បន្ទាយមានជ័យ៖ ស្រូវប្រជាកសិករឆ្នាំ២០២១នេះ នៅស្រុកម៉ាឡៃទទួលបានផលល្អ ដោយទឹកជំនន់លិចដែរតែមិនយូរធ្វើឲ្យផលស្រូវ ទទួលបាន ផលច្រើនជាងឆ្នាំ២០២០ ប៉ុន្តែប្រជាកសិករបានត្អូញត្អែររឿងប្រេង និងជីឡើងថ្លៃ ចំណែកម៉ាស៊ីនច្រូតវិញក៏ឡើងថ្លៃដូចគ្នា។

ប្រជាកសិករនៅឃុំពង្រ ស្រុកម៉ាឡៃ បានរៀបរាប់ថា ស្រូវឆ្នាំនេះ ទឹកលិចមិនសូវធំ និងមិនយូរធ្វើឲ្យផលស្រូវទទួលបានផលល្អច្រើនជាឆ្នាំ២០២០ ហើយតម្លៃវិញ បើប្រៀបធៀបទៅនិងឆ្នាំ២០២០ ប្រហាក់ប្រហែលគ្នា ទាស់ត្រង់ចុះថ្លៃដើមច្រើនជាងឆ្នាំមុន ព្រោះជីឡើងថ្លៃចង់ទ្វេរដង ប្រេងនិងថ្លៃឈ្នួលច្រូតក៏ឡើងថ្លៃដូចគ្នា។

ប្រជាកសិករលើកឡើងថា ចំពោះតម្លៃវិញ ឈ្មួញកណ្តាលទិញមកដល់កន្លែង ដើមដៃស្រូវប្រភេទរំដួល និងដកម្លិៈ ចែកចេញជាបីប្រភេទ ស្រូវស្រ ស់ប្រភេទលេខ១ ក្នុងមួយតោន ៨៣០០ទៅ៨៥០០បាត (ប្រាក់ ថៃ) ស្រូវលេខ២ ក្នុងមួយតោន ៧៤០០ ទៅ៧៥បាត និងលេខ៣ ក្នុងមួយតោន ខ្ពស់បំផុត៦៥០០បាត។ ដោយឡែក សម្រាប់ស្រូវស្ងួតវិញប្រភេទលេខ១ ក្នុងមួយតោនតម្លៃ ៩,៥០០ ទៅ១០,០០០បាត,ប្រភេទលេខ២ ក្នុងមួយ តោន ៩,០០០ ទៅ៩៥០០ បាត និងប្រភេទលេខ៣ ក្នុងមួយតោនខ្ពស់បំផុតត្រឹមតែ ៧,០០០បាត៕

អត្ថបទ៖ ប៉ោយប៉ែត

Share.