
សមាគមកីឡាជាតិបាល់ទះ Larong Volleyball sa Pilipinas (LVPI) របស់ហ្វីលីពីន បានដាក់ពាក្យស្នើសុំជាថ្មីតាមរយៈសហព័ន្ធកីឡាបាល់ទះហ្វីលីពីន Philippine National Volleyball Federation (PNVF) ដើម្បីស្នើសុំប្រាក់ចំនួន៨ម៉ឺនដុល្លារមេរិក ពីសហព័ន្ធកីឡាបាល់ទះអន្តរជាតិ Fédération Internationale de Volleyball (FIVB) ដែលពាក់ព័ន្ធក្នុងសកម្មភាពកាលពី៥ឆ្នាំមុន។

លោក Peter Cayco ប្រធាន LVPI បានចេញផ្ញើលិខិតបូកទាំងអំណះអំណាងមួយចំនួនជូនលោក Ary Graça ប្រធាន FIVB នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ ថ្មីៗនេះថា៖«កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ កន្លងទៅយើងបានស្នើសុំប្រាក់៨ម៉ឺនដុល្លារ និងការចំណាយផ្សេងៗ របស់ LIVB ត្រឡប់មកវិញក្នុងសកម្មភាពដែល FIVB និងសហព័ន្ធកីឡាបាល់ទះអាស៊ី (AVC) ទាមទារដាក់ជាថ្នូរនឹងទទួលស្គាល់ជាសមាជិកពេញសិទ្ធិពេញលេង របស់ PNVF នៅឆាកអន្តរជាតិ។ មកទល់នឹងពេលនេះមិនមានចម្លើយណាមួយត្រឡប់មកវិញ»។
លិខិតបានបញ្ជាក់ថា៖«LVPI បានគោរពនិងអនុវត្តន៍ កាតព្វកិច្ចរបស់ខ្លួនឱ្យស្របតាមកិច្ចសន្យា ឱ្យបានត្រឹមត្រូវ ដើម្បីកែតម្រូវនូវភាពអយុត្តិធម៌ដល់យើង។ ប៉ុន្តែការមិនសងប្រាក់ត្រឡប់មកវិញរបស់ FIVB វាហាក់ដូចជាអយុត្តិធម៌បន្ថែមទៀតដល់យើងក្នុងការលើកស្ទួយនិងអភិវឌ្ឍន៍បាល់ទាត់នៅក្នុងប្រទេសក៏ដូចជាសកម្មភាពនានាត្រៀមចូលរួមប្រកួតក្នុងកម្រិត AVC និង FIVB ជាដើម»។

«ប្រសិនបើ FIVB បន្តមិនឆ្លើយតបពីបញ្ហានេះយើងនឹងស្វែងរកកិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធនានាដើម្បីធានាហិរញ្ញវត្ថុយើងត្រឡប់មកវិញ ព្រោះយើងមានចំណាយជាច្រើននាពេលបច្ចុប្បន្នដើម្បីឱ្យឱ្យត្រូវតាមស្ដង់ដាររបស់ FIVB។ យើងសង្ឃឹមថានឹងទទួលបានចម្លើយពីអ្នកក្នុងពេលឆាប់ៗ»។

សហព័ន្ធកីឡាបាល់ទះហ្វីលីពីន ត្រូវបានទទួលស្គាល់ដោយគណៈកម្មាធិការជាតិអូឡាំពិកប្រទេសខ្លួននៅឆ្នាំ២០១៤ ហើយនៅឆ្នាំ២០១៥ ទទួលស្គាល់ជាអន្តរជាតិពី AVC និង FIVB។ កន្លងមកនេះហ្វីលីពីន ធ្លាប់រៀបចបាល់ទះបុរសរហូតដល់២កម្រិត និងបាល់ទះនារី ផងដែរ។ ពេលនេះហ្វីលីពីន កំពុងតែប្រមូលផ្ដុំក្រុមជម្រើសជាតិបាល់ទះក្នុងសាលបុរសនារី បាល់ទះឆ្នេរខ្សាច់បុរសនារី ដើម្បីត្រៀមទៅប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ នៅហាណូយ ផងដែរ៕
