ក្រោយ​តស៊ូ​អត់ធ្មត់​ជំនះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​៩​ឆ្នាំ​ អតីត​តារា​ចម្រៀង​ហុង​កុង​ Sarena Li បាន​ស្លា.ប់​ហើយ​កាល​ពី​ថ្ងៃ​ទី ​៤​ ខែ​ឧសភា​ ក្នុង​វ័យ​ត្រឹម ​៣១​ឆ្នាំ​ប៉ុណ្ណោះ​។​​ ដំណឹង​នេះ​ត្រូវ​បាន​ប្រកាស​លើ​ផេក​ Facebook របស់​ស្រី​រូប​នេះ​តាម​រយៈ​មិត្ត​ភក្ដិ​របស់​នាង​គឺ​តារា​សម្ដែង​ Steven Ma។

Steven Ma និង Sarena Li

«ធ្វើ​តាម​បំណង​ប្រាថ្នា​ចុងក្រោយ​របស់​ Sarena Li ខ្ញុំ​ Steven Ma ជំនួស​មុខ​ឱ្យ​ក្រុម​គ្រួសារ​របស់​នាង​សូម​ប្រកាស​ថា​ពេល​នេះ​ Sarena បាន​ទទួល​អនិច្ចកម្ម​ហើយ​កាល​ពី​ថ្ងៃ​នា​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច​។ ពួក​យើង​សូម​អរគុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​ ការ​គាំទ្រ​និង​ការ​ស្រលាញ់​ដែល​អ្នក​ទាំង​អស់​គ្នា​មាន​សម្រាប់​ Serena រហូត​មក​​»។

តារា​ចម្រៀង​ជើង​ចាស់​ Vivian Chow គឺ​ជា​តារា​មួយ​ក្នុង​ចំណោម​តារា​មួយ​ចំនួន​តូច​​ដែល​បាន​សរសេរ​សារ​នៅ​ខាង​ក្រោម​សំណេរ​របស់​ Steven Ma ។ «Sarena សំរាក​ឱ្យ​ស្រួល​ក្នុង​ដៃ​របស់​ព្រះ​ជា​ម្ចាស់​ចុះ​»

នៅ​ឆ្នាំ​២០២០​ Serena បាន​ប្រឡូក​ក្នុង​សិល្បៈ​ក្នុង​នាម​ជា​ក្រុម​តារា​ចម្រៀង​ប៉ុប​ដែល​មាន​សមាជិក​៣​នាក់​ ប៉ុន្តែ​អាជីព​របស់​នាង​ត្រូវ​បាន​ជាប់​គាំង​ក្រោយ​ពេល​នាង​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​មហារីក​នៅ​ក្រោយ​ពី​ឆ្នាំ​ដែល​នាង​ប្រឡូក​ចូល​សិល្បៈ​ក្នុង​អាយុ​ត្រឹម​តែ​២២​ឆ្នាំ​ប៉ុណ្ណោះ​។​

កាល​ពីថ្ងៃ​ទី​ ១៤ ​ខែ​សីហា​ ឆ្នាំ​២០២០ ​នាង​ធ្លាប់​បាន​សរសេរ​សំណេរ​ផុស​លើ​ហ្វេសប៊ុក​របស់​ខ្លួន​ថា​នាង​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ដែល​នាង​ពិបាក​នឹង​ពិពណ៌នា​ដោយ​នាង​បាន​និយាយ​ថា​៖ ​«៨​ឆ្នាំ​ហើយ​ ខ្ញុំ​ហត់​ទាំង​កាយ​និង​ចិត្ត​។ តើ​ខ្ញុំ​អាច​ទ្រាំ​ទ្រ​បាន​យូរ​ប៉ុណ្ណា​ទៀត​?​»​

Sarena Li ៖ ភ្នែកម្ខាង​មើលលែងឃើញ ត្របកភ្នែកម្ខាង​កំរើក​លែងកើត

អាការ៖​របស់​នាង​កាន់​តែ​អាក្រក់​ចាប់​តាំង​បី​ថ្ងៃ​ទី​៦ ខែ​មេសា ​កន្លង​មក​ នេះ​បើ​យោង​តាម​ការ​បង្ហោះ​លើ​ IG របស់​នាង​ផ្ទាល់​៖ «ឈឺ​ណាស់​… ខ្ញុំ​ត្រូវ​គេង​នៅ​លើ​គ្រែ​ដើម្បី​ឱ្យ​រាង​កាយ​បាន​សំរាក​។ ខ្ញុំ​មិនដឹង​ថា​ខ្ញុំ​អាច​ទ្រាំ​បាន​យូរ​ប៉ុណ្ណា​ទេ​។ នៅ​ពេល​ដែល​ខ្ញុំ​នៅ​មាន​សល់​កម្លាំង​ខ្លះ​ ខ្ញុំ​ពិត​ជា​ចង់​អរគុណ​ចំពោះ​អ្នក​គ្រប់​គ្នា​ម្ដង​ទៀត​ដែល​តែងតែ​លើក​ទឹក​ចិត្ត​ខ្ញុំ​និង​គាំទ្រ​ខ្ញុំ​ឱ្យ​ឆ្លង​មក​ដល់​ដំណាក់​កាល​នេះ​»។​ «ខ្ញុំ​មិនមាន​អ្វី​ត្រូវ​ស្ដាយ​ទេ​ ព្រោះ​ខ្ញុំ​បាន​សម្រេច​កិច្ចការ​ជា​ច្រើន​ដែល​ខ្ញុំ​ចង់​ធ្វើ​។ មែនហើយ​ជីវិត​ខ្ញុំ​អាច​នឹង​លំបាក​ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ស្គាល់​ពី​អត្ថន័យ​នៃ​ជីវិត​ តើ​ជីវិត​មា​ន​តម្លៃ​និង​ប្រពៃ​ប៉ុណ្ណោះ​។​ ខ្ញុំ​ពិត​ជា​អរគុណ​ណាស់​។ សូម​ឱ្យ​អ្នក​ទាំងអស់​គ្នា​រីករាយ​ជា​រៀង​រហូត​។​»​

រំលឹក​ឡើង​វិញ​កាល​ពី​ខែ​សីហា​ឆ្នាំ​មុន​ សារព័ត៌មាន​ AsiaOne ធ្លាប់​បាន​ផ្សាយ​ដែរ​ថា​អាការៈ​ធ្វើ​ទុក្ខ​នៃ​ជំងឺ​មហារីក​បាន​ធ្វើ​ឱ្យ​មុខ​នាង​ឡើង​វៀច​ ហើយ​មិន​អាច​កំរើក​ត្របក​ភ្នែក​បាន​ធ្វើ​ឱ្យ​បាត់​ភ្នែក​ស្ដាំ​ម្ខាង​លែង​អាច​មើល​អ្វី​ឃើញ​។​​​ នៅ​ថ្ងៃ​ទី​២០​ ខែ​មេសា​ ឆ្នាំ​២០២១​នេះ​ នាង​បាន​សរសេរ​លើ​ហ្វេស​ប៊ុក​ម្ដង​ទៀត​ថា​ពេលនេះ​អារម្មណ៍​របស់​នាង​ច្របូកច្របល់​ ​ព្រោះ​អាការៈ​ជំងឺ​នាង​កាន់​តែ​ធ្ងន់ធ្ងរ​នាង​ត្រូវ​ចូល​ទៅ​សំរាក​ក្នុង​មន្ទីរពេទ្យ​។

​«ខ្ញុំ​ជឿ​ថា​ឋានសួគ៌​មាន​ផែនការ​រួច​ស្រេច​សម្រាប់​ឱ្យ​ខ្ញុំ​ហើយ​»។ នេះ​ជា​ពាក្យ​ចុង​ក្រោយ​ដែល​​ Sarena ​​Li សរសេរ​បង្ហោះ​លើ​បណ្ដាញ​សង្គម​។

Share.