យោងតាម Radio Free Asia (RFA) ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អាមេរិក​បាន​ចុះផ្សាយ​ព័ត៌មាន​ដ៏​រន្ធត់​មួយ​ដែល​បានកើត​ឡើង​នៅ​ប្រទេស​កូរ៉េខាងជើង​កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ថា​ប្រទេស​​កាន់​របប​កុំ​ម៉ុនីស្ត​មួយ​នេះ​ ​បាន​ចាប់​សិស្ស​វិទ្យាល័យ​ជាច្រើន​នាក់​ដាក់ទោស​ក្រោយ​ចាប់បានថា​អ្នក​ទាំងនោះ​លួច​មើល​រឿង​ភាគ​កូរ៉េ «Squid Game»

សិស្សសាលា និង​អ្នកលក់ USB ដែលមាន​ផ្ទុក​រឿង​ភាគ​កូរ៉េខាងត្បូង «Squid Game» ត្រូវបាន​អាជ្ញាធរ កូរ៉េខាងជើង បាញ់សម្លាប់ ចាប់​ដាក់ពន្ធនាគារ ក្រោយ​ចាប់បាន​ថា​ប្រព្រឹត្តិ​ល្មើសច្បាប់​រឹតបន្តឹង​ការផ្សព្វផ្សាយ Content បរទេស។

នៅក្នុង​សេចក្ដីរាយការណ៍​នោះបាន​ផ្សាយ​ថា ប្រភពពី​ក្នុងប្រទេស​កូរ៉េខាងជើង​បាន​ប្រាប់ RFA ថា «កាលពីដើម​សប្ដាហ៍​នេះ យុវ​សិស្ស​វិទ្យាល័យ​ជាច្រើន​នាក់​រស់នៅក្នុង​ក្រុង Chongjin នា​ភាគ​ខាងជើង​ខេត្ត Hamgyong ត្រូវបាន​កង​បញ្ជាការ​ល្បាត ១០៩ ចាប់ខ្លួន។ អ្នក​ដែល​នាំចូល USB មាន​ផ្ទុក​ទៅដោយ​រឿង​ភាគ​កូរ៉េ​មក​ចែកចាយ​ក្នុងប្រទេស​ខាងជើង​ត្រូវបាន​បាញ់​សម្លាប់ចោល ចំណែក​សិស្ស​ដែល​ទិញ​រឿង​យកមក​មើល​ត្រូវ​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​មួយជីវិត ខណៈ​អ្នក​ដែល​ចូលរួម​មើល​រឿង​នោះម្នាក់ៗជាប់ទោស​និង​ត្រូវ​អប់រំ​កែប្រែ​តាមរយៈ​ការប្រើប្រាស់​កម្លាំង​ពលកម្ម​ចំនួន៥ឆ្នាំ»

ប្រភព​ដដែល​បាន​ពន្យល់​បន្ថែមទៀតថា៖ «កូនសិស្ស​ទាំងនោះ​ត្រូវបាន​ក្រុម​បញ្ជាការ​ល្បាត១០៩ចាប់ខ្លួន​ក្រោយពី​សិស្ស​ម្នាក់​ដែល​បាន​មើល​រឿងនេះ​ជាមួយនឹង​សិស្ស​ដែល​បាន​ទិញ USB រឿង​ហើយ​យក​ទៅ​ប្រាប់​សិស្សផ្សេងៗទៀត​ពី​រឿងនេះ រួច​មក​ពួកគេ​បាន​ចែករំលែក​ USB នេះ​ ​ឱ្យ​គ្នា​មើល​ជា​បន្តបន្ទាប់​​មុននឹង​ត្រូវ​ចាប់ខ្លួនបាន»

ប្រភព​បាន​បន្តទៀតថា៖ «កូរ៉េខាងជើង​បានចាត់ទុក​ថា​នេះ​គឺជា​បញ្ហា​ធំ​ព្រោះនេះ​គឺជា​លើកដំបូង​ដែល​អនីតិជន​ប្រព្រឹត្តិ​ល្មើស​ហើយ​ត្រូវ​ចាប់ខ្លួន​ក្នុងខណៈដែល​ប្រទេស​នេះ​កំពុង​រឹតបន្តឹង​ការផ្សព្វផ្សាយ ឬ បោះពុម្ពផ្សាយ Content បរទេស»។ ការស៊ើបអង្កេត​ស្រា​ជ្រាវ​និង​ដាក់ទណ្ឌកម្ម​ចំពោះ​អ្នកប្រព្រឹត្តិ​ល្មើស​នឹងត្រូវ​ចាត់វិធានការ​ជា​បន្តខ​ណៈ​ដែល​ប្រទេស​នេះ​កំពុង​បិទ​ខ្ទប់​ព្រំដែន​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វីដ-១៩ ដូច្នេះ​តើ​ឧបករណ៍ USB នេះ​ជ្រៀតចូល​ក្នុងប្រទេស​នេះ​ដោយ​របៀប​ណា?

ក្រៅពី​ដាក់ទោស​ចំពោះ​សិស្ស​ទាំងអស់នោះ​ហើយ នាយក​សាលា រដ្ឋលេខាធិការ​ផ្នែក​អប់រំ​យុវជន និង​គ្រូ​បន្ទុក​ថ្នាក់​របស់​សិស្ស​ទាំងអស់​ត្រូវបាន​ដកតំណែង និង​បណ្ដេញ​ចេញពី​សមាជិកភាព​បក្ស។ អាជ្ញាធរ​ប្រទេស​កូរ៉េខាងជើង​កំពុងតែ​ដឹកនាំ​ដំណើរការ​ពង្រីក​វិសាល​​ឱ្យ​កាន់​ធំ​​ស្វែងរក​ចាប់​ខ្លួន​​អ្នកលក់ CD និង USB ដែលមាន​ផ្ទុក​ភាពយន្ត​បរទេស​ហើយ​កំពុង​ចរាចរណ៍​នៅក្នុង​ទីផ្សារ​កូរ៉េខាងជើង។

គួរ​ដឹងថា​នេះ​មិនមែនជា​លើកទីមួយ​ឡើយ​ដែល​អាជ្ញាធរ​ប្រទេស​កូរ៉េខាងជើង​បាន​រឹតបន្តឹង​ច្បាប់​និង​ដាក់ទោស​ចំពោះ​ជនជាតិ​កូរ៉េខាងជើង​ដែល​ល្មើស​លួច​មើល​រឿង​ឬ​ស្ដាប់​បទ​ចម្រៀង​របស់​ប្រទេស​កូរ៉េខាងត្បូង៕

Telegram-Troryorng



Share.