កាល​ពី​ពេល​កន្លងមក​នេះ​ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ បាន​ផ្ទុះ​ចេញ​នូវ​ការ​មិន​ពេញ​ចិត្ត​មួយ​ប្រាវ ដោយ​សារ​តែ​​ឈុត​តំណាង​ជាតិ​របស់​ខ្មែរ​ ក្នុង​កម្មវិធី​ Miss Grand International ត្រូវ​ផ្លាស់ប្ដូរ​និង​កែ​សម្រួល​ជា​ថ្មី​ ហើយ​ថែម​ទាំង​មាន​ការ​បណ្ដេញ​អ្នក​ច្នៃ​ម៉ូដ​ឈុត​តំណាង​ជាតិ​ ដែល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​មួយ​ចំនួន​ជះ​កំហឹង​និង​ប្រើ​សម្ដី​ធ្ងន់​ៗ​ ព្រោះ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​គណៈ​កម្មការ​រៀបចំ​។

ប៉ុន្តែ​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​ នៅ​ពេល​ដែល​ឈុត​តំណាង​ជាតិ​ជា​ផ្លូវ​ការ​ National Costume Miss Grand 2021 ត្រូវបាន​កែ​តម្រូវ​និង​បង្ហាញ​នៅ​លើ​ផេក​ផ្លូវ​ការ​ Miss Grand Cambodia គ្រង​ដោយ​កញ្ញា​ ប៉ូ គីមថេងសុតធីតា ទទួល​បាន​​​ការ​អបអរសាទរ​​ និង ​កោត​​សរសើរ​យ៉ាង​ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ ខណៈ​នៅ​មាន​មតិ​ចូលរួម​កែ​លម្អ​បន្ថែម​បន្តិច​បន្តួច​ប៉ុណ្ណោះ​។

ឈុត​តំណាង​ជាតិ​កញ្ញា​ឯក​ដ៏​អស្ចារ្យ​នៃ​កម្ពុជាដែល​មាន​ឈ្មោះ​ថា​ ក្សត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយ​ធម៌​ ត្រូវ​បាន​មហាជន​កោត​សរសើរ​ ខណៈ​អ្នក​ខ្លះ​ទៀត​ឆ្លៀត​ឌឺដង​ឱ្យ​ភាគី​ថៃ​ថា​អាចនឹង​ក្អួត​​ឈាម​ពេល​បវរកញ្ញា​កម្ពុជា​ ​បង្ហាញ​ឈុត​នេះ​​នៅ​លើ​ឆាក​។

ឈុត​តំណាង​ជាតិ​ ក្សត្រី​ក្រុង​កម្ពុជា​នៃ​វប្បធម៌​អរិយធម៌​ គឺជា​ឈុត​ដែល​រចនា​ឡើយ​ដោយ​នាំ​យក​នូវ​ព្យញ្ជនៈ​ខ្មែរ​ ដួង​ព្រលឹង​ជាតិ​ និង​ឆ្នេរខ្សាច់​សស្អាត​នា​ខេត្ត​ព្រហសីហនុ​ មក​បូក​បន្ថែម​ក្បូរក្បាច់​រចនា​យ៉ាង​ប្រណីត​បង្កើត​បាន​ជា​ឈុត​ដ៏​ល្អ​ឯក​​​មួយ​នេះ​ឡើង​។ នៅ​ខាង​ក្រោយ​ឈុត​ដ៏​ស្រស់​ស្អាត​ និង​ពេញ​ទៅ​ដោយ​ប្រណិតភាព​នេះ​ គឺ​​ជា​ការ​លះបង់​ទាំង​កម្លាំង​កាយ និង​កម្លាំង​ចិត្ត​​ ជាពិសេស​ការ​ប្រើ​ដួង​ចិត្ត​ស្រលាញ់​យក​មក​ច្នៃ​ឈុត​នេះ​ពី​សំណាក់​ក្រុម​ការងារ​ ដែល​មាន​លោក អាន សាមួន ជា​អ្នក​គូ​រូប លោក​ លី ភក្ដ្រា​រដ្ឋហ្វុង​ និង​លោក​ សាយ ធារ៉ា ជា​អ្នក​ច្នៃ​ម៉ូដ​។ តាម​រយៈ​ស្នាដៃ​ដ៏​អស្ចារ្យ​នេះ​ ប្រជាពលរដ្ឋ​កម្ពុជា​​ពិត​ជា​មោទកភាព​​ចំពោះ​ការ​យក​ ​ឈុត​តំណាង​ជាតិ​មួយ​នេះ​ទៅ​បង្ហាញ​នៅ​លើ​វេទិកា​អន្តរជាតិ​។

ឈុត​តំណាង​ជាតិ​នេះ​គឺជាស្នាដៃ​មួយ​ដែល​នឹងក្លាយ​ជា​ឧបករណ៍​ដ៏​សំខាន់​ជួយ​លើក​ទឹក​ចិត្ត​ដល់​យុវជនកម្ពុជាជំនាន់ក្រោយឲ្យមានភាពក្លាហានបញ្ចេញស្នាដៃ បង្ហាញមុខមាត់ជាតិ និង​បង្ហាញអត្តសញ្ញាណជាតិទៅកាន់ពិភពលោក ។

ខណៈ​ដែល​មាន​ការ​កោត​សរសើរ​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ចំពោះ​ឈុត​តំណាង​ជាតិ​ដែល​កែច្នៃ​យ៉ាង​ប្រណិត​នេះ​ ក៏​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​ទៀត ​បាន​បញ្ចេញ​ចំណាប់​អារម្មណ៍​ ​ដល់​ភាគី​ថៃ​បែប​ផ្លែ​ផ្កា​បែប​ខ្លី​ៗ​តែ​ឈឺៗ​ថា​៖ «ថៃស្លរឈាមងាប់ហើយ» ,«ពេលខ្មោចថៃឃើញឈុតនេះហើយ: ខ្មោច អត់ទេ អត់ទេ» ការ​បញ្ចេញ​នូវ​ចំណាប់​អារម្មណ៍​ពី​សំណាក់ហ្វេន​មួយ​ចំនួន​តូច​នេះ​ ក៏​ដោយសារ​តែ​ហ្វេន​នៅ​ខឹង​គុំ​រឿង​ប្ដូរ​ឈុត​តំណាង​ជាតិ​ចាស់​ចេញ​កាល​ពី​លើក​មុន​។

គួរដឹងថា​ខណៈ​នេះ​បវរកញ្ញា​កម្ពុជា​កញ្ញា​ ប៉ូ គីមថេងសុតធីតា​ ដែល​ជា​បេក្ខនារីបវរកញ្ញា​តំណាងជាតិ​កម្ពុជា​​បាន​ទៅ​ដល់​ព្រះរាជាណាចក្រ​ថៃ​​នាខេត្ត​ភូកេត ដើម្បី​ត្រៀម​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី៤​ខែធ្នូ​ ឆ្នាំ​២០២១ ​ខាង​មុខ​នេះ​៕

ទស្សនា​វីដេអូ​ព័ត៌មាន​ខាង​ក្រោម​នេះ​៖

Telegram-Troryorng
Share.