​ជា​ឯកសារ​ ជា​បណ្ណាល័យ​មាន​រូបភាព​ ទុក​ជា​សម្បត្តិ​កេរ្តិ៍​មរតក​ស​ម្រាប់​ជាតិ​និង​ក្មេងៗ​ជំនាន់​ក្រោយ​ៗ​ទៀត​ បាន​យល់​ដឹង​និង​ស្គាល់​ពី​ប្រវត្តិសាស្ត្រ​របស់​ជាតិ​ខ្លួន​។​ ​​

ងាក​មក​បវរកញ្ញា​ MGC ២០២១ កញ្ញា​ ប៉ូ គីមថេងសុតធីតា ក៏​កំពុង​តែ​សកម្ម​ក្នុង​ការ​បង្ហាញ​នូវ​វប្បធម៌​ជាតិ​ សំលៀក​បំពាក់​ប្រពៃណី​ខ្មែរ​ ឱ្យ​បរ​ទេស​កាន់​តែ​ស្គាល់​ច្បាស់​ថែម​មួយ​កម្រិត​ តាម​រយៈ​ការ​ចេញ​ទៅ​តំណាង​ជាតិ​ក្នុង​ការ​ប្រកួត Miss Grand International នៅ​ប្រទេស​ថៃ​។ ការ​ប្រកួត​មិន​ទាន់​ចាប់​ផ្ដើម​ផង​ស្រី​ស្អាត​របស់​កម្ពុជា​រូប​នេះ​បាន​ឆក់​នូវ​ចំណាប់​អារម្មណ៍​ពី​បេក្ខនារី​ពី​ប្រទេស​ផ្សេងៗ​ សាធារណជន​ អ្នក​កាសែត​ជាតិ​និង​អន្តរជាតិ​ ព្រោះ​តែ​កញ្ញា​មាន​ភាព​អង់អាច​ក្លាហាន មាន​ជំនឿ​ចិត្ត​ខ្ពស់​ និង​ត្រៀម​ខ្លួន​ជា​ពិសេស​ដើម្បី​ការ​ប្រកួត​តំណាង​ប្រទេស​កម្ពុជា​លើក​នេះ​ ​ហេតុ​ដូច្នេះ​ទើប​អ្នក​គាំទ្រ​មាន​ការ​រំពឹង​ខ្ពស់​លើ​កញ្ញា​ក្នុង​ការ​នាំ​យក​នូវ​មុខ​មាត់​និង​កិត្តិយស​ត្រលប់​មក​កាន់​ដែនដី​សុវណ្ណ​ភូមិ​វិញ​។

សង្កេត​ឃើញ​ថា​ប៉ុន្មាន​ថ្ងៃ​មក​នេះ​នៅ​លើ​បណ្ដាញ​សង្គម​មហាជន​ហាក់​ផ្ដោត​ការ​ចាប់​អារម្មណ៍​ទៅ​លើ​រឿង​ល្អ​ៗ​ចំនួន​២​នេះ​ ដែល​ធ្វើ​ឱ្យ​សហគមន៍​អនឡាញ​ដ៏ធំ​ហ្វេសប៊ុក​មាន​តែ​ភាព​កោត​សរសើរ​ ការចែក​រំលែក​រឿង​រ៉ាវ​ល្អ​ ពាក់ព័ន្ធ​នឹង​ស្ត្រី​២​រូប​នេះ​ បង្ក​ជា​បរិយាកាស​ដ៏​សែន​រីករាយ​ និង​ស្នាម​ញញឹម​ឱ្យ​គ្រប់​ៗ​គ្នា​ ជា​ពិសេស​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នៃ​ពិធី​បុណ្យ​អុំ​ទូក​ អក​អំបុក​ និង​បណ្ដែត​ប្រទីប​ឆ្នាំ​២០២១ នេះ​ ឱ្យ​កាន់​តែ​គគ្រឹក​គគ្រេង​ទ្វេ​ថែម​ទៀត​។

ត្រយង​សូម​ជូន​ពរ​ឱ្យ​ស្ត្រី​ទាំង​ពីរ​រូប​​គឺ​ កញ្ញា​ ទេព បូព្រឹក្ស និង​កញ្ញា​ ប៉ូ គីមថេង​សុតធីតា ទទួល​បាន​ជោគជ័យ​ក្នុង​ដំណើរ​ការ​ការងារ​សិល្បៈ​រៀងៗ​ខ្លួន​ ហើយ​ក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា​​នៅ​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ ប្រទេស​កម្ពុជា​នឹង​វិល​ត្រលប់​មក​រក​ប្រក្រតី​ភាព​ដូច​កាល​ពី​មុន​វិញ​៕

Telegram-Troryorng
Share.