តារា​ចម្រៀង​ ចេន​ ​សាយ​ចៃ​​ បាន​ខកខាន​មក​បង្ហើរ​សំនៀង​​បំពេ​​អារម្មណ៍​អ្នក​គាំទ្រ​កម្ពុជា​មួយ​ឆ្នាំ​ជាង​ហើយ​ចាប់​តាំង​ពី​មាន​ការ​បិទ​ព្រំដែន​ច្រកចេញ​ចូល​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​ដោយ​សារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ យ៉ាង​ណា​មិញ​តារា​ចម្រៀង​រូប​នេះ​ក្រៅ​ពី​ត្អូញ​នឹក​រលឹក​ដល់​អ្នក​គាំទ្រ​កម្ពុជា​ហើយ​នោះ​ ក៏​បាន​បង្ហើប​ឱ្យ​ដឹង​ដែរ​ថា​ ពេល​នេះ​​មាន​ការ​លំបាក​ខ្លាំង ​ព្រោះ​តែ​អាជីព​សិល្បៈ​ត្រូវ​បាន​ផ្អាក​ស្ទើរ​ទាំង​ស្រុង​។​

ម្ចាស់​បទ​ចម្រៀង​ «នាង​លក់​ក្របី​ចោល​» ​រូប​នេះ​​បាន​ឱ្យ​ដឹង​តាម​រយៈ​សារ​ជា​សំឡេង​ថា​នៅ​ពេល​នេះ​នៅ​ប្រទេស​ថៃ​មាន​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ​-១៩ រលក​ទីបី ​​ដែល​ការ​ឆ្លង​រីក​រាលដាល​ម្ដង​នេះ​មាន​ទំហំ​ធំ​និង​ធ្ងន់​ធ្ងរ​ខ្លាំង​ជាង​មុន​ព្រោះ​មាន​អ្នក​ឆ្លង​ច្រើន​សូម្បី​តែ​​នៅ​ទឹក​ដី​សុរិន​ក៏​មាន​អ្នក​ឆ្លង​ជិត​ចូល​ខ្ទង់​រយ​នាក់​ដែរ​។

«អាឡូ​អូន​! បង​សុខ​សប្បាយ​ ប៉ុន្តែ​ខាង​សុរិន​ប្រទេស​ថៃ​មាន​ការ​ផ្ទុះ​កូវីដ​ គេ​ហៅ​ថា​លើក​ទីបី​ លើកទីបី​នេះ​ខ្លាំង​ជាង​លើក​ទីមួយ​លើក​ទីពីរ​ទៀត​ ប៉ះពាល់​ទូទាំង​ប្រទេស​ ប៉ះពាល់​ទាំង​អស់​ សុរិន​ក៏​មាន​អ្នក​ឆ្លង​ដែរ​ឥឡូវ​នេះ លើក​ទីមួយ​ទីពីរ​ឆ្លង​ត្រឹម​បី​បួន​នាក់​ តែ​លើក​ទីបី​នេះ​ជិត​រាប់​សិប​នាក់​ តែ​អាច​នៅ​គ្រប់​គ្រង​បាន​​ »។

អ្នកនាង ចេន សាយចៃ និង លោក គួច ខេវិន

ងាក​មក​អាជីព​សិល្បៈ​វិញ​តារា​ចម្រៀង​រូប​នេះ​ ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ ជំងឺកូវីដ-១៩ ធ្វើឱ្យ​ប៉ះពាល់​ខ្លាំង​ដល់​​អាជីព​អ្នក​ចម្រៀង​ អ្នក​សិល្បៈ​ ព្រោះជា​អាជីព​ដំបូង​ដែល​មាន​ការ​បិទ​ផ្អាកមុនគេ ​ដើម្បី​ទប់​ស្កាត់​ការ​ជួប​ជុំ​ជា​ទ្រង់​ទ្រាយ​ធំ​ណា​មួយ​ដែល​អាច​មាន​ហានិភ័យ​ឆ្លង​ខ្ពស់​៖

«បើ​និយាយ​ពី​អាជីព​គឺ​ប៉ះពាល់​ខ្លាំង​អូន​ ព្រោះ​អាជីព​អ្នក​ចម្រៀង​ អ្នក​សិល្បៈ​ គឺ​អាជីព​ដំបូង​មាន​​ការ​បិទ​អត់​ឱ្យ​ច្រៀង​ អត់​ឱ្យ​មាន​ការ​ប្រគំ​តន្ត្រី​ ​និយាយ​រួម​ទៅ​កន្លែង​ណា​ដែល​មាន​មនុស្ស​ច្រើនៗ​ មាន​ការ​ជួបជុំ​គ្នា​គឺ ​មាន​ការ​បិទ​ទាំង​អស់ ​​​តាម​ក្លិប ​បារ​ ​ភោជនីយដ្ឋាន​ ​ខនសឺត បិទ​ទាំង​អស់​ ដូច្នេះ​ពួកបង​មាន​ការ​លំបាក​មែន​ទែន​មួយ​ឆ្នាំ​ហើយ​ដោយ​សារ​តែ​កូវីដ​ធ្វើ​ឱ្យ​អត់មាន​ការ​ងារ​​»។

ជា​ចុង​ក្រោយ​ផង​ដែរ​នោះ​តារា​ចម្រៀង​សំឡេង​មាន​ទឹក​ដម​ស្នេហ៍​រូប​នេះ​ ក៏​បាន​ផ្ញើ​សារ​ជា​សំឡេង​បង្ហាញ​ពី​ក្ដី​នឹក​រលឹក​ ក៏​ដូច​ជា​ផ្ដាំ​ផ្ញើ​ឱ្យ​បងប្អូន​កម្ពុជា ​ថែ​ទាំ​សុខ​ភាព​រក្សា​អនាម័យ និង​ លាង​ដៃ​ឱ្យ​បាន​ញឹកញាប់​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។

«សូម​ជំរាប​សួរ​ម៉ែ​ឪ​បងប្អូន​ទាំង​អស់​គ្នា​ចាស​!​ ខ្ញុំ​ ចេន ​សាយ​ចៃ ​​អ្នក​ចម្រៀង​ពី​ខាង​ខេត្ត​សុរិន​ នាង​ខ្ញុំ​ផ្ញើ​សារ​សំឡេង​មក​ដល់​ម៉ែ​ឪ​បងប្អូន​ខ្មែរ​ទាំងអស់​គ្នា​ បងប្អូន​ដែល​នៅ​ក្នុង​ប្រទេស​និង​បងប្អូន​ដែល​នៅ​ក្រៅ​ប្រទេស​​​។ ជំងឺ​កូវីដ​-១៩ ធ្វើ​ឱ្យ​នាង​ខ្ញុំ​ ចេន សាយចៃ ឃ្លាត​ឆ្ងាយ​ពី​បងប្អូន​ខ្មែរ មួយ​ឆ្នាំ​ជាង​ហើយ​តាំង​ពី​ខែ​៣​ឆ្នាំ​២០២០​មក​នាង​ខ្ញុំ​នៅ​ខាង​សុរិន​រហូត​ ​អត់​បាន​មក​ជួប​ជុំ​បង​ប្អូន​ដោយ​សារ​តែ​មាន​ការ​បិទ​ព្រំដែន​​​ទាំង​សង​ខាង​។ នាង​ខ្ញុំ​សូម​ផ្ញើ​ក្ដី​នឹក​រលឹក​និង​ក្ដី​ស្រលាញ់​មក​ដល់​​បងប្អូន​ទាំង​អស់​គ្នា​ សង្ឃឹម​ថា​ពេល​កូវីដ​-១៩​ បាត់បង់​​​ឃ្លាត​ឆ្ងាយ​នឹង​មាន​ឱកាស​បាន​វិល​មក​ជួបជុំ​បង​ប្អូន​ទៀត​។ ជាពិសេស​នាង​ខ្ញុំ​សូម​ផ្ដាំ​ឱ្យ​បង​ប្អូន​ថែ​រក្សា​សុខភាព​និង​អនាម័យ ពេល​ទៅ​ណា​ ពាក់​ម៉ាស់​​ លាង​ដៃ​​នឹង​សាប៊ូ​ បាញ់​អាកុល​ដើម្បី​ការពារ​ពី​កូវីដ​-១៩។ សូម​ឱ្យ​​បងប្អូន​មាន​សុខ​ភាព​ល្អ​នឹង​បាន​​វិល​ជួប​គ្នា​ឆាប់​ៗ​ អរគុណ​ច្រើន​​​​»។

Share.