ដូចមហាជនទាំងអស់បានជ្រាបថា MV Teaser បទ «វីរនារី» របស់កញ្ញា ទេព បូព្រឹក្ស ទើបតែបានបញ្ចេញបានរយៈពេល៣ថ្ងៃប៉ុណ្ណោះ តែទទួលបានការគាំទ្រយ៉ាងខ្លាំងចំពោះការសម្រិតសម្រាំងស្នាដៃមួយនេះ។ វីដេអូ​ MV​ នេះ ត្រូវបានទម្លាយឱ្យដឹងថា កញ្ញា ទេព បូព្រឹក្ស បានលក់រថយន្ដ២គ្រឿងរបស់ខ្លួន ដើម្បីចំណាយក្នុងផលិតអស់ទាំងមូល ដែលសរុបទឹកប្រាក់អស់ជាង ៦០០លានរៀល ឬជាង ១៥ម៉ឺនដុល្លារ។

ការខិតខំប្រឹងនេះ ពិតជាមិនខកចិត្តនោះទេ សូម្បីតែខណៈនេះ ហ្វេសប៊ុកផេកអ្នកគាំទ្រតារាចម្រៀង K-pop ជាហ្វេននៅក្នុងប្រទេសកម្ពុជា ក៏បានបង្ហាញពីចំណាប់ និងលើកសរសើរដល់ការផលិតស្នាដៃរបស់ក្រុមការងារ កញ្ញា ទេព បូព្រឹក្ស ផងដែរ។ នៅក្នុងនោះ ទំព័រហ្វេសប៊ុកផេកដែលមានឈ្មោះថា Fan K-POP បានសរសេរ Caption បានបង្ហាញការគាំទ្រចំពោះកញ្ញា ទេព បូព្រឹក្ស ថា «យើងធ្លាប់ stream MV kpop មកជាច្រើនហើយដែរ ដូច្នេះយើងនិងចូលរួមទាំងអស់គ្នាដើម្បី stream MV ខ្មែរ ម្តងដែលជាស្នាដៃយ៉ាងផ្ចិតផ្ចង់បំផុតរបស់កូនខ្មែរយើង។ ដោយការខំប្រឹងប្រែងរបស់បងស្រី ទេព បូព្រឹក្ស​ នឹងក្រុមការងារទាំងអស់ក្នុងការផលិតបទចម្រៀង «វីរនារី ឬ TOP OF THE LADY»នេះឡើង ដោយបង្ហាញនៅអំណាចស្រ្តី វប្បធម៌ សិល្បៈ ប្រាង្គប្រាសាទឱ្យពិភពលោកបានដឹង ថែមទាំងចំណាយថវិកាអស់ប្រមាណ 600លានរៀល ឬ ១៥ម៉ឺនដុល្លាក្នុងការផលិត ទាំងមិនបានអ្វីមកវិញ។ ដូច្នេះយើងគួរតែគាំទ្រនៅស្នាដៃមួយនេះឱ្យខ្លាំងក្លា Tep Boprek ពួកយើងសម្រេចថានឹងធ្វើការទស្សនា ឬ Stream បទចម្រៀងនេះនៅក្នុងបណ្តាលសង្គម YOUTUBE ឱ្យបានចំនួន 500,000 views ក្នុងរយៈពេល 24ម៉ោង ឬបើធ្វើបានលើសនេះកាន់តែល្អ»។

នៅមានហ្វេសប៊ុកផេកមួយទៀត ដែលមានឈ្មោះថា CY PINK ក៏បានបង្ហោះដែរថា « !!Call out BLINK!! បទចម្រៀង “Top of The Lady (វីរនារី) របស់បង ទេព បូប្រឹក្ស បានបញ្ចេញ Video Teaser ទី១ហើយ ឃើញថាបទមួយនេះបានបង្ហាញពីឥទ្ធិពលនិងឬទ្ធិអំណាចរបស់ស្ត្រីនិងបានរួមបញ្ចូលនូវសំណង់ប្រាសាទបុរាណខ្មែរ និងវប្បធម៌ខ្មែរ ថែមទាំងមានគម្ពីរស្លឹករឹតក្នុងនោះថែមទៀតផង។ យើងត្រូវការជំនួយពីអ្នករាល់គ្នាដើម្បីជួយគាំទ្របទមួយនេះ សង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលរួម »។ នឹមានមួយទៀតមានឈ្មោះថា «មិនទាក់ទងនឹងBLACKPINK / not BLACKPINK related ដោយការខិតខំប្រឹងប្រែងរបស់បងស្រី ទេព បូព្រឹក្សនិងក្រុមការងារទាំងអស់ក្នុងការផលិតបទចម្រៀង « វីរនារី ឬ TOP OF THE LADY » នេះឡើង ដោយបង្ហាញនូវអំណាចស្រ្តី វប្បធម៌ សិល្បៈ ប្រាង្គប្រាសាទឱ្យពិភពលោកបានដឹង ថែមទាំងចំណាយថវិការអស់ប្រមាណជាង600លានរៀល ឬ 15 ម៉ឺនដុល្លាក្នុងការផលិត ទាំងមិនបានអ្វីមកវិញ ដូច្នេះយើងគួរតែគាំទ្រនូវស្នាដៃមួយនេះឱ្យខ្លាំងក្លា»។

មិនអស់ត្រឹមប៉ុននេះនោះទេ នៅមានការបង្ហោះបង្ហាញពីការគាំទ្រជាច្រើនផេកទៀត ដែលសុទ្ធសឹងមានការអំពាវនាវឱ្យអ្នកគាំទ្រខ្មែរ ងាកមកគាំទ្រអ្វីដែលកូនខ្មែរកំពុងផលិត និងបង្ហាញស្នាដៃប្រកួតប្រជែងជាមួយបទចម្រៀងអន្ដរជាតិ៕

Telegram-Troryorng
Share.