ក្រុមជនសង្ស័យមានគ្នា​៦នាក់​ បាន​ប្រើប្រាស់​ខ្សែកាត់ទទឹងផ្លូវ​ ដើម្បីទាក់​ ក ជនរងគ្រោះ​ ឈានទៅចាប់​រំលោភ​ក្មេងស្រីអាយុ​១៦ឆ្នាំ ឈ្មោះ អ.ជ ជាសិស្សថ្នាក់ទី១២។ ហេតុការណ៍​កើត​ឡើង​នៅវេលាម៉ោង​៥ល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ២០២១ នៅស្រុកចំការលើ ខេត្តកំពង់ចាម នៅពេល​ជនរងគ្រោះ​ជិះម៉ូតូ​ចេញពីរៀន​ឆ្លងកាត់​ផ្លូវស្ងាត់​ ក៏ត្រូវជនសង្ស័យ​មួយក្រុម​ធ្វើ​សកម្មភាព​ទាក់ ក ដើម្បី​ចាប់​រំលោភក្មេងស្រី។​​

ជុំវិញបញ្ហានេះ លោក​ អ៊ិត និត្យ​មេឃុំ ចំការ​អណ្ដូង​ បាន​ឲ្យដឹងថា សមត្ថកិច្ច​កំពុង​តាម​ចាប់​ជនសង្ស័យ​​ហើយ។​

យ៉ាងណាមិញប្រភពពីសមត្ថកិច្ចបង្ហើបប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យម្នាក់​ក្នុង​ចំណោម​៦នាក់ ត្រូវបាន​ចាប់ខ្លួន​បាន​ហើយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នាវេលាម៉ោង២៖១៥នាទី​។ ជនដៃដល់ដែលត្រូវបានចាប់ខ្លួននេះ ឈ្មោះ ម៉ាប់ កំសត់ ហៅអាលន អាយុ១៦ឆ្នាំ។

នៅលើទំព័រហ្វេសបុក​ ប្រភពពីមិត្តភ័ក្ដិ​ក្មេងស្រី​រងគ្រោះ​ បាន​សរសេរ​ថា រឿង​រ៉ាវ​នេះ គឺពិត​ជា​សាហាវ! ជនសង្ស័យ​មានគ្នា​០៦នាក់ បាន​ស្ទាក់ធ្វើបាប​ប្អូន​ស្រី​ជាសិស្សសាលា​រៀន ដ៏ស្លូតបូត​ម្នាក់​ ដោយ​ជនល្មើស​ប្រើ​ខ្សែទាក់ ក និង​ធ្វើ​បាប​លើ​រូបរាងកាយ​ប្អូនស្រី​រហូត​ដល់​បាត់​បង់​ជិវិត។​

ចំពោះ​គណនី Seang Hai ក៏បានសរសេរ​ដែរ​ថា មនុស្សប្រុស​អើយ​មនុស្ស​ប្រុស​ហេតុអ្វី​មិន​គិត​ដល់​ចិត្តមនុស្សស្រី​ផង ដោយសារ​តែ​ការ​សប្បាយ​របស់​មនុស្ស​ប្រុសមួយភ្លែត​ធ្វើ​ឲ្យ​បាត់​បង់​ជីវិត។​ មនុស្សប្រុសបែប​នឹង​មាន​ប៉ុន្មាន​នាក់​ទៀត។​ ប្រសិន​បើ​ជា​ចាប់​បាន​មិន​ចាំបាច់​ដាក់​គុក​ទេ​ កាត់…​វាទាំង​រស់​ឲ្យ​ឆ្កែស៊ីល្អជាង។​ ធ្វើអីចឹង​ទើប​ក្មេងៗមួយចំនួន​មិន​ហ៊ាន​ធ្វើ​អីចឹង​ទៀត!។

គណនីដដែល​ក៏បាន​ជួយចែករំលែក​ទុក្ខដល់ក្រុមគ្រួសារ​របស់​បងស្រី ដែលបានបាត់បង់​ជីវិត​។ បងគេបងយើង។

គណនី Jee Lina ក៏បាន​សរសេរ​ដែរថា ចូលរួម​រំលែកទុកផងឯង @So Phanny គ្រាន់តែ​ឯងឆាតរូបឲ្យគ្នា​មើល​ហើយ​ឡើង​ស្លុតចិត្ត​ណាស់​ ចង់​យំតាមឯងហើយ​ស៊ូៗណា​ មិនមែនជាប់​សាច់​ញាតិ​អីទេ តែជាប្អូន​របស់​មិត្តិភ័ក្ដិ​ ហើយ​ក៏ជាក្មយយ​របស់​អ្នក​គ្រូ​លោកគ្រូ​ដែល​បាន​បង្រៀន​ខ្ញុំ កាល​នៅ​រៀន​ ហើយ​ប្អូន​ស្រី​ដែល​ស្លាប់​ទៅ​នេះ​ គឺជា​មនុស្ស​ដែល​ធ្លាប់​បង្រៀន​ភាសាថៃ​ឲ្យ​ខ្ញុំ​ចេះ​និយាយ​ បើ​តាម​ចរិត​វិញ ស្លូតបូត​ណាស់​ ចេះ​យក​អាសារ​ ចេះគោរព​ចាស់​ទុំ ហើយ​ស្ដាប់​ដំបូល​មាន​បងប្អូនទាំង​អស់​ និយាយ​ជារួម​ទៅ​គាត់​ជា​មនុស្ស​ល្អតែ​ហេតុ​អី គាត់​ត្រូវ​ទទួល​រឿង​បែប​នេះ មិន​យុត្តិធម៌ទេ ។ គ្មាន​អ្វី​និយាយ​ច្រើន​ទេ មានតែពាក្យ​ថា​ អាណិត​ប្អូន​ណា សូម​ឲ្យ​កើតជាតិ​ណាៗ កុំឲ្យជួប​រឿង​បែប​នឹងទៀត។​

ទាក់ទង​នឹងអំពើរំលោភសម្លាប់​ខាង​លើ​នេះ គឺអាច​នឹង​ចូល​ក្នុង​បទឃាតកម្ម​គិតទុកជាមុន តាមមាត្រា ២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើ រំលោភសេពសន្ថវៈ) នៃក្រមព្រហ្មទណ្ឌ។​ ឃាតកម្មគិតទុកជាមុន គឺអំពើសម្លាប់មនុស្សដោយគិតទុកជាមុន ឬដោយការ ពួនស្ទាក់។ ការគិតទុកជាមុន គឺជាគម្រោងដែលបង្កើតឡើងមុនអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ។ ការពួនស្ទាក់ គឺជាអំពើឃ្លាំចាំបុគ្គលណាម្នាក់ ក្នុងរយៈពេលមួយរយៈដើម្បីប្រព្រឹត្តអំពើបៀតបៀនទៅលើ រូបបុគ្គលនៃជនរងគ្រោះ ។ ឃាតកម្មគិតទុកជាមុន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕

Share.