បុរស​ម្នាក់​ដែល​ជា​ម្ចាស់​សាច់​រឿង​ពិត​ភាពយន្ត​ល្បី​ «Miracle In Cell No.7» ឬ​ បកប្រែ​មិន​ផ្លូវ​ការ​ «អព្ភូតហេតុ​គុក​លេខ​៧»​ បាន​ប្រាប់​ពី​វិធី​សាស្ត្រ​ធ្វើ​ទណ្ឌកម្ម​ដ៏​អាក្រក់​រហូត​ធ្វើ​ឱ្យ​លោក​សុខ​ចិត្ត​ទទួល​ទោស​និង​ជាប់​ពន្ធនាគារ​ទាំង​មិន​បាន​ប្រព្រឹត្ត​ខុស​។

នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ទើប​តែ​ចាក់​បញ្ចាំង​ថ្មី​ៗ​នេះ​នៅ​ទូរទស្សន៍​ SBS ​«The Story of the Day» បាន​បរិយាយ​ពី​រឿងរ៉ាវ​ដ៏​សែន​រន្ធត់​​និង​ក្ដុកក្ដួល​ចិត្ត​បំផុត​មួយ​របស់​បុរស​ម្នាក់​ដែល​ជា​ម្ចាស់​សាច់​រឿង​ពិត​ភាពយន្ត​ខ្នាត​ធំ​ដ៏​ល្បី​ល្បាញ​របស់​កូរ៉េ​ខាង​ត្បូង​ «Miracle In Cell No. 7»។​

លោក Jeong Won Seop ម្ចាស់សាច់រឿង «Miracle in Cell No.7»

លោក Jeong Won Seop ដែល​កាល​នោះ​មាន​អាយុ​៣៨​ឆ្នាំ​ ត្រូវ​បាន​ចាប់​ខ្លួន​និង​ជាប់​ឃុំ​ក្នុង​គុក​រហូត​១៥​ឆ្នាំ​ ចំពោះ​បទ​ចោទ​ប្រកាន់​មនុស្ស​ឃាត​ទាំង​ដែល​លោក​មិន​បាន​ប្រព្រឹត្ត​។​ លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ខុស​ពី​បទ​ចាប់​រំលោភ​និង​សម្លាប់​ក្មេង​ស្រី​អាយុ ​៩​ឆ្នាំ​ម្នាក់​កាល​ពី​ឆ្នាំ ​១៩៧២​។​ ព្រោះ​តែ​លោក​មិន​ព្រម​សារ​ភាព​លោក​បាន​ទទួល​រង​ទណ្ឌកម្ម​ដ៏​សាហាវ​យង់ឃ្នង​ ដើម្បី​ឱ្យ​លោក​ឆ្លើយ​សារភាព​ទទួល​កំហុស​ដោយ​សារ​តែ​គ្រួសារ​ជនរងគ្រោះ​មាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុង​សង្គម។​

សូមចុច​ត្រង់នេះ៖ «For Those who wish me dead» ​ភាពយន្ត​ខ្នាត​ធំ​បែប​ភ័យ​រន្ធត់​រំជួល​ព្រលឹង​ស្នាដៃ​ថ្មី​របស់​​ Angelina Jolie

ក្មេង​ស្រី​អាយុ​៩​ឆ្នាំ​​ដែល​ជា​ជនរងគ្រោះ​នោះ​គឺ​ជា​កូន​ស្រី​របស់​មន្ត្រី​នគរបាល​ដែល​មាន​ឋានន្តរស័ក្តិ​ធំ​ ដូច្នេះ​សម្ពាធ​ដែល​ត្រូវ​តែ​ចាប់​ជនល្មើស​ឱ្យ​បាន​បាន​ក្លាយ​ជា​អាទិភាព​ដែល​នាយកដ្ឋាន​នគរបាល​ត្រូវ​តែ​សម្រេច​ឱ្យ​បាន​​មុន​គេ​។

Poster ភាពយន្តខ្នាតធំកូរ៉េ «Miracle in Cell No.7»

នៅ​ក្នុង​កម្មវិធី​នោះ​បាន​ប្រាប់​ឱ្យ​ដឹង​វិធី​សាស្ត្រ​ដែល​ធ្វើ​ទណ្ឌកម្ម​ដែល​ប្រើប្រាស់​លើ​លោក​ Jeong Won Seop រហូត​បុរស​រូប​នេះ​សុខ​ចិត្ត​ទទួល​ទោស​​ទាំង​ដែល​ខ្លួន​ជា​មនុស្ស​ស្អាតស្អំ​។ លោក​ត្រូវ​បាន​គេ​ធ្វើ​ទណ្ឌកម្ម​ដោយ​ចាប់​ជ្រមុជ​ទឹក​ដែល​ជា​វិធី​មួយ​ប្រើ​ប្រាស់​ដោយ​មន្ត្រី​នគរបាល​។​ កម្មវិធី​ក៏​បាន​ពន្យល់​យ៉ាង​លម្អិត​ទៀត​ថា​វិធី​សាស្ត្រ​សួរ​ចម្លើយ​ចាប់​ជ្រមុជ​ទឹក​នេះ​គឺ​ យក​ក្រណាត់​មក​រុំ​មុខ​​រួច​ហើយ​ចាប់​ក្បាល​ដែល​រុំ​ដោយ​ក្រណាត់​នោះ​ចូល​ទៅ​ក្នុង​ទឹក​ ដោយ​ចង​ព្យួរ​ជើង​ឡើង​លើ​ក្បាល​ចុះ​ក្រោម​។ កម្មវិធី​ក៏​បាន​ឱ្យ​ដឹង​បន្ថែម​ទៀត​ដែរ​ថា​ទឹក​ដែល​ប្រើ​ប្រាស់​ជ្រមុជ​នោះ​មិនមែន​ជា​ទឹក​ធម្មតា​នោះ​ទេ ​តែ​ជា​ទឹក​ត្រាំ​ដោយ​ម្ទេស​បុក​ ដែល​ធ្វើ​ឱ្យអ្នក​ទទួល​​ទណ្ឌកម្ម​នេះ​កាន់​តែ​វេទនា​និង​ក្ដៅ​ក្រហល់ក្រហាយ​។​

ក្រោយ​មិន​អាច​ទ្រាំ​នឹង​ទណ្ឌកម្ម​ដែល​មិន​ដឹង​ថា​នឹង​ចប់​នៅ​ពេល​ណា​ទីបំផុត​ Jeong Won Seop សុខ​ចិត្ត​សារភាព​​ទោស​កំហុស​ហើយ​ចាប់​ផ្ដើម​ទទួល​ទោស​​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​។​ ក្រោយ​ជាប់​គុក​ ១៥​ឆ្នាំ​ លោក​ត្រូវ​បាន​ដោះ​លែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ ហើយ​៣៦​ឆ្នាំ ​ក្រោយ​ទើប​ត្រូវ​បាន​រួច​ខ្លួន​ពី​បទ​ចោទ​ប្រកាន់​នេះ​ទាំង​ស្រុង​។

«Miracle In Cell No.7» គឺ​ជា​ភាពយន្ត​ខ្នាតធំ​កូរ៉េ​ដ៏ល្បីល្បាញ​កាល​ពី​ឆ្នាំ​ ២០១៣ រឿង​នេះ​ត្រូវ​បាន ​ប្រទេស​ហ្វីលីពីន​ និង ប្រទេស​តួគី​ទិញ​សិទ្ធិ​បញ្ញា​ ទៅថតតាម​លំនាំ​សាច់​រឿងដើម​ទៀត​ផង​៕

Share.