យ៉ាងហោចណាស់មានតូបលក់ដូររបស់អាជីវករចំនួន៥០ត្រូវបានភ្លើងឆាបឆេះនៅ ហេតុការណ៍គ្រោះអគ្គិភ័យនៅផ្សារត្រាំកក់ស្ថិតនៅភូមិត្រពាំងរំពាក់ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវកាលពីយប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១នេះ។

តាមប្រភពពីអាជ្ញាធរបានឲ្យដឹងថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះបណ្ដាលមកពីទុស្សេខ្សែភ្លើង ហើយបានឆាបឆេះអស់តូបចំនួន៥០ ខូចខាតសម្ភារទាំងស្រុងចំនួន៣៥តូប ខូចខាតតិចតូចចំនួន១៥តូប និងមិនបានបណ្ដាលឲ្យគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សទេ។

យ៉ាងណាក៏ដោយរហូតមកដល់ពេលនេះ អាជ្ញាធរមិនទាន់អាចវាយតម្លៃ ទំហំខូចខាត ជាទឹកប្រាក់សរុបនោះឡើយដោយត្រូវរង់ចាំផ្នែកពាក់ព័ន្ធជួបប្រជុំវាយតម្លៃនៅព្រឹកនេះទៀត៕

Share.