ភ្នំពេញ ៖ រថយន្តហ្វ័តមួយគ្រឿង ខណៈដែលកំពុងបើកឆ្លងផ្លូវ ត្រូវបានរថយន្តសណ្តោងទ្រុងបែនដឹកថ្មបើកបុក បណ្តាលឲ្យខ្ទេចមួយចំហៀង តែមិនបណ្តាលឲ្យរងរបួសដល់មនុស្ស ។

ហេតុការណ៍ខាងលើ ស្ថិតនៅលើមហាវិថីឈ្នះ ឈ្នះ ត្រង់ចំណុចភូមិត្រពាំងទា សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាល ពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ភាគីខាងរថយន្តម៉ាកហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-BE-8654 បើកដោយបុរសម្នាក់ តាមផ្លូវបេតុងពីលិចទៅកើតឆ្លងមហាវិថី ឈ្នះ ឈ្នះ បត់ឆ្ពោះទៅជើងមិនទាន់ទាំងផុតផង ស្រាប់តែភាគីរថយន្ត ម៉ាកហុីយ៉ាន់ដាយសណ្តោងទ្រុងបែនដឹកថ្ម ពាក់ស្លាកលេខ ភ្នំពេញ 3C-2501 បើកពីត្បូងទៅជើងល្បឿនលឿន ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីចំហៀងរថយន្តហ្វ័ត បណ្តាលឲ្យ ខ្ទេចមួយចំហៀង បែកកង់មុខក្រោយ ។

ភ្លាមៗនោះត្រូវបានសមត្ថកិច្ចចុះទៅអន្តរាគមន៍ សម្រួលចរាចរ ដោយសារភាគីទាំងពីរនិយាយមិនត្រូវគ្នា ទើបប្រគល់ឲ្យសមត្ថកិច្ចវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន ៕

Share.