ពានរង្វាន់​បាល់ទាត់​ធំ​ជាង​គេ​នៅ​ទ្វីប​អឺរ៉ុប UEFA Champions League ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីបអឺរ៉ុប បាន​រក​ឃើញ​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​សម្រាប់រដូវកាល​ឆ្នាំ​២០២០-២០២១ នេះ​ដោយ​ក្រុម​ទាំង​២​សុទ្ធ​តែ​ធ្វើ​ដំណើរ​ទៅ​ពី​ប្រទេស​អង់គ្លេស​ដូចគ្នា មាន Manchester City និង Chelsea។

មុន​មក​ដល់​វគ្គ​នេះ​ក្រុម​បាល់ទាត់ Man City បាន​យក​ឈ្នះ​លើ​ក្រុម​Paris Saint-Germain របស់​បារាំង ដោយ​លទ្ធផល ទាំង​២ជើង​៤ទល់១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ខណៈ​ក្រុម​ Chelsea បាន​យក​ឈ្នះ​លើ​ក្រុម Real Madrid របស់​អេស្ប៉ាញ ដោយ​លទ្ធផល​ទាំង​២​ជើង ៣ទល់១។

Chelsea (ខៀវ) ប្រកួតជាមួយ Real Madrid (ស)

គិត​ពី​ឆ្នាំ​១៩៥៥ មក​ពេល​នេះ​គឺ​៦៦ឆ្នាំ​ទៅ​ហើយ ដែល​ពានរង្វាន់ UEFA Champions League បង្កើត​ឡើង ដោយ​ប្រកួត​នៅ​រៀងរាល់​ឆ្នាំ​ដើម្បី​​ជ្រើសរើស​ក្រុម​​ខ្លាំងៗ​ក្នុង​លីគ​ជាតិ ​តាម​ប្រទេស​នីមួយៗ​​ប្រកួត​ប្រជែង។ នេះ​ជា​លើក​ទី៣ ហើយ​តាំង​ពី​ពានរង្វាន់​នេះ​​បង្កើត​ឡើង​ ដែល​ក្រុម​បាល់ទាត់​របស់​ប្រទេស​អង់គ្លេស​ជួប​គ្នា​វគ្គ​ផ្ដាច់ព្រ័ត្រ​ខណៈ​២លើក​កន្លង​មក៖

លើក​ទី១) នៅ​រដូវកាល​២០០៧-០៨ ក្រុម​ Manchester United បាន​​ឈ្នះ​​ក្រុម Chelsea ដោយ​​ទាត់​បាល់​ប៉េណាំងទីកាត់សេចក្តី​ ៦ទល់៥ ក្រោយ​ប្រកួត​ពេញ​ម៉ោង​៩០នាទី​ស្មើ​គ្នា​១ទល់១ លើ​ទីលាន​កីឡដ្ឋាន Luzhniki Stadium ក្នុង​ទីក្រុង Moscow ប្រទេស​រុស្ស៊ី ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​៦៧,៣១០ នាក់​ចូល​ទស្សនា​ផ្ទាល់។

លើក​ទី២) នៅ​រដូវកាល​ឆ្នាំ​២០១៨-១៩ ក្រុម​ Liverpool បាន​យក​ឈ្នះ​លើ​ក្រុម Tottenham Hotspurដោយ​លទ្ធផល​២ទល់០ លើ​ទីលាន​កីឡដ្ឋាន Metropolitano Stadium ក្នុង​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ប្រមាណ​៦៣,២៧២ នាក់​ចូល​ទស្សនា​ផ្ទាល់។

អត្ថបទពាក់ព័ន្ធ៖លេចចេញ​ពានរង្វាន់ European Super League ធ្វើ​ឱ្យ​បាល់ទាត់​នៅ​អឺរ៉ុប​វឹកវរ?

គិត​ត្រឹម​ពេល​នេះ​ដែរ​ក្រុម​បាល់ទាត់ Real Madrid របស់​អេស្ប៉ាញ ឈ្នះ​ជើង​ឯក​បាន​ច្រើន​ជាង​គេ ចំនួន​១៣លើក ស្រប​ពេល​ក្រុម​របស់​អង់គ្លេស មាន​ Liverpool ឈ្នះ​ជើង​ឯក​បាន​៦លើក ក្រុម Manchester United ឈ្នះ​បាន៣លើក ក្រុមNottingham Forest ឈ្នះបាន​២លើក និង​ក្រុម​ Chelsea និង Aston Villa ឈ្នះ​បាន​ម្នាក់​១លើក។

ក្រុម Man City ប្រកួតជាមួយ PSG

ចំណែក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​នេះ​វិញ សហព័ន្ធ​កីឡា​បាល់ទាត់​អឺរ៉ុប បាន​ចាប់ឆ្នោត​ជ្រើសរើស​​រៀបចំ​ឡើង​នៅ​​កីឡដ្ឋាន Atatürk Olympic Stadium ក្នុង​ទីក្រុង Istanbul ប្រទេស​ទួរគី។ តាម​ការ​គ្រោង​ទុក​ក្រុម ​Manchester City ត្រូវ​ជួប​ក្រុម Chelsea នៅ​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ថ្ងៃ​ទី២៩ ខែ​ឧសភា ឆ្នាំ​២០២១ ខាង​មុខ។

សូម​បញ្ជាក់​ថា​ ក្រុម​ដែល​ទទួល​ជើង​ឯក នឹង​​បាន​ពានរង្វាន់​១ មេដាយ​​មាស​ចំនួន​៤០និង​ប្រាក់​រង្វាន់​១៩​លាន​ផោន។ ទទួល​សិទ្ធិ​តំណាង​ទ្វីប​អឺរ៉ុប ចូលរួម​ប្រកួត​ក្នុង​ពាន​ពិភពលោក 2021 FIFA Club World Cup នៅ​ប្រទេស​ជប៉ុន​ ក្នុង​ខែ​ធ្នូ ចុងឆ្នាំ។ ទទួល​សិទ្ធ​ប្រកួត​ក្នុង​ពាន 2021 UEFA Super Cupជាមួយ​ក្រុម​ជើង​ឯក​មក​ពី​ពាន 2020–21 UEFA Europa League នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​Windsor Parkក្នុង​ទីក្រុង Belfast​ប្រទេស​អៀរឡង់ខាងជើង៕

Share.