ពីរនាក់ប្តី-ប្រពន្ធបើកឡានក្រឡាប់ជាច្រើនត្រឡប់ សំណាងល្អគ្រាន់តែរងរបួសស្រាល រលាត់ដៃជើង។

ក្នុងហេតុការណ៍នោះគេបានឃើញរថយន្តកៀរខឿនថ្មផ្លោងជាង១០០ម៉ែត្រ ក្រឡាប់ជាច្រើន ត្រឡប់ ខ្ទេចរថយន្តស្ទើរទាំងស្រុង កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២១ នៅជាប់ការដ្ឋានស្ពានអាកាសចោមចៅ កែងច្រកចូលផ្សារចោមចៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

រថយន្តជួបហេតុការណ៍ខាងលើ ម៉ាកព្រុស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-8945 ម្ចាស់២នាក់ប្តីប្រពន្ធ មានទីលំនៅ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រងរបួសស្រាល ។

ប្រភពពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តបើកតាម បណ្តោយ ផ្លូវជាតិលេខ៣ ពីត្បូងទៅជើងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ជ្រុលកៀរខឿន ថ្មរបស់ការដ្ឋានស្ពាន ផ្លោងជាង១០០ម៉ែត្រ ទើបក្រឡាប់ជាច្រើនត្រឡប់ រងរបួស២នាក់ប្តី ប្រពន្ធ រថយន្តខ្ទេចស្ទើរទាំងស្រុង ។

បុរសជាអ្នកបើករថយន្តបានឲ្យដឹងថា រថយន្តជារបស់ឪពុកខាងប្រពន្ធជាអ្នកទិញឲ្យ ហើយមុនកើតហេតុពួកគេទាំង២នាក់ទើបវិលត្រឡប់មកពីដើរលេងនៅឯខេត្តកំពត ផឹកអស់៣កំប៉ុង ស្រវឹងស្រឿងៗ បើករថយន្តវិលទៅផ្ទះទើបដល់ចំណុចកើតហេតុ ស្រវឹងព្រិលភ្នែកពេក ក៏ជួបរឿងបែបនេះ ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ឃើញថាមិនប៉ះពាល់ខូចខាត ទ្រព្យសម្បត្តិអ្នកដទៃ ឬបង្កគ្រោះថ្នាក់ដល់អ្នកផ្សេង ទើបសមត្ថកិច្ចប្រគល់ឲ្យម្ចាស់ហៅរករថយន្តស្ទូច លើកយក រថយន្តទៅជួសជុលខ្លួនឯងនៅយានដ្ឋានជ្រោយចង្វារ៕

អត្ថបទ៖សុខលី

Share.